មិនមែន Varane ឬ Van Dijk តែ Ferdinand បែរ​ចុច​ឈ្មោះ​ម្នាក់​នេះ ជា​ខ្សែ​ការពារ​លេខ ១ នៅ PL

តើ​អ្នក​គិត​ថា ខ្សែ​ការពារ​រូប​ណា​កំពុង​បង្ហាញ​ទម្រង់​លេង​ល្អ​បំផុត​នៅ​ក្របខ័ណ្ឌ Premier League នា​ពេល​បច្ចុប្បន្ន​នេះ? ជឿ​ថា​ការ​យល់​ឃើញ​របស់​មនុស្ស​ម្នាក់ៗ​គឺ​ខុស​គ្នា ខ្លះ​ទៅ​ថា​កីឡាករ​របស់ Man Utd, Liverpool, Chelsea ឬ Man City ជា​ដើម។

Rio Ferdinand

Maxresdefault

យ៉ាង​ណា​ក្រឡេក​មក Rio Ferdinand អតីត​កីឡាករ​នៅ​បិសាច​ក្រហម និង​បច្ចុប្បន្ន​ជា​អ្នក​វិភាគ​លើ​ប៉ុស្តិ៍​ទូរទស្សន៍​មួយ ​បាន​រំលង​ឈ្មោះ Virgil van Dijk, Raphael Varane និង Ruben Dias ជា​ដើម ផ្ទុយ​ទៅ​វិញ លោក​បាន​ចុច​ឈ្មោះ Antonio Rudiger ជា​ខ្សែ​ការពារ​ជាប់​រហស្សនាម​ក្របី​ព្រៃ​នៅ​ក្លឹប​ Chelsea។

សម្រង់​សម្តី​ពី Metro កន្លង​ទៅ Ferdinand ថា៖ "តាំង​ពី Tuchel មក​ដឹកនាំ​ គឺ​ខ្ញុំ​គិត​ថា​គេ [Rudiger] ជា​ខ្សែ​ការពារ​កណ្តាល​ល្អ​បំផុត​ហើយ ដោយ​ខ្ញុំ​គិត​ថា កម្រិត​គេ​និង [Ruben] Dias គឺ​អាច​ប្រហែល​គ្នា តែ​ឥទ្ធិពល​ដែល​គេ​មាន​ទៅ​លើ​ក្រុម​គឺ​ខ្លាំង​ជាង"។

Ice_screenshot_20210921 125936

លោក​បន្ថែម៖ "ក្រោម​ការ​ដឹកនាំ​របស់ Lampard មាន​ពាក្យ​ថា​លោក​ចង់​ព្យាយាម​ដាក់ Rudiger ទៅ​ក្នុង​បញ្ជី​លក់​ចេញ​ទៀត​ផង ដូច្នេះ​ហើយ​នៅ​ពេល​នោះ គេ​ពិត​ជា​មាន​អារម្មណ៍​ពិបាក ពេល​អ្នកចាត់ការ​មិន​មាន​ជំនឿជាក់​មក​លើ​ខ្លួន តែ​ការ​ដែល​ឈាន​មក​ដល់​កម្រិត​ដូច​ជា​គេ​ពេល​នេះ គឺ​រាប់​ថា​ពិបាក​ខ្លាំង"។

Ice_screenshot_20210921 125940

បញ្ជាក់​ថា Rudiger សេសសល់​សុពលភាព​កុងត្រា​ត្រឹម​ចុង​ខែ​មិថុនា ឆ្នាំ ២០២២ ខាង​មុខ តែ​តាម​តម្រុយ​ភាគ​ច្រើន គេ​ប្រហែល​ជា​បន្ត​កុងត្រា​ថ្មី ច្រើន​ជាង​ចាកចេញ។ មាន​ក្លឹប​ធំៗ​មួយ​ចំនួន ដែល​តាម​ចង់​បាន​កីឡាករ​អាល្លឺម៉ង់​ ជាក់ស្តែង​គឺ Real Madrid, Barcelona និង PSG ជា​ដើម៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក