ស្ថាប័ន France Football បានប្រកាសនៅព្រឹកនេះ ជុំវិញការបេក្ខភាព ៣០ រូបចុងក្រោយនៃពានរង្វាន់ Ballon d'Or ដែលមានតាំងពីតារាឆ្នើម Cristiano Ronaldo, Lionel Messi, Kylian Mbappe, Neymar, Robert Lewandowski និង Jorginho ជាដើម។
យ៉ាងណាក្រោយចេញឈ្មោះបេក្ខភាពទាំង ៣០ រូប ងាកមកមើលខ្សែប្រយុទ្ធក្លឹប PSG គឺកីឡាករ Leo Messi ក៏បានបង្ហាញការចាប់អារម្មណ៍ទៅលើឈ្មោះបេក្ខភាព ៤ រូប ដែលខ្លួនយល់ថា នឹងអាចសង្ឃឹមខ្ពស់ ឈ្នះពានឯកត្តជនប្រចាំឆ្នាំ ២០២១ នេះ។
Messi និយាយប្រាប់ France Football បែបនេះថា៖ "ក្នុងក្រុមរបស់ខ្ញុំ គឺមាន ២ រូប ដែលខ្ញុំមិនពិបាកសម្រេចចិត្តនោះទេក្នុងការបោះឆ្នោតឲ្យពួកគេ គឺមាន Neymar និង Kylian Mbappe ហើយអ្នកបន្ទាប់គឺ Lewandowski ដែលមានពេលវេលាយ៉ាងល្អនៅឆ្នាំនេះ រួចក៏មាន Benzema ដែលគេធ្វើបានយ៉ាងល្អផងដែរ"។
គួរបញ្ជាក់ថា ពានរង្វាន់ Ballon d'Or អ្នកឈ្នះចុងក្រោយបង្អស់គឺនៅឆ្នាំ ២០១៩ ដែលជាពានលើកទី ៦ សម្រាប់ Lionel Messi នាំមុខលើអ្នកលេខ ២/៣ គឺ Virgil van Dijk និង Cristiano Ronaldo។ មកមើលនៅឆ្នាំ ២០២១ នេះវិញ សម្រាប់ Ronaldo និង Messi ហាក់ធ្វើមិនសូវបានល្អឡើយ ដែលគេជឿថា ការស្ថិតក្នុងលំដាប់ Top 3 គឺអាចជាពិបាក តែយ៉ាងណាវាស៊ីសងលើសំឡេងភាគច្រើននៃស្ថាប័នអ្នកកាសែតដែលបានបោះឆ្នោតឲ្យ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក