ព្រោះតែធ្លាប់ឆ្លងកាត់អារម្មណ៍អស់សង្ឃឹមជាច្រើន ទើបធ្វើ៌ឱ្យពេលនេះ លែងហ៊ានសង្ឃឹមលើអ្វីទៀត

ខ្ញុំដឹង ហើយក៏ស្គាល់ខ្លួនឯងច្បាស់ ថាខ្ញុំជាមនុស្សបែបណា ហើយក៏ដឹងថា ខ្ញុំប្រហែលជាពិបាកនឹងចុះសម្រុងក្នុងចំណោមមនុស្សជាច្រើន ខ្ញុំជាមនុស្សដែលកំណត់ព្រំដែនខ្លាំង ការដើរលេង សូម្បីតែការសប្បាយ ក៏ខ្ញុំកំណត់ក្នុងកម្រិតមួយដែលសមល្មម ព្រោះមិនចង់ឱ្យខ្លួនឯងសប្បាយខ្លាំង គ្រប់ពេលដែលសប្បាយខ្លាំង កើតទុក្ខ សោយសោកក៏ខ្លាំងដែរ។

ប្រហែលជាកន្លងមកនេះ ខ្ញុំឆ្លងកាត់អារម្មណ៍ខកចិត្ត ខកបំណងច្រើនពេក ទើបប្រែក្លាយជាមនុស្សដែលដាក់លក្ខខណ្ឌច្រើនចំពោះខ្លួនឯងបែបហ្នឹង។ ខ្ញុំដឹងថា គ្មានអ្នកណា អាចទទួលយកចរិតមួយនេះរបស់ខ្ញុំបានឡើយ ហើយខ្ញុំក៏បានត្រៀមខ្លួននៅម្នាក់ឯងរួចហើយដែរ អ្វីដែលប្រាប់ខ្លួនឯងរាល់ថ្ងៃគឺ ថ្ងៃមុខ ខ្ញុំប្រាកដជាត្រូវនៅតែម្នាក់ឯងបែបហ្នឹង ហើយក៏ត្រូវនៅជាមួយនឹងខ្លួនឯងរហូត។

ធ្លាប់មានមនុស្សប្រាប់ខ្ញុំថា ខ្ញុំល្អខ្លាំង ហើយក៏ល្អបំផុតសម្រាប់ គ្មានអ្នកណាល្អចំពោះគេដូចខ្ញុំឡើយ ពាក្យទាំងនេះហើយ ដែលធ្វើឱ្យខ្ញុំលះបង់គ្រប់យ៉ាង ដើម្បីថែរក្សាគេទុក តែចុងក្រោយ អ្វីដែលខ្ញុំទទួលបាន គឺសេចក្ដីទុក្ខ។

0d1e9f980436dbc28496b5986b8b6fad

ខ្ញុំធ្លាប់រំពឹង ថានឹងមានទំនាក់ទំនងយូរអង្វែង គឺមួយជីវិត ជាមួយនឹងមនុស្សម្នាក់ ព្រោះយើងទាំងពីរនាក់យល់ពីគ្នាច្បាស់ អាចទទួលយកគ្រប់យ៉ាងរវាងគ្នា ហើយគេក៏ជាមនុស្សដែលធ្វើរឿងជាច្រើនដើម្បីខ្ញុំ តែចុងក្រោយ គេក៏ចាកចេញទៅ ដោយមិនប្រាប់មូលហេតុអ្វីឡើយ។ រហូតដល់ថ្ងៃមួយយើងបានជួបគ្នាសាជាថ្មី ខ្ញុំក៏បានសួរនាំរឿងពីមុន ថាហេតុអ្វីគេចាកចេញក្នុងពេលនោះ គេក៏ប្រាប់មូលហេតុ ហើយហេតុផល គឺដោយសារតែខ្ញុំធ្វើឱ្យគេខកចិត្តខ្លាំង រឿងនេះ វាជាកំហុសរបស់ខ្ញុំ ខ្ញុំក៏មិនដឹងថា គួរលុបលាងបែបណាទើបជ្រះ ទោះបីពេលនេះ យើងត្រឡប់មកជាថ្មី តែអារម្មណ៍ខ្ញុំនៅតែដិតដាមនឹងកំហុស ខ្ញុំប្រាប់ខ្លួនឯងថា ខ្ញុំមិនអាចបំភ្លេចរឿងដែលខ្ញុំបានធ្វើ ចំពោះមនុស្សដែលល្អនឹងខ្ញុំបំផុតបានឡើយ។

ខ្ញុំបានបាត់បង់មនុស្សល្អៗនៅក្បែរខ្លួន ហើយខ្ញុំក៏ធ្លាប់ឆ្លងកាត់ ត្រូវមនុស្សមួយចំនួន កេងចំណេញ​​ បំផ្លាញទំនុកចិត្ត បំផ្លាញក្ដីសង្ឃឹម បំផ្លាញការរំពឹងដែលខ្ញុំធ្លាប់មានចំពោះគេ។ អារម្មណ៍ដែលខ្ញុំធ្លាប់ជួបប្រទះកន្លងមកនេះ ធ្វើឱ្យខ្ញុំរស់នៅដោយភាពភ័យខ្លាច ហើយព្យាយាមប្រុងប្រយ័ត្នគ្រប់រឿង រហូតដល់ខ្លាចលែងហ៊ានសាងទំនាក់ទំនងជាមួយនឹងនរណាទៀត។

Bd931a62516c6f552d60e6669a8d9bac

ខ្ញុំដឹង ថាធ្វើជាមនុស្ស មិនគួរឃុំខ្លួនឯងនៅក្នុងអារម្មណ៍ដ៏ខ្មៅងងឹត គិតតែរឿងអតីតកាលបែបហ្នឹងនោះឡើយ ប៉ុន្តែឱ្យធ្វើបែបណា បើខ្ញុំជាមនុស្សដែលពិបាកនឹងផ្គាប់ចិត្ត ហើយក៏មិនបង្ខំឱ្យអ្នកណាមកផ្គាប់ខ្ញុំដែរ។ តែខ្ញុំបានដាក់កំណត់មួយចំពោះខ្លួនឯងហើយ ព្រោះមិនចង់ឱ្យខ្លួនឯងខកចិត្ត អស់សង្ឃឹមសាជាថ្មី ស្រមោលខ្មៅ វានៅតែតាមលងបន្លាចខ្ញុំ ខ្ញុំខ្លាចទំនាក់ទំនង ហើយក៏មិនចង់សាងវាឡើយ រួចក៏ត្រូវបំផ្លាញម្ដងហើយម្ដងទៀតនោះឡើយ។

ខ្ញុំខ្លាច ព្រោះតែខ្ញុំធ្លាប់ឆ្លងកាត់អារម្មណ៍បាក់ទឹកចិត្ត និងអស់សង្ឃឹម ក្នុងខណៈពេលដែលខ្ញុំគ្មានសល់អ្វីសោះ សូម្បីតែមនុស្សដែលស្និទ្ធស្នាលបំផុត គេក៏ចាកចេញពីខ្ញុំទៅ តើឱ្យខ្ញុំត្រូវទៅសង្ឃឹម រំពឹងអីទៀត ពេលដែលជីវិតជួបការលំបាក ខ្ញុំគឺជាមនុស្សតែម្នាក់ ដែលនៅក្បែរ លួងលោម និងកំដរខ្លួនឯង ជាមួយនឹងអារម្មណ៍ទទេរស្អាត រហូតដល់អាចលើកខ្លួនឯងចេញពីកន្លែងដែលដុនដាបមួយនោះមកបាន ខ្ញុំលែងមានអារម្មណ៍អ្វីទាំងអស់។

ខ្ញុំលែងមានអារម្មណ៍ឈឺចាប់ លែងមានអារម្មណ៍អស់សង្ឃឹម លែងមានអារម្មណ៍ខឹង ឬអន់ចិត្តនឹងអ្នកណាទៀតហើយ ហើយក៏លែងមានអារម្មណ៍ទៅរំពឹង ផ្ញើក្ដីសង្ឃឹមនឹងអ្នកណាទៀតដែរ អ្វីដែលត្រូវធ្វើ គឺត្រូវរស់នៅក្នុងជីវិតខ្លួនឯងឱ្យបានស្ងប់សុខ រស់នៅជាមួយខ្លួនឯងឱ្យបានល្អបំផុត កំដរខ្លួនឯងឱ្យបានច្រើន ស្រឡាញ់ខ្លួនឯងឱ្យបានច្រើន ព្រោះពីពេលនេះទៅ រហូតតទៅថ្ងៃក្រោយ គឺមានតែខ្លួនឯងនេះហើយ ដែលនៅជាមួយខ្លួនឯងពេញមួយជីវិត ...៕

អត្ថបទ ៖ pHknongsrok / Knongsrok

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖

Avatar photo

Tel: