បើនិយាយពីផ្ទះ ប្រសិនជាអ្នកមានទឹកប្រាក់សមល្មមនឹងសាងសង់ ហើយចង់បានផ្ទះល្អទំនើប ស្អាត និងប្រណីត គឺចំណាយលុយមិនលើសខ្វះគ្នាប៉ុន្មាននោះទេ រវាងផ្ទះធម្មតា និងផ្ទះដែលមានការច្នៃប្រតិដ្ឋ។ ដោយសារតែផ្ទះខ្លះមានរូបរាងមិនខុសពីផ្ទះសាមញ្ញធម្មតា តែមើលទៅបែរជាស្រស់ស្អាតប្លែក ដោយការរៀបចំ និងប្រើប្រាស់សំភារៈបន្ថែមដែលមានតម្លៃថោកសមរម្យ។
ចំពោះផ្ទះមួយខ្នងដែលបានបង្ហាញនេះ ត្រូវបានគេដឹងថាជាផ្ទះរបស់ស្ថាបត្យករ ដែលសាងសង់ជាផ្ទះស្នាក់នៅផង និងជាការិយាល័យធ្វើការផង មានលក្ខណៈទំនើប និងបែបធម្មជាតិទៀត ជាមួយនឹងលក្ខណៈពិសេសជាច្រើនដូចខាងក្រោម ៖
១. ផ្ទះមានសម្ភារៈសាមញ្ញជាមួយនឹងធម្មជាតិពិតៗ
គម្រោងលំនៅដ្ឋាន និងជាការិយាល័យមួយនេះមានទីតាំងស្ថិតនៅជាយក្រុងស្រីលង្កា។ វាមានផ្ទៃដីប្រើប្រាស់ ២២៤.៨ ម៉ែត្រការ៉េ។ វាគឺជាស្ទូឌីយោផង ជាការិយាល័យស្ថាបត្យករផង និងជាផ្ទះស្នាក់នៅសម្រាប់គ្រួសារទៀតផង។ ចំពោះការរចនានៅខាងក្រៅដី ហាក់បីដូចជាតំបន់អភិរក្សព្រៃឈើ មានបឹង និងមានទេសភាពស្រស់ស្អាតនៃធម្មជាតិ។ ហេតុនេះហើយទើបម្ចាស់ផ្ទះបានជ្រើសរើសដាក់ជញ្ជាំងកញ្ចក់នៅសងខាង ហើយធ្វើផ្ទះពីរជាន់ដើម្បីទទួលបានទស្សនិកភាពប្លែកភ្នែកលំហែអារម្មណ៍។
ក្រោពីទេសភាពដើមឈើព័ទ្ធជុំវិញមើលទៅមានផាសុកភាព ស្ថាបត្យករបានជ្រើសរើសសាងសង់ក្តារឈើនៅខាងក្រៅផ្ទះដើម្បីភ្ជាប់ទៅនឹងអាងហែលទឹកដែលលាតសន្ធឹងលើដើមឈើ ហើយទ្វារធំដែលមានផ្ទាំងកញ្ចក់ដាក់ស៊ុមផ្ទះ ដែលអាចចាប់យកទេសភាពជុំវិញដ៏ស្រស់ស្អាត មើលទៅធំទូលាយ។ ការនាំមកនូវធម្មជាតិដ៏ល្អបែបនេះ ដោយការភ្ជាប់ពីខាងក្នុង និងខាងក្រៅវាជាភាពសាមញ្ញបំផុតដែលបង្កើតភាពដ៏ល្អឥតខ្ចោះសម្រាប់ការរស់នៅ។
២. ការរៀបចំសំណង់ដែក ឥដ្ឋ ឈើ និងកញ្ចក់មានភាពខុសប្លែកគ្នា
ស្ថាបត្យកម្ម បានសាងសង់ផ្ទះនេះ ដោយប្រើសម្ភារៈសាងសង់ខុសប្លែកផ្សេងៗពីគ្នា ទាំងធ្នឹមដែក ឥដ្ឋ ឈើ និងកញ្ចក់ ដែលជាធតុខុសគ្នា តែបែរជាប្រើឱ្យវាផ្សំបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះ។
៣. អគារឯកជន និងការរិយាល័យបែងចែកដាច់ពីគ្នា
អគារនេះត្រូវបានបែងចែកជាតំបន់ឯកជន និងតំបន់ការិយាល័យដាច់ដោយឡែកពីគ្នា ដែលមានទ្វារដើម្បីបំបែកបន្ទប់មួយៗ ប៉ុន្តែអ្នកអាចដើរជុំវិញដូចជាអ្នកនៅក្នុងផ្ទះ ជាជាងជាកន្លែងធ្វើការ ពិសេសពេលមានអារម្មណ៍នឿយហត់អាចចេញមកស្រូបយកបរិយាកាសធម្មជាតិបៅខាងក្រៅ។ នៅពេលអ្នកសម្រាកភ្នែករបស់អ្នកមួយភ្លែត អ្នកអាចមានកម្លាំងថាមពលឱ្យខ្លួនឯង ហើយត្រៀមខ្លួនត្រលប់មកអង្គុយធ្វើការវិញ ប្រយុទ្ធនឹងការងារដែលនៅខាងមុខ។
៤. បន្ទប់ធ្វើការខាងលើដូចស្ថិតនៅកណ្តាលព្រៃឈើ
នៅជាន់ខាងលើ គឺជាការិយាល័យឯកជន និងជាកន្លែងជួបជាមួយអតិថិជន ដោយមានការរចនាជាបន្ទប់កញ្ចក់ ដែលមានស៊ុមអាលុយមីញ៉ូម អាចបើកជាបង្អួចដើម្បីទទួលខ្យល់អាកាសផងដែរ ។ ការតំឡើងបន្ទប់កញ្ចក់នៅជាន់ខាងលើ ដោយមានបរិយកាសធម្មជាតិ និងព្រៃឈើនៅខាងក្រោម ធ្វើឱ្យមានអារម្មណ៍ស្រស់ស្រាយហាក់នៅកណ្តាលធម្មជាតិ ដោយការរចនានេះថែមទាំងមានការគន់គូម៉ត់ចត់រវាងពន្លឺព្រះអាទិត្យ និងខ្យល់ ដើម្បីឱ្យបន្ទប់នេះមើលទៅស្រស់ថ្លាមានជីវិតជីវ៉ាទៀតផង៕
ប្រភពរូបភាព៖ KWC Architects
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក