អតីតកីឡាកររបស់ក្លឹប Aston Villa លោក Gabby Agbonlahor បានបង្ហាញការយល់ឃើញថា ខ្សែប្រយុទ្ធនៅក្លឹប Liverpool នឹងក្លាយជា Lionel Messi ឬ Cristiano Ronaldo ជំនាន់បន្ទាប់ ដែលអាចនៅតែលេងបានល្អ ដ្បិតហៀរចូលអាយុសាមក្រាស់ក៏ដោយ។
នោះគឺចង់និយាយអំពី Mohamed Salah ជាកីឡាករដែលស្ថិតក្នុងដំណើរការត្រៀមបន្តកុងត្រាថ្មី និងអាចក្លាយជាកីឡាករស៊ីថ្លៃដាច់គេមួយនៅ Premier League។
បើតាមការឆ្លើយតបជាមួយសារព័ត៌មាន Football Insider អ្នកវិភាគខាងលើនិយាយ៖ "សម្រាប់ Salah ស្មោះត្រង់ទៅ ទោះឲ្យកុងត្រាគេ ៥ ឆ្នាំ ក៏គេនៅតែអាចលេងបានល្អ ដ្បិតឈានដល់អាយុ ៣៤,៣៥ ឬ ៣៦ ឆ្នាំ ហើយនឹងក្លាយជា Messi និង Ronaldo ជំនាន់បន្ទាប់ទៀត ដ្បិតគេបន្ថយល្បឿនបន្តិច ក៏គេនៅតែជាកីឡាករកំពូលដែរ តែយ៉ាងណាសម្រាប់ Liverpool ឯណោះវិញ បើគ្មាន Mo Salah ម្ល៉េះក្លឹបមិនអាចឈរបានតំណែង Top 4 ឡើយ"។
លោកបន្ថែម៖ "អ៊ីចឹងហើយបើគេសុំឡើងប្រាក់ពលកម្ម ក៏គួរតែឲ្យគេទៅ ព្រោះអ្នកក៏ត្រូវការចាយក្រាស់ក្រែលដែរ ប្រសិនចង់យកអ្នកមកជំនួស Salah នេះគេអាចរកបានគ្រាប់បាល់រៀងរាល់ការប្រកួត ហើយជាកីឡាករពោរពេញដោយគុណភាព រីឯស្ទាយអបអររបស់គេ [កាលទល់ Crystal Palace] បង្ហាញច្បាស់ថា ថាគេស្រលាញ់ Liverpool កម្រិតណា"៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក