អនាគតរបស់ Paul Pogba អាចនឹងត្រូវបានបញ្ចប់ជាមួយក្លឹប Man Utd នៅរដូវក្តៅខាងមុខ ប្រសិនពុំមានការបន្តកុងត្រាថ្មីណាមួយកើតឡើងជាផ្លូវការទេនោះ។ ភាគរយច្រើនគេជឿថា កីឡាករបារាំងអាចជាជ្រើសយកផ្លូវបែក ជាជាងការបន្តឈរជើងហួសទៅរដូវកាលក្រោយ។
បើតាមការលើកឡើងរបស់កីឡាករវ័យ ២៨ ឆ្នាំ និយាយកាលពីពេលកន្លងទៅ គេបានឲ្យតម្រុយចំៗជុំវិញការផ្ទេរទៅក្លឹប Juventus។ និយាយក្រោយចប់ការប្រកួតរវាងបារាំង-បែលហ្សិកនៅ UNL កីឡាករខាងលើថា៖ "ខ្ញុំតែងតែជជែកជាមួយមិត្តរួមក្រុមចាស់នៅ Juventus មាន Cuadrado និង Dybala តែយ៉ាងណាពេលនេះខ្ញុំជាកីឡាករ Man Utd ខ្ញុំនៅមានកុងត្រាមួយឆ្នាំទៀត អ៊ីចឹងយើងមានតែរង់ចាំមើល"។
លោកបន្ត៖ "ខ្ញុំចង់បញ្ចប់រដូវកាលដ៏ល្អមួយ បែបហ្នឹងហើយរឿងបន្ទាប់យើងនឹងបានដឹងថាបែបម៉េច"។ យ៉ាងណាពេលគេសួរនាំថា តើ Pogba មានអារម្មណ៍ល្អជាមួយទីក្រុង Turin ប្រទេសអ៊ីតាលីដែរទេ? Pogba ឆ្លើយទាំងមិនស្ទាក់ស្ទើរ៖ "ពិតណាស់គឺមាន"។
គួររំឭកថា Pogba បានចាយពេលនៅ United ៥ ឆ្នាំមកហើយ បន្ទាប់ចាកចេញពី Juventus នៅតម្លៃបំបែកកំណត់ត្រា ១២១ លានដុល្លារ កាលពីឆ្នាំ ២០១៦។ ស្ថិតិជារួម ខ្សែបម្រើខាងលើចាយពេលសរុប ២១៥ ប្រកួត រកបាន ៣៨ គ្រាប់និង Assist ៤៩ លើក៕
ប្រភព៖ Goal