ខ្សែបម្រើ Martin Odegaard ទីបំផុតបានសម្រេចចិត្តផ្ទេរនៅកិច្ចព្រមព្រៀងពេញលេញមកកាន់ក្លឹបថ្មី Arsenal ហើយសម្រេចបោះចោលអាជីពជាមួយក្លឹបយក្ស Real Madrid។ ការផ្ទេរមកសារនេះ Odegaard ហាក់បង្ហាញទម្រង់លេងល្អគួរសម ដោយ ៥ ប្រកួត រកបាន ១ គ្រាប់ហើយ នាមជាកីឡាករសកម្មរបស់លោក Mikel Arteta។
ប្រាប់ពីពេលកន្លងទៅនេះ កីឡាករន័វេសបានជីកកកាយអំពីបទពិសោធន៍កាលនៅក្លឹប Real Madrid និង Arsenal ថាខុសគ្នា ត្រង់ការបង្កើតទំនាក់ទំនងជាមួយមិត្តរួមក្រុមក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ គឺមើលឃើញថានៅក្លឹបអង់គ្លេសងាយស្រួលជាង ខុសពីកាលនៅក្លឹបអេស្ប៉ាញ។
Odegaard និយាយ៖ "វាមានពេលវេលាលំបាកទាំងជាមួយកីឡាករឈុតធំ និងនៅថ្នាល Castilla តែយ៉ាងណាខ្ញុំអរគុណ Madrid និងការដែលខ្ញុំបានរៀនសូត្រពីកីឡាករដូចជា Ramos និង Cristiano ជាធម្មតាពេលយើងនៅកម្រិតដ៏ខ្ពស់ វាមិនមែនជារឿងងាយទេក្នុងការបង្កើតមិត្តភក្តិ"។
លោកបន្ថែមថា៖ "ខ្ញុំនៅទីនោះ វាហាក់ជាមិនងាយស្រួលទេក្នុងការសម្របខ្លួនទៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ ជាមួយមិត្តភក្តិថ្មី ដែលមានវប្បធម៌ផ្សេងពីគ្នា តែយ៉ាងណាខ្ញុំរីករាយនូវអ្វីដែលបានឆ្លងកាត់ ហើយចំណុចខុសគ្នាដ៏ធំជាមួយ Arsenal គឺដូចជាពេលនេះ ខ្ញុំរីករាយខ្លាំងណាស់ ព្រោះខ្ញុំទទួលបានអារម្មណ៍ដ៏ល្អនៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់"៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក