ក្លឹបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា នៅតែសម្លឹងឃើញការពង្រឹងតំបន់ប្រយុទ្ធបន្ថែមទៀតនៅពេលខាងមុខ ពោលអាចជាទីផ្សារដោះដូររដូវរងា ឆ្នាំ ២០២២ នឹងមានការចរចានាំយកកីឡាករនៅជម្រើសជាតិអ៊ីតាលីដ៏សំខាន់មួយ។
នោះគឺខ្សែប្រយុទ្ធវ័យក្មេង Federico Chiesa ដែលគេកំពុងលេងឲ្យក្លឹប Juventus ក្រោយខ្ចីជើងចេញពីក្លឹប Fiorentina នៅតម្លៃ ១០ លានអឺរ៉ូ។ យ៉ាងណាតាមការចុះផ្សាយរបស់សារព័ត៌មាន Calciomercato បានឲ្យដឹងថា ក្លឹបតោខៀវ Chelsea នឹងបើកការចរចាជាមួយភាគីក្លឹបអាណាព្យាបាលគឺ Fiorentina ក៏ដូចជាក្លឹបបច្ចុប្បន្ន Juventus លើការនាំយកយុវជនវ័យ ២៣ ឆ្នាំ មកកាន់ទឹកដី Stamford Bridge វិញ។
Chiesa គេជោគជ័យខ្លាំងកាលលេងឲ្យអ៊ីតាលីនៅ Euro 2020 ហើយបានទាក់ភ្នែកបណ្តាក្លឹបធំៗនៅអឺរ៉ុបជាច្រើន ដោយក្រៅពី Chelsea ក៏មាន Bayern Munich និង Liverpool ផ្សេងទៀតផងដែរ។ ស្ថិតិជាមួយក្លឹបសេះបង្កង់ គេបង្ហាញខ្លួនសរុប ៤៧ ប្រកួត រកបាន ១៥ គ្រាប់និង Assist ១០ លើក។
គួរបញ្ជាក់ថា Chiesa នឹងត្រូវបន្តលេងឲ្យ Juventus ដល់បញ្ចប់រដូវកាលនេះ ហើយក្លឹបមានសិទ្ធទិញគេផ្តាច់បាន លើលក្ខខណ្ឌពិសេស។ យ៉ាងណាវាស៊ីសងលើការចរចា ប្រសិន Chelsea ព្រមទូទាត់នៅលុយមួយចំនួន ហើយចរចាថ្លៃពលកម្មត្រូវរ៉ូវជាមួយកីឡាករ នោះថាមិនត្រូវ គេអាចនឹងជ្រើសរើសការផ្ទេរមករួមជើងជាមួយមិត្តរួមក្រុម Jorginho នៅក្លឹបអង់គ្លេសវិញក៏ថាបាន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក