ក្លឹប Newcastle United ទើបតែបានប្រកាសអំពីការចាត់តាំងម្ចាស់ក្លឹបថ្មី បន្តពីលោក Mike Ashley ហើយគេជឿថាស្ថានការណ៍ជាច្រើន នឹងត្រូវបានផ្លាស់ប្តូរជាបន្តបន្ទាប់នៅពេលខាងមុខ មិនថាតែកីឡាករនិងគ្រូបង្វឹក។
បើតាមរបាយការណ៍ចុងក្រោយពី Football.london ក៏បានឲ្យដឹងដែរថា ក្លឹប Newcastle ក៏សម្លឹងចង់ដកតំណែងគ្រូបង្វឹកបច្ចុប្បន្នលោក Steve Bruce ហើយជំនួសមកវិញ ដោយគ្រូមានបទពិសោធន៍រវាងលោក Antonio Conte ឬ Frank Lampard ដែលសុទ្ធសឹងជាអតីតក្លឹបតោខៀវ Chelsea។
ការចង់យកមកជំនួសនេះ គឺបន្ទាប់ពី Newcastle លេង ៧ ប្រកួត ស្មើ ៣ ចាញ់ ៤ មានតែ ៣ ពិន្ទុគត់និងកំពុងឈរនៅបាតតារាងលេខ ១៩ នៅ Premier League។
បញ្ជាក់ថា Steve Bruce បានមកដឹកនាំ Newcastle ចាប់តាំងពីរដូវក្តៅឆ្នាំ ២០១៩ ហើយត្រូវផុតកុងត្រានៅចុងបញ្ចប់រដូវកាលនេះ។ យ៉ាងណាប្រសិនស្ថានភាពមិនត្រូវបានពង្រឹង នោះតំណែងរបស់លោកអាចនឹងត្រូវបាត់បង់មុនពេលផុតកុងត្រាក៏ថាបាន។ ស្ថិតិជាមួយក្លឹបសារិកាព្រៃ ដឹកនាំ ៩៦ ប្រកួត ទទួលបានជ័យជម្នះត្រឹម ២៩ ស្មើ ២៥ និងចាញ់ដល់ទៅ ៤២ លើក៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក