កាលពីប្រកួតទល់ក្លឹប West Ham United នៅពាក់កណ្តាលសប្តាហ៍ ដែលក្លឹប Man Utd បរាជ័យ ១-០ ជាការប្រកួតនៅពាន Carabao Cup ជុំទី ៣ គឺយើងសង្កេតឃើញ លោក Ole Gunnar Solskjaer ពុំបានដាក់ Cristiano Ronaldo ឲ្យចូលលេងនោះទេ។
បើតាមការនិយាយក្រោយចប់ការប្រកួត អ្នកចាត់ការសញ្ជាតិន័រវេសបង្ហើបថា CR7 បានស្នើសុំចូលលេងដែរ តែជាការសម្រេចចិត្តរបស់គ្រូ គឺចាំបាច់ត្រូវតែបែងចែកពេលវេលាសម្រាប់កីឡាករដទៃ ហើយឲ្យកីឡាករសំខាន់ដូចជា Ronaldo សម្រាក។
ប្រាប់ទៅកាន់ Sky Sports លោក Ole ថា៖ "Cristiano គេបានចូលមកប្រាប់ខ្ញុំគេចង់លេងឲ្យបានច្រើនតាមដែលអាចទៅរួច តែខ្ញុំគិតថារឿងហ្នឹងមិនអាចកើតឡើងទៅបានទេ ប្រសិនអ្នកចង់ជោគជ័យនៅទីបញ្ចប់ អ្នកត្រូវឲ្យកីឡាករក្នុងក្រុមទាំងអស់មានពេលវេលាចែកគ្នាលេង ហើយយើងក៏មិនអាចប្រឈមហានិភ័យក្នុងការផ្លាស់ប្តូរច្រើនពេកដែរ"។
ពិតមែនហើយ ជាការពិតបើមកមមាញឹកនៅប្រកួតពានរង្វាន់តូច EFL Cup អីទៀត នោះ Ronaldo ប្រាកដជាប្រឈមនឹងបញ្ហារបួស ឬអាចប៉ះពាល់ដល់ការប្រកួតសំខាន់ ដែលជាពានអាទិភាពរួមមាន UEFA Champions League និង Premier League ដែលមានកាលវិភាគបន្តកន្ទុយគ្នាឥតឈប់នៅពេលខាងមុខ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក