ស្រលាញ់ការងារមួយ គឺអាស្រ័យលើជំនឿចិត្តដែលខ្លួនមានចំពោះការងារនោះ។ ពេលដែលមនុស្សម្នាក់មានបំណងចង់ជោគជ័យដ៏ខ្លាំងខ្លា ហើយជំនឿរឹងមាំខ្លាំងទៀតនោះ ដូច្នេះគេក៏អាចប្រើកម្លាំងកាយចិត្ត ទៅបំពេញការងារមួយនេះបានល្អ ដល់ទីបំផុត ឈានទៅដល់គោលដៅរបស់ខ្លួន។ ម្យ៉ាងទៀត គំនិតជោគជ័យដ៏ខ្លាំងខ្លា មានប្រភពចេញពីចិត្តដែល “ហ៊ានទៅគិត”។ ឱ្យតែហ៊ានគិត ហ៊ានផ្តល់ក្តីសង្ឃឹមដ៏ធំសម្រាប់ខ្លួន ដូច្នេះទើបគេអាចមានជំនឿចិត្តដ៏មោះមុត ញុំាឱ្យខ្លួនមានការដាក់អារម្មណ៍ចូលទៅក្នុងនោះកាន់តែច្រើន ធ្វើឱ្យការងារមួយនោះកាន់តែរលូន។
កីឡាបាល់បោះ គឺជាកីឡាដ៏ពេញនិយមនាពេលបច្ចុប្បន្ន អ្វីដែលយើងកត់សម្គាល់ឃើញនោះ កីឡាករបាល់បោះ សុទ្ធតែមានមាឌមាំ កម្ពស់ខ្ពស់ ដូចជាកីឡាករ យ៉ាវម៉ីង (YaoMing) របស់ប្រទេសចិន និង កីឡាករអូណែល ( O'Neal) របស់សហរដ្ឋអាមេរិក។ ហើយនៅលើសង្វៀន NBA (សហមាគន៍បាល់បោះជាតិ National Basketball Association) យើងតែងធ្លាប់បានឃើញកីឡាករម្នាក់ដែលមានរាងតូចល្អិតនៅក្នុងចំណោមនោះ គឺ ប៊ូស (Muggsy Bogues)។
ប៊ូស (Bogues) ត្រូវបានគេស្គាល់ថាជាកីឡាករដែលមានកម្ពស់ត្រឹមតែ១ម៉ែត្រ៦០តែប៉ុណ្ណោះ នៅក្នុងភ្នែករបស់ប្រទេសលោកខាងកើតក៏នៅតែយល់ថា នេះជាកម្ពស់ទាបដែរ តែបុរសកម្ពស់ទាបម្នាក់នេះគឺមិនធម្មតានោះទេ គេគឺជាកីឡាករដែលមានភាពលេចធ្លោបំផុត និងជាខ្សែរការពារដែលមានកំហុសតិចបំផុតនៅក្នុងសង្វៀនរបស់ NBA គេមិនត្រឹមតែគ្រប់គ្រងបាល់បានល្អនោះទេ គេនៅអាចស៊ុតបាល់ចូលពីចម្ងាយបានទៀតផង នៅក្នុងចំណោមគូប្រកួតដែលមានកម្ពស់ខ្ពស់ស្ទើរតែមិនអាចយកឈ្នះគេបាន ព្រោះគេអាចស៊ុតបាល់ចូលកន្ត្រកដោយគ្មានការភ័យខ្លាចនោះទេ។
រាល់ដងពេលដែលមើលឃើញ ប៊ូស (Bogues) ដូចជាឃើញកូនឃ្មុំតូចមួយអ៊ីចឹង ហោះចុះឡើងនៅក្នុងទីលានប្រកួត នៅក្នុងចិត្តអ្នកគាំទ្រទ្រាំមិនបានក៏ស្រែកសរសើរដល់រូបគេ គេមិនត្រឹមតែបានលួងលោមដល់មនុស្សដែលមានកម្ពស់ទាបនៅក្នុងលោកនេះទេ ហើយក៏បានលើកទឹកចិត្តដល់មនុស្សធម្មតាដែលមានឆន្ទៈស្រលាញ់កីឡាមួយនេះដែរ។
ដូច្នេះ ប៊ូស (Bogues) ធ្វើដូចម្តេចទៅទើបអាចធ្វើឱ្យខ្លួនមានវត្តមាននៅក្នុងទីលានប្រកួតបាល់បោះនេះបាន?
ប្រាកដណាស់ ប៊ូស (Bogues) មិនមែនកើតមកមានថ្វីដៃតាំងពីកំណើតនោះទេ គេមានមាឌល្អិតតាំងពីតូចមកម្ម្ល៉េះ តែគេស្រលាញ់កីឡាបាល់បោះខ្លាំងណាស់ គេបានលេងកីឡាបាល់បោះជាមួយមិត្តភ័កិ្តរបស់គេស្ទើរតែរាល់ថ្ងៃ។ គ្រានោះគេមានក្តីសុបិនថា នឹងអាចទៅលេងនៅក្នុងក្លឹប NBA បាន ពីព្រោះក្លឹប NBA មិនត្រឹមតែមានប្រាក់ខែខ្ពស់ប៉ុណ្ណោះទេ ហើយក៏អាចទទួលបាននូវឋានៈមួយនៅក្នុងសង្គមផងដែរ ហើយវាគឺជាក្តីសុបិននៅក្នុងចិត្តរបស់យុវវ័យដែលស្រលាញ់កីឡាបាល់បោះនៅក្នុងប្រទេសអាមេរិក។
ប៊ូស (Bogues) តែងតែប្រាប់មិត្តភ័កិ្តរបស់គេថា “ពេលដែលខ្ញុំធំឡើង ខ្ញុំនឹងទៅលេងនៅក្លឹប NBA”។ មនុស្សរាល់គ្នាពេលដែលស្តាប់ពាក្យរបស់គាត់ហើយ តែងតែអស់សំណើច ពីព្រោះពួកគេយល់ថា មនុស្សម្នាក់ដែលមានកម្ពស់តែ១ម៉ែត្រ៦០ ដាច់ខាតមិនអាចចូលក្នុងក្លឹប NBA បានឡើយ។
ការសើចចំអករបស់មិត្តភ័កិ្តមិនបានបំបាក់ជំនឿចិត្ត និងឆន្ទៈរបស់ ប៊ូស (Bogues) ឡើយ គេបានប្រើពេលវេលា និងកម្លាំងស្មារតីច្រើនជាងមនុស្សធម្មតាទៅហ្វឹកហាត់ ទីបំផុតក៏បានក្លាយទៅជាកីឡាបាល់បោះដែលពោរពេញដោយសមត្ថភាពមួយរូប ក៏ជាខ្សែការពារដ៏ល្អម្នាក់ផងដែរ។ គេនៅបានបញ្ចេញសមត្ថភាពតូចល្អិតរបស់ខ្លួនយ៉ាងពេញលេញ សកម្មភាពរបស់គេលឿន និងរស់រវើក គូប្រកួតតែងតែមិនអាចការពារបាន ហើយគេមិនសូវមានកំហុសនោះទេ ដោយសារតែគេមានមាឌល្អិតនេះហើយ ទើបញុំាងឱ្យគូប្រកួតមិនសូវចាប់អារម្មណ៍ ដូច្នេះគេតែងតែស៊ុតបាល់ចូលកន្រ្កកបានជារឿយៗ។
ដោយសារតែកត្តាដែល “ហ៊ានទៅគិត” ទើប ប៊ូស (Bogues) ប្រកាន់នូវជំនឿឆន្ទៈរបស់ខ្លួន ដូច្នេះនៅក្នុងវិស័យកីឡាបាល់បោះ គេរឹតតែប្រឹងប្រែង និងតស៊ូបន្ថែមទៀត ដើម្បីតែគោលដៅមួយប៉ុណ្ណោះ គឺបានចូលក្នុងក្លឹប NBA។ ក៏ដោយសារតែមាននូវជំនឿចិត្តដ៏ខ្លាំងក្លាបែបនេះហើយ បណ្តាលឱ្យគេតស៊ូហ្វឹកហាត់ បានយ៉ាងល្អ ហើយនៅក្នុងការប្រកួតនីមួយៗ គេបានបញ្ចេញសមត្ថភាពកាន់តែល្អទៀតផង ទីបំផុតការខិតខំប្រឹងប្រែងរបស់គេពិតជាបានឈានដល់ភាពជោគជ័យមែន។
“ហ៊ានទៅគិត” គឺជាការបង្វិលផ្លាស់ប្តូររបស់ចិត្តមួយប្រភេទ “ហ៊ានទៅគិត” អាចញុំាងឱ្យមនុស្សមានទឹកចិត្តកាន់តែស្រលាញ់ និងដាក់ចិត្តទៅក្នុងការងារនោះ បែបនេះ គេប្រាកដជាអាចធ្វើការងារបានល្អ។ ពីព្រោះជំនឿចិត្តអាចដឹកនាំអ្នកទៅប្រឹងប្រែងគ្រប់ពេលវេលា ប្រាកដណាស់ក៏អាចធ្វើឱ្យការងារកាន់តែអភិវឌ្ឍន៍ទៅមុខដែរ។
ដូច្នេះ មិនថាពេលណាទេ យើងត្រូវផ្តល់ឱ្តខ្លួនឯងនូវជំនឿចិត្តដ៏ខ្លាំងក្លាមួយ ប្រកាន់ខ្ជាប់នូវគោលដៅរបស់ខ្លួន ស្រលាញ់ការងាររបស់ខ្លួន ក៏មានតែបែបនេះទេ ទើបយើងអាចទទួលបានជីវិតដែលយើងចង់បាន៕
អត្ថបទ ៖ Mythical Bird / Knongsrok