ក្លឹបសារិកាព្រៃ Newcastle United ត្រូវបានគេជឿជាក់ថា នាទីផ្សារដោះដូរខាងមុខ នឹងមានសកម្មភាពខ្លាំង បន្ទាប់ពីត្រូវបានម្ចាស់ថ្មីចូលមកកាន់កាប់ និងជាសេដ្ឋីលុយពាន់លានផងនោះ។ ដ្បិតបើនៅលីគ Premier League មានការអនុម័តច្បាប់ FFP តែក៏គេនៅតែជឿថា នៅពីក្រោយនោះក្លឹបប្រាកដជាអាចមានរបៀបចាយវាយខុសពីពេលមុន ដែលដឹកនាំដោយម្ចាស់ចាស់លោក Mike Ashley។
បើតាមសារព័ត៌មាន Daily Telegraph បានចុះផ្សាយថា ក្នុងចំណោមកីឡាករគោលដៅជាច្រើន ដែលក្លឹប Newcastle ចាប់អារម្មណ៍នៅពេលខាងមុខ គឺមានកីឡាករមួយគូរបស់ Man Utd នោះគឺខ្សែបម្រើ Jesse Lingard និងខ្សែការពារ Eric Bailly។
តាមពិតទៅបើយើងមើលខ្ទង់ចំណាយលើអ្នកទាំងពីរ ក៏មិនជាច្រើនប៉ុន្មាននោះដែរ ជាក់ស្តែងដូច Lingard ដែលសល់កុងត្រាដល់ចុងខែមិថុនា ឆ្នាំ ២០២២ ប្រសិនក្លឹបចរចាទិញយកនៅរដូវរងា អាចមានតម្លៃខ្ទង់ចន្លោះពី ១០ ទៅ ២០ លានផោន ខណៈដែល Bailly សល់កុងត្រាដល់ឆ្នាំ ២០២៤ តែតម្លៃរបស់គេគឺអាចទាបជាង ១០ លានផោន។
គួរបញ្ជាក់ថា Newcastle មានសិទ្ធអាចចាយដល់ជាង ២០០ លានផោន នៅចន្លោះពេល ៣ ឆ្នាំទៅមុខ នេះបើយើងមិនទាន់រាប់ផលចំណេញនារដូវកាលបន្តបន្ទាប់ ពោលរាប់តែលុយដែលសល់ពីផលចំណេញកាលពីប៉ុន្មានឆ្នាំមុន ហើយក្លឹបពុំបានសូវចាយវាយ។ ក្រៅពីអ្នកទាំងពីរខាងលើ ក៏លឺថាសារិកាព្រៃចាប់ចិត្តលើខ្សែប្រយុទ្ធ Philippe Coutinho និង Mauro Icardi ផងដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក