James Rodriguez ក្រោយពេលដែលលោក Carlo Ancelotti ចាកចេញទៅ គេហាក់នៅមិនសុខទាល់តែសោះ ដ្បិតក្លឹប Everton ពេលនេះកំពុងបង្ហាញទម្រង់លេងល្អ តែគេនៅចង់អេះអុញរកផ្លូវចេញ ជាងការបន្តនៅ។
ខ្សែបម្រើប្រយុទ្ធកូឡុំប៊ី សេសសល់សុពលភាពកុងត្រាជាមួយក្រុមស្ករគ្រាប់ខៀវដល់ចុងខែមិថុនា ឆ្នាំ ២០២២ តែរដូវកាលថ្មី គេមិនទាន់បានមកចូលរួមសូម្បីតែមួយប្រកួត។ អ្វីដែលហួសចិត្ត អ្នកកាសែតបែរជាប្រទះឃើញអតីតកីឡាករ Real Madrid ស្ថិតនៅអាកាសយានដ្ឋានក្នុងទីក្រុង Manchester ដែលជឿថា នោះគឺជាការចាកចេញ ហើយផ្ទេរទៅក្លឹបថ្មីនៅឯប្រទេសកាតា។
បើតាមការឲ្យដឹង កីឡាករកូឡុំប៊ី ហាក់ព្រមព្រៀងជាមួយ Everton រួចជ្រើសរើសការផ្ទេរក្នុងលក្ខខណ្ឌខ្ចីជើង ទៅកាន់ក្លឹប Al Rayyan ជាក្លឹបមួយនៅតំបន់អាស៊ី ជាជាងការបន្តរយៈពេលនៃកុងត្រាសេសសល់ជាមួយក្លឹបបច្ចុប្បន្ន។
បញ្ជាក់ថាក្រៅពីក្លឹបនៅកាតា ក៏មានក្លឹបផ្សេងទៀតនៅទួរគី ដែលចរចាដូចគ្នាផងដែរ ហើយគេជឿថា អាចនឹងប្រកាសនៅពេលប៉ុន្មានម៉ោងបន្ទាប់ ពោលដំណើរជីវិតរបស់ James និង Everton គឺត្រូវបញ្ចប់ត្រឹមប៉ុណ្ណេះហើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក