មនុស្សស្រី ដែលអាចរកបានប្ដីជាអ្នកមាន មានទ្រព្យសម្បត្តិស្ដុកស្ដម្ភ នោះគឺជាសំណាងមួយក្នុងជីវិតរបស់អ្នកហើយ។ យ៉ាងណាក៏ដោយ បុរសល្អពិតប្រាកដ មិនមែនព្រោះតែស្ថិតនៅលើភាពឆ្លាតវាងវៃ ពូកែរកលុយនោះឡើយ តែជាប្ដីដែលស្រឡាញ់ គោរព និងឱ្យតម្លៃដល់ប្រពន្ធ មិនថាប្រពន្ធប្រែរូបរាង រូបសម្រស់ ចាស់ ជ្រីវជ្រួញយ៉ាងណាក៏ដោយ។
មនុស្សល្អពិតប្រាកដ មិនថាថ្ងៃដំបូងស្រឡាញ់ប្រពន្ធបែបណា តទៅថ្ងៃមុខ មិនថាជីវិតត្រូវជួប និងឆ្លងកាត់បែបណាខ្លះនោះទេ ក៏ប្ដីនៅតែស្រឡាញ់ និងមើលថែប្រពន្ធពេញមួយជីវិត។ ទោះបីប្រពន្ធរបស់ខ្លួនចាប់ផ្ដើមធ្លាក់សម្រស់ រូបរាងប្រែប្រួលធាត់ ឬស្គម សម្រស់ប្រែជាចាស់ក៏ដោយ តែក្ដីស្រឡាញ់ដែលមានពិតប្រាកដ គឺសម្ដៅទៅលើចិត្តគំនិត និងអត្តចរិតរបស់ប្រពន្ធ មិនមែនរូបរាងសម្រស់នោះទេ។
ប្ដីល្អ ស្រឡាញ់ប្រពន្ធចេញពីចិត្ត ប្ដីល្អ ស្រឡាញ់ប្រពន្ធ លើអត្តចរិត អាកប្បកិរិយា ហើយរឹតតែអាណិត ស្រឡាញ់ប្រពន្ធទ្វេរដង ពេលដែលឃើញប្រពន្ធលំបាក ហត់នឿយ នឹងការមើលថែក្រុមគ្រួសាររបស់ខ្លួន មិនមែនមើលងាយ រិះគន់ប្រពន្ធ ព្រោះតែនាងប្រែរូបរាង រូបសម្រស់នោះឡើយ។
ចំណែកប្រពន្ធល្អវិញ ដាច់ខាត មិនមើលងាយ រិះគន់លើប្ដី ព្រោះតែប្ដីក្រ ឬរកលុយមិនបានច្រើននោះឡើយ។ មនុស្សស្រីស្មោះ ឬក៏អត់ ល្អ ឬក៏អត់ គឺមើលនាងនៅពេលដែលអ្នកក្រ តើនាងបោះបង់អ្នកចោលដែរឬទេ? ពេលដែលអ្នកគ្មានអ្វីសោះ តើនាងនឹងទៅចោលអ្នកដែរទេ? ពេលដែលអ្នកបាត់បង់អ្វីៗគ្រប់យ៉ាង តើនាងនៅតែលើកទឹកចិត្ត ផ្ដល់កម្លាំងចិត្តដល់អ្នកជាប្ដី ឬក៏នាងមើលងាយ ហើយរត់ចោលអ្នក?
មនុស្សស្រីដែលស្រឡាញ់ក្រុមគ្រួសារ នាងនៅតែមានការគោរព ថ្នាក់ថ្នម ឱនលំទោនចំពោះដៃគូជីវិតដោយមិនខ្វល់ថា គាត់ជាអ្នកមាន ឬអ្នកក្រ គាត់រកលុយបានច្រើន ឬបានតិចនោះឡើយ សំខាន់នាងជាដៃគូ ដៃគិត រួមចិត្តរួមថ្លើមតែមួយជាមួយគ្នា ពុះពារ តស៊ូ ហែលឆ្លងរាល់បញ្ហា ការលំបាកជាមួយនឹងស្វាមី ដាច់ខាត មិនរត់ចោលគ្នានោះឡើយ។
ជីវិតជាប្ដីប្រពន្ធ គេមិនរិះគន់ ជាន់ពន្លិច មិនមើលងាយ វាយប្រហារគ្នាជាដាច់ខាត មិនថាម្ខាងណា មានចំណុចអាក្រក់ ឬចំណុចអវិជ្ជមានយ៉ាងណាក៏ដោយ។ ផ្ទុយទៅវិញ គេមានតែជួយកែលម្អដល់គ្នាទៅវិញទៅមក ហើយព្យាយាមបំពេញចន្លោះខ្វះខាត និងកែប្រែចំណុចខ្វះខាតដើម្បីគ្នា នេះទើបជាដៃគូជីវិតដ៏ពិតប្រាកដ៕
អត្ថបទ ៖ pHknongsrok / Knongsrok
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក