ក្លឹបសារិកាព្រៃ Newcastle United ត្រូវបានគេរាយការណ៍ថា កំពុងចាប់អារម្មណ៍លើអតីតខ្សែបម្រើនៅ Liverpool ដោយចង់បានគេមកចូលរួម នាពេលខាងមុខ ឆ្លើយតបទៅនឹងការទើបតែមកដល់របស់ម្ចាស់ក្លឹបថ្មី ដែលជាសម្ព័ន្ធយក្សនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
បើតាមសារព័ត៌មាន Sport.es ចុះផ្សាយថា ក្លឹប Newcastle ចង់ចាយទុនធំ ថ្ពក់យក Philippe Coutinho មកកាន់ក្របខ័ណ្ឌ Premier League សារជាថ្មី បន្ទាប់ពីចាយពេលផ្ទេរទៅក្លឹប Barcelona អស់រយៈពេលប៉ុន្មានឆ្នាំនិងមិនអាចបង្ហាញផ្លែផ្កាជោគជ័យទាល់តែសោះ នៅទីនោះ។
ប្រភពសង្កត់ធ្ងន់ Newcastle នឹងចាយតាមលទ្ធភាពដែលអាចធ្វើទៅបាន ដ្បិតអីតាមច្បាប់ FFP សម្រាប់ក្លឹបសារិកាព្រៃនឹងមិនអាចចំណាយលើសពី ២០០ លានផោនឡើយ ក្នុងរយៈពេល ៣ ឆ្នាំទៅមុខ។
បញ្ជាក់ថា តាមហាងឆេងថ្លៃខ្លួន Coutinho អាចជាថ្លៃតែ ៣០ លានអឺរ៉ូប៉ុណ្ណោះ ដែលវាធ្លាក់ចុះខ្លាំងធៀបនឹងតម្លៃដើមកាល Barcelona ទិញយកពីហង្សនៅតម្លៃ ១៣៥ លានអឺរ៉ូ។ ក្រៅពី Newcastle ក៏មានក្លឹបអង់គ្លេសផ្សេងទៀតដូចជា Arsenal និង Tottenham Hotspur ចាប់អារម្មណ៍លើ Playmaker សញ្ជាតិប្រេស៊ីលរូបនេះផងដែរ៕
ប្រភព៖ Sport.es