ក្លឹប Barcelona ហាក់កាន់តែធ្លាក់ចុះខ្លាំង មិនថាទម្រង់លេងនៅលីគកំពូលប្រចាំប្រទេសអេស្ប៉ាញ និងការប្រកួតនៅពានអឺរ៉ុប ដោយយប់មិញទើបបញ្ចប់លទ្ធផលស្មើ ១-១ ទល់ក្លឹប Granada ហើយមើលទៅលើការលេង គឺខុសពីអ្នកមានបុណ្យពីប៉ុន្មានឆ្នាំមុនឆ្ងាយណាស់។
លោក Ronald Koeman ជាបុគ្គលដែលទទួលរងសម្ពាធខ្លាំងបំផុត ថាជាដើមចមនាំឲ្យការលេងរបស់ក្រុមធ្លាក់មកដល់ចំណុចនេះ ជាពិសេសក្រោយលោកមានសញ្ជាតិនិយម ដាក់តែកីឡាករហូឡង់ឲ្យលេង ហើយមើលរំលងសមត្ថភាពកីឡាករមួយចំនួនផ្សេងទៀត។
យ៉ាងណាតាមរបាយការណ៍ចុងក្រោយ ក្រុមប្រឹក្សាភិបាលក៏កំពុងរំអុកឲ្យប្រធានក្លឹបលោក Joan Laporta ប្រញាប់ដកតំណែងអ្នកចាត់ការសញ្ជាតិហូឡង់ចេញផងដែរ តែការដកនេះ មិនងាយនោះទេសម្រាប់ក្លឹប ព្រោះអីក្លឹបត្រូវចាយលុយ លើការទូទាត់ថ្លៃផ្តាច់កុងត្រាមុនកាលកំណត់។
បើតាមសារព័ត៌មាន Daily Mirror ចុះផ្សាយថា ដោយសារ Koeman សល់កុងត្រាដល់ចុងខែមិថុនា ឆ្នាំ ២០២២ ដូច្នេះក្លឹបត្រូវទូទាត់នូវប្រាក់ ១០ លានផោន ប្រសិនចង់ឲ្យលោកដើរចេញពីតំណែងមុនចប់កុងត្រា។ ចំណុចនេះហើយជាបញ្ហា ព្រោះកញ្ចប់ថវិកាដែល Barcelona មានពេលនេះ លុយ ១០ លានក៏រាប់បានជាបញ្ហាចោទដ៏សំខាន់មួយដែរ។
ប្រភពដទៃទៀតក៏សង្កត់ធ្ងន់ថា បើដល់កខ្លាំង Barcelona ក៏មិនទុក Koeman បន្តទៀតដែរ ពោលគឺទុកពេលឲ្យ ២ ប្រកួតផ្សេងទៀត ជាការប៉ះ Cadiz និង Levante ប្រសិនលទ្ធផលនៅបន្តអាក្រក់ដដែលទៀត ក្លឹបនឹងរិះរកវិធីល្អបំផុត ដើម្បីដកគ្រូវ័យ ៥៨ ឆ្នាំរូបនេះចេញជាក់ជាមិនខាន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក