អ្នកស្នេហាការអានសៀវភៅ និងរឿងប្រលោមលោក ប្រាកដជាស្គាល់ហើយថា ស្រលាញ់សៀវភៅ មិនត្រឹមតែជាហាងលក់សៀវភៅគ្រប់ប្រភេទទេ តែក៏បានលេចស្នាដៃផលិតសៀវភៅនិពន្ធថ្មី ជាមួយសាច់រឿងប្លែកៗគួរឱ្យចាប់អារម្មណ៍ជាច្រើន រហូតទទួលបានការគាំទ្រជាខ្លាំងកន្លងមក។
នៅពេលនេះដែរ ស្រលាញ់សៀវភៅ ក៏បានប្រសូតនូវស្នាដៃថ្មីសន្លាងមួយទៀតហើយ នោះគឺ ប្រលោមលោក « ត្រកូលចម្លែក » ដែលគ្រាន់តែមើលរូបភាពរចនាក្របមុខ និងវីដេអូ Book Trailer ខ្លី ក៏គួរឱ្យជក់ចិត្តផងដែរ។
បើតាមការបង្ហោះផ្សព្វផ្សាយពីស្រលាញ់សៀវភៅ ប្រលោមលោក « ត្រកូលចម្លែក » គឺជាសាច់រឿងដែលនិយាយពីបងប្អូនទាំងបីនាក់នៅក្នុងសម័យកាលដ៏ជឿនលឿន តែបែរជារស់នៅដូចជាមនុស្សសម័យបុរាណទៅវិញ។ តាំងពីផ្ទះសំបែង របស់ប្រេីប្រាស់ប្រចាំថ្ងៃ រហូតដល់ការតុបតែងខ្លួន គឺផ្ចិតផ្ចង់តាមបែបបុរាណស្រស់ស្អាតគ្មានពីរ។ មិនថាជារូបរាង ចរិយាសម្បត្តិ ឬចំណេះដឹង នាងក្រមុំទាំងបីមានគ្រប់យ៉ាងមិនខ្វះចន្លោះ តែអ្វីដែលគ្មាននរណាដឹងនោះគឺ ពួកនាងមានវិញ្ញាណខ្មោចជាបរិវារ។ ដោយស្នាដៃដ៏ប្លែក និងគួរឱ្យចាប់អារម្មណ៍នេះផងដែរ ជាការសហការនិពន្ធដោយអ្នកនិពន្ធល្បី៣រូប គឺលោក ម៉ានិត ជាអ្នកនិពន្ធផង ជាតារាចម្រៀងផង កញ្ញា ម៉ាក់ ស្រីនាថ និងលោក ម៉ុង ម៉ានុត ។
អ្វីដែលគួរឱ្យចាប់ចាប់អារម្មណ៍ ក្នុងប្រលោមលោក « ត្រកូលចម្លែក » មានការលើកឡើងពីតួអង្គ ដែលមានអត្តសញ្ញាណជា Transgender។ នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រប្រលោមលោកនៅកម្ពុជាហើយ ដែល Transgender ឬបុគ្គលប្ដូរយេនឌ័រ ត្រូវបានកត់ត្រាជាតួអង្គឯក។ តាំងពីដើមមក ក្នុងវិស័យសិល្បៈប្រជាប្រិយ យើងពុំធ្លាប់ឃើញគេបង្កើតតួអង្គឯក ដែលមានអត្តសញ្ញាណជាបុគ្គលប្ដូរយេនឌ័រឬភេទ នៅក្នុងប្រលោមលោកនៅកម្ពុជា ឬនៅក្នុងខ្សែភាពយន្តខ្មែរឡើយ ឯតួអង្គ Gay Lesbian ឬ Transgender ទៀតសោត តែងតែត្រូវបានគេធ្វើបទបង្ហាញក្នុងភាពយន្ត ឬការសម្ដែងមួយចំនួនធំ ជាតួអង្គទុកសម្រាប់លេងសើច ឬទុកបង្អាប់ជាដើម។ ការធ្វើបទបង្ហាញបែបនោះ បានធ្វើឲ្យប៉ះពាល់កិត្តិយសពួកគេ និងទទួលរងនូវការរើសអើងពីសង្គមទាំងមូល។
ភាពស្មើគ្នានៃភេទ ឬ Gender Equality ឬភាពមិនរើសអើងភេទ គឺជាគោលការណ៍ស្នូលនៃសិទ្ធិមនុស្ស។ ពួកគេមិនគួរត្រូវបាននរណាម្នាក់យកយេនឌ័រពួកគេមកលេងសើច ឬរើសអើង ដូចទៅនឹង បុរស និងស្ត្រីដែរ។ មិនថាពួកយើងមានរូបរាងធាត់ ស្គម ខ្ពស់ ខ្មៅ ស ឬទាប ឬអត្តសញ្ញាណជាក់លាក់ជា បុរស ស្រ្តី ឬអ្នកប្ដូរយេនឌ័រ យើងគឺត្រឹមតែជា «មនុស្ស» ដែលគួរតែទទួលបានការគោរព និងការស្រលាញ់ ចំពោះគ្នាទៅវិញទៅមក។
តោះ មកដឹងត្រួសៗពីតួអង្គសំខាន់ៗ ទាំង៣រូប ដែលនៅក្នុងសាច់រឿង « ត្រកូលចម្លែក » ៖
ទី១. ស្នៀត ឃុនសា ជាបងស្រីច្បងក្នុងផ្ទះនេះ តួអង្គសម្តែងដោយ កញ្ញា យ៉ែម ស្រីពេជ្រ
ក្រៅពីតែងខ្លួនជាប្រចាំដោយអាវប៉ាក់ សំពត់ហូល និងស្នៀតសក់មាសដ៏ស្រស់ស្អាត មនុស្សក្នុងត្រកូលនេះ តែងមានសក់ពណ៌ប្រាក់នៅខាងមុខពីកំណើត។ ឃុនសាជាមនុស្សដែលផ្ចិតផ្ចង់ និងមានចំណូលចិត្តរក្សាទុកកូនក្រមុំតុក្កតាគ្រប់ប្រភេទ។ នាងចេះវិជ្ជាចូលរូប ដែលជួយមនុស្សជាច្រើន ឲ្យបានជួបនិយាយជាមួយសមាជិកគ្រួសារដែលបានស្លាប់ជាលើកចុងក្រោយ។ លើសពីនេះ ឃុនសាជាមនុស្សស្រីដែលប្រពៃបំផុត មិនថាជារូបរាង ឬចំណេះដឹង។ បើបុរសណាបានដាក់ភ្នែកលើនាងហើយ បុរសម្នាក់នោះនឹងដកចិត្តឈប់គិតពីនាងមិនបានទេ។ ភាពដ៏ល្អវិសេសនេះ ប្រៀបដូចជាបណ្ដាសាសម្រាប់នាងទៅវិញ ព្រោះបុរសបីនាក់ដែលចូលស្ដីនាងមិនបានសម្រេច បានសម្លាប់ខ្លួននៅនឹងមុខនាង ដើម្បីបញ្ជាក់ក្ដីស្មោះស្ម័គ្រ។ តាំងពីថ្ងៃនោះមក ឃុនសាមិនដែលចាកចេញពីផ្ទះឡើយ ព្រោះភ័យខ្លាចនឹងពិភពខាងក្រៅ។ ឯខ្មោចបុរសដែលបានស្លាប់នោះ តែងតែមកឈរលួចមើលនាងនៅក្រោមដើមមៀនខាងមុខផ្ទះជារៀងរាល់យប់។
ទី២. ស្នៀត យុចា ជាកូនទីពីរ តួអង្គសម្តែងដោយ កញ្ញា រស់ ភក្ដី (Skyler)
ស្នៀត យុចា ជាកូនទីពីរ។ មនុស្សដែលធំពេញវ័យក្នុងត្រកូលនេះ សុទ្ធតែមានសក់ពណ៌ប្រាក់នៅខាងមុខពីកំណើត។ យុចា ជាមនុស្សប្ដូរភេទពីប្រុសទៅស្រី តែនាងមានរូបរាងស្រឡូនស្អាតអំណោយផលពីកំណើត និងជាមនុស្សដែលមើលពិភពលោកក្នុងផ្លូវល្អជានិច្ច។ លើសពីនេះ នាងចេះវិជ្ជារចនា និងកាត់ដេរឈុតសម្លៀកបំពាក់អាពាហ៍ពិពាហ៍យ៉ាងចំណាន។ មិនត្រឹមតែមនុស្សទេ សូម្បីតែខ្មោចក៏ប៉ងប្រាថ្នាស្លៀកឈុតរៀបការដែលនាងរចនាដែរ។
ទី៣. ស្នៀត សោបាន ជាកូនទីបី និងជាកូនពៅ តួអង្គសម្តែងដោយ កញ្ញា ម៉ៅ ធីតា (Da Dao)
ស្នៀត សោបាន ជាកូនទីបី និងជាកូនពៅ។ មនុស្សដែលធំពេញវ័យក្នុងត្រកូលនេះ សុទ្ធតែមានសក់ពណ៌ប្រាក់នៅខាងមុខពីកំណើត។ សោបាន មានចរិតរឹងរូសឆ្មើងឆ្មៃ និងមិនសូវខ្វល់ពីចិត្តនរណាឡើយ។ នាងមានការងារជាអ្នកថែរក្សាសាកសព ហើយក៏ជាមនុស្សដែលមានអាថ៌កំបាំងច្រើនជាងគេនៅក្នុងគ្រួសារនេះផងដែរ។
គួរឱ្យដឹងផងដែរថា សៀវភៅប្រលោមលោក « ត្រកូលចម្លែក » បានទទួលកក់ទុកមុនតាំងពីថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២១ តែដោយសារតែការទទួលបានការគាំទ្ររ និងកក់ទុកច្រើនពេក ស្រលាញ់សៀវភៅក៏បានបិទការកក់ទុកមុនកំណត់ ។ ហើយសម្រាប់ ប្រលោមលោក « ត្រកូលចម្លែក » នឹងចេញលក់ជាផ្លូវការនៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២១ ខាងមុខនេះហើយ៕
ប្រភពរូបភាព និងអត្ថបទ៖ ស្រលាញ់សៀវភៅ - #slanhseavphov
អត្ថបទប្រែសម្រួលដោយ៖ ក្នុងស្រុក
តោះមកទស្សនាវីដេអូ Book Trailer ប្រលោមលោករឿង "ត្រកូលចម្លែក" ទាំងអស់គ្នា ៖
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក