កាសែតអេស្ប៉ាញ Mundo Deportivo និយាយថាលោក Thierry Henry ត្រូវបានគេដាក់ឈ្មោះក្នុងបញ្ជីបេក្ខជនដែលអាចមកជំនួសលោក Ronald Koeman នៅក្លិប FC Barcelona។
FC Barca ធ្លាប់បានបង្ហើបការយកអតីតខ្សែប្រយុទ្ធរបស់ខ្លួននិងក្លិប Arsenal រូបនេះមកដឹកនាំ ក្នុងជំនាន់ប្រធានក្លិបចាស់លោក Josep Bartomeu នៅកាន់កាប់។ ពេលនោះគ្រូបង្វឹកចាស់លោក Ernesto Valverde កំពុងតែស្ថិតក្រោមសម្ពាធក្លិបបណ្ដេញចេញដែរ។
ទោះយ៉ាងណាក៏ដោយ! ផែនការបានបរាជ័យដោយសារតែ Thierry Henry មិនយល់ព្រម។ ចាប់តាំងពីពេលនោះមក Thierry Henry បានទៅដឹកនាំនៅ AS Monaco ជាកន្លែងដែលគាត់មិនទទួលបានជោគជ័យ និងបន្តទៅដឹកនាំក្លិប Montreal Impact នៅលីគកំពូលអាមេរិក MLS។ បច្ចុប្បន្នបុរសសញ្ជាតិបារាំងរូបនេះមានតួនាទីជាជំនួយការផ្ទាល់របស់លោក Roberto Martinez ជាមួយក្រុមជម្រើសជាតិបែលហ្ស៊ិក។
Thierry Henry បានលេង ១២១ ប្រកួតឱ្យក្រុម FC Barcelona ចន្លោះឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១០ ។ គាត់ស៊ុតបញ្ចូលទីបាន ៤៩ គ្រាប់៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក