អ្នកគាំទ្រនៅរយៈពេលចុងក្រោយ ហាក់មានការភ័ន្តច្រឡំជុំវិញទ្រព្យសម្បត្តិរួមរបស់សម្ព័ន្ធនៃក្រុមហ៊ុន Saudi Public Investment Fund និងព្រះអង្គម្ចាស់ Bin Salman ដែលបានចូលមកកាន់កាប់ក្លឹបបាល់ទាត់ Newcastle United។
ក្រុមហ៊ុនរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតបានចាយលុយ ៣០០ លានផោន ទិញយកក្លឹប Newcastle ពីម្ចាស់ចាស់លោក Mike Ashley ក្រោយបានដឹកនាំអស់រយៈពេល ១៤ ឆ្នាំ។ តែយ៉ាងណាសម្រាប់បុគ្គលលោក Bin Salman ផ្ទាល់ មិនមែនជាអ្នកកាន់កាប់ភាគហ៊ុនដែលបានទិញទាំងមូលនោះទេ ផ្ទុយទៅវិញលោកគ្រាន់តែជាអ្នកតំណាងនៃសម្ព័ន្ធ PIF ប៉ុណ្ណោះ។
សម្ព័ន្ធ PIF មានទ្រព្យជារួម ៣២០ ពាន់លានផោន គឺជាការពិត ប៉ុន្តែសម្រាប់បុគ្គលផ្ទាល់ ព្រះអង្គម្ចាស់ Bin Salman គឺមានទ្រព្យសម្បត្តិតែ ១៣ ពាន់លានផោនប៉ុណ្ណោះ។ ដូច្នេះបើធៀបនឹងសេដ្ឋីអារ៉ាប់លោក Sheikh Mansour ដែលជាម្ចាស់ក្លឹប Man City គឺលោកមាន ១៧ លានផោនច្រើនជាង Bin Salman តែបើធៀបនឹងទ្រព្យរបស់សម្ព័ន្ធ PIF គឺខុសគ្នាដាច់ផឹង។
គួររំឭកថា Bin Salman ជាសមាជិកនៃសែរាជវង្សអារ៉ាប៊ីសាអ៊ូឌីត ដែលមានទ្រព្យសម្បត្តិរួម ១,៣ ទ្រីលានផោន។ ធៀបនឹងគ្រួសាររបស់ម្ចាស់ក្លឹប Man City គឺគ្រួសាររាជវង្ស Abu Dhabi មានទ្រព្យសម្បត្តិរួម ៥០០ ពាន់លានផោន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក