គ្រប់គ្នាប្រហែលជាធ្លាប់ដឹងហើយនូវពាក្យជាច្រើន ដែលមនុស្សមួយចំនួនធំបាននិយាយថា "ពេលចាស់ទៅ មានលុយ ឬប្រាក់ចូលនិវត្តន៍ ច្បាស់ណាស់ថា ចាស់ទៅនឹងសោយសុខ គ្មានរឿងខ្វល់ខ្វាយនឹងការខ្វះខាតលុយកាក់នោះឡើយ"។ យ៉ាងណាក៏ដោយ ប្រសិនបើមុនអាយុ ៣៥ឆ្នាំ អ្នកអាចធ្វើបាននូវចំណុចទាំង៥ខាងក្រោមនេះ វាអាចបញ្ជាក់បានហើយថា ពេលដែលអ្នកចាស់ទៅ ក៏មិនពិបាកនឹងរឿងខ្វះខាតនោះដែរ។
១. ទ្រព្យសម្បត្តិសុទ្ធកើនឡើងជាលំដាប់
ទ្រព្យសម្បត្តិសុទ្ធ គឺសម្ដៅទៅលើទ្រព្យសម្បត្តិខាងក្រៅ ដែលមិនរួមបញ្ចូលនូវទ្រព្យដែលអ្នកសន្សំនោះឡើយ។ ទ្រព្យសម្បត្តិសុទ្ធ គឺមានន័យថា ជាទ្រព្យដែលអ្នកអាចរកបានជាបន្តបន្ទាប់ ពីគ្រប់ជ្រុង និងផ្នែកជាច្រើនដែលអ្នកបានបំពេញកិច្ចការងារ ឬធ្វើជំនួញផ្សេងៗ។ ទ្រព្យនេះ គឺត្រូវតែកើនឡើងជារៀងរាល់ថ្ងៃ រាល់ខែ ឬជារាល់ឆ្នាំ។ ហើយប្រសិនបើប្រាក់នោះកើនឡើងជាបន្តបន្ទាប់ នោះបញ្ជាក់ថា អ្នកនឹងមិនខ្វះលុយចាយនោះឡើយ។
២. ទទួលបាននូវអ្វីដែលអ្នកសមនឹងទទួល
មុននឹងឈានដល់អាយុ៣៥ឆ្នាំ អាចនិយាយបានថា អ្នកបានចំណាយពេលច្រើនឆ្នាំហើយក្នុងការធ្វើការងារជាច្រើន ដូច្នេះ ស្ថិតក្នុងវ័យនេះ វាក៏សក្តិសមសម្រាប់អ្នក ក្នុងការទទួលនូវអ្វីដែលអ្នកគួរតែទទួលបាន។ ឧទាហរណ៍ដូចជា ៖ ការតម្លើងប្រាក់ខែ ទៅតាមទំហំការងារ និងសមត្ថភាពក្នុងការធ្វើការរបស់អ្នក ឬជាការទទួលបាននូវការតម្លើងឋានៈ ឬតំណែងដែលអ្នកសមនឹងទទួលបាន រួមទាំងការទទួលបាននូវអ្វីដែលអ្នកតែងតែប្រាថ្នាចង់បាន នេះគឺជាការសម្រេចបំណងរបស់អ្នកហើយ។
៣. អាចរស់នៅបានក្នុងរយៈពេល ២ ទៅ ៣ខែ ដោយមិនបាច់មានប្រាក់ចំណូល
ស្ដាប់មើលទៅ វាហាក់ដូចជាជីវិតអ្នក កំពុងតែចូលនិវត្តន៍ ឬសោយសុខក្រោមវ័យ៣៥ឆ្នាំ ដែលអ្នកអាចមានញុំា មានចាយ និងមានលុយដើរលេង ដោយគ្មានភាពខ្វះខាតអ្វីសោះ ទាំងដែលអ្នកមិនបាច់មានប្រាក់ចំណូលអ្វីឡើយ។ លើសពីនេះ វាក៏ជាការបង្ហាញពីការកាត់បន្ថយសម្ពាធផ្សេងៗ ដែលអ្នកមិនបាច់ត្រូវខ្វាយខ្វល់រឿងបង់ប្រាក់ទៅលើវិកយបត្រណាមួយ ឬជាការសងបំណុលអ្វីទាំងអស់ ដូច្នេះ ប្រាក់ចំណូលវាលែងសំខាន់ហើយ ព្រោះអ្នកមានប្រាក់ ឬទុនបម្រុងក្នុងការចាយវាយប្រចាំថ្ងៃគ្រប់គ្រាន់។
៤. យ៉ាងហោចណាស់ អាចចំណាយ២០%នៃប្រាក់ចំណូល ទៅលើគោលដៅរយៈពេលខ្លី និងវែង
វាជាពេលដែលជីវិតរបស់អ្នក មិនបាច់ត្រូវចំណាយទៅលើការខិតខំធ្វើការ ដើម្បីដោះបំណុលនោះឡើយ តែវាជាពេលដែលអ្នកត្រូវធ្វើការ បន្ថែមចំណូល ដើម្បីដកនូវចំនួន២០%ពីប្រាក់ចំណូល ដើម្បីដាក់សន្សំដើម្បីគោលដៅរយៈពេលខ្លី ឬវែងសម្រាប់អនាគតរបស់អ្នក។
ជាទូទៅ អ្នកគួរតែអាចដកប្រាក់ចំនួន ១៥%ពីប្រាក់ចំណូល ដើម្បីទុកសម្រាប់ពេលអ្នកចូលនិវត្តន៍ និង៥%ទៀត សម្រាប់គោលដៅរយៈពេលខ្លីដូចជាការទូទាត់បំណុល ទិញឡាន ឬទិញផ្ទះជាដើម។
៥. គិតគូរអំពីការធានារ៉ាប់រងឱ្យបានមត់ចត់
មនុស្សភាគច្រើន គឺមិនបានខ្វាយខ្វល់ពីការធានារ៉ាប់រងលើអាយុជីវិត ឬសុខភាពនិងការរស់នៅរបស់ខ្លូួនឯង និងក្រុមគ្រួសារនោះឡើយ។ តែយ៉ាងណាមិញ ការទិញធានារ៉ាប់រង គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះអ្នក ជាពិសេស គឺចំពោះអ្នកដែលមានកូនតូចៗ ដែលអ្នកត្រូវគិតគូរពីអនាគត ការរៀនសូត្ររបស់ពួកគេឱ្យបានច្បាស់លាស់៕
ប្រភព ៖ Eva / Knongsrok