មិនថាពេលដែលយើងបំពេញកិច្ចការការងារ ឬនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃទេ យើងឧស្សាហ៍យកនូវការយល់ឃើញផ្ទាល់ខ្លួនមកដោះស្រាយ ឬទៅពិចារណារឿងទាំងនោះ ដោយពេលខ្លះ យើងមានទាំងគំនិតវិជ្ជមាន និងអវិជ្ជមាន។ ចុះហេតុអ្វីបានជានៅពេលដោះស្រាយ ឬជួបបញ្ហាអ្វីមួយ គេតែងប្រាប់យើងថា ដាច់ខាតត្រូវតែគិតទៅលើផ្លូវវិជ្ជមានឱ្យបានច្រើន ទើបបញ្ហាទាំងនោះនឹងដោះស្រាយបានដោយរលូន ដូច្នេះរឿងខាងក្រោមនេះគឺជាឧទារហណ៍ជាក់ស្តែងមួយ ៖
អ្នកស្គាល់ច្បាស់ពីរថយន្តសុទ្ធតែដឹងថា ម៉ាស៊ីនរថយន្តនាពេលបច្ចុប្បន្នច្រើនបំផុតអាចមានដល់ម៉ាស៊ីន១៦ ដូចជារថយន្តដែលមានល្បឿនលឿនជាដើម។ ហើយរថយន្តដែលមានម៉ាស៊ីន៤ ម៉ាស៊ីន៨ក៏ឃើញច្រើនដែរ។ តែមានមនុស្សប៉ុន្មាននាក់ដែលដឹងថា នៅពេលដែលរថយន្តលេចឡើងនៅគ្រាដំបូងនោះ ម៉ាស៊ីន២ត្រូវបានគេយល់ថាជាម៉ាស៊ីនដែលចុងក្រោយគេ មិនអាចបន្ថែមចំនួនម៉ាស៊ីនបានទៀតឡើយ ប៉ុន្តែបែរជាមានមនុស្សមិនជឿចំពោះការយល់ឃើញនេះទៅវិញ។
លោក ហ្វត (Ford) ដែលជាបិតារថយន្តដ៏ល្បីរបស់សហរដ្ឋអាមេរិក នៅពេលបង្កើតរថយន្តដំបូង ក្រុមហ៊ុនរបស់គាត់បង្កើតបានតែម៉ាស៊ីនពីរតែប៉ុណ្ណោះ។ មានថ្ងៃមួយ លោក ហ្វត (Ford) ស្រាប់តែនឹកឃើញគំនិតចម្លែកមួយ។ គាត់យល់ថា បើមានតែម៉ាស៊ីនពីរ កម្លាំងរបស់វាប្រាកដជាមានដែនកំណត់ តើអាចបង្កើតម៉ាស៊ីនច្រើនជាងនេះទេ ដើម្បីពង្រីកកម្លាំងរបស់ម៉ាស៊ីនរថយន្ត។ ដូច្នេះ លោក ហ្វត (Ford) បានរកបុគ្គលិកស្រាវជ្រាវវិទ្យាសាស្រ្តនៅក្នុងក្រុមហ៊ុនគាត់ ហើយនិយាយទៅកាន់ពួកគេថា “ ពេលនេះខ្ញុំចង់ឱ្យពួកលោកស្រាវជ្រាវបង្កើតម៉ាស៊ីនឡាន៤”។
បុគ្គលិកស្រាវជ្រាវក្រោយពីស្តាប់ហើយសុទ្ធតែគ្រវីក្បាល “ពួកយើងមិនមានលទ្ធភាពបង្កើតវាចេញមកបានទេ”។
លោកហ្វត (Ford) បាននិយាយថា “ខ្ញុំមិនខ្វល់ថាបាន ឬមិនបាននោះទេ ពួកលោកទៅស្រាវជ្រាវឱ្យខ្ញុំទៅបានហើយ”។
បន្ទាប់ពីស្រាវជ្រាវអស់មួយឆ្នាំកន្លងទៅ បុគ្គលិកស្រាវជ្រាវនៅតែនិយាយថា “សុំរាយការណ៍លោកថៅកែ រថយន្តដែលមានម៉ាស៊ីន៤មិនអាចផលិតបានទេ”។
លោក ហ្វត (Ford) និយាយដោយខឹងថា “ពួកលោកទាំងនេះសុទ្ធតែអត់បានការ ឱ្យពួកលោកស្រាវជ្រាវ ពួកលោកបន្តស្រាវជ្រាវទៀតទៅ ទោះដល់ឆ្នាំក្រោយខ្ញុំនៅតែត្រូវឱ្យពួកលោកស្រាវជ្រាវម៉ាស៊ីនរថយន្ត៤ដដែល”។
បុគ្គលិកទាំងនេះសុទ្ធតែពឹងក្រុមហ៊ុននេះមកចិញ្ចឹមជីវិត ពាក្យរបស់ថៅកែមិនអាចមិនស្តាប់បានឡើយ ដូច្នេះពួកគេបានចាប់ផ្តើមស្រាវជ្រាវម៉ាស៊ីន៤បន្តទៀត។ ដល់ចុងឆ្នាំនៃឆ្នាំទី២ ការស្រាវជ្រាវរបស់ពួកគេបានរាយការណ៍ថាបរាជ័យម្តងទៀត ដូច្នេះពួកគេបានប្រាប់ទៅ លោក ហ្វត (Ford) ថា "សុំរាយការណ៍លោកថៅកែ រថយន្តដែលមានម៉ាស៊ីន៤ពិតជាមិនអាចផលិតបានមែន”។
គ្រានោះ លោក ហ្វត (Ford) ខឹងខ្លាំងណាស់ ហើយនិយាយថា “ពួកអាល្ងង់ឯងនេះ! ឆ្នាំក្រោយបើនៅតែមិនអាចបង្កើតរថយន្តម៉ាស៊ីន៤បានទេ យើងនឹងបញ្ឈប់ពួកឯងហើយ ! អ្នកណានៅតែនិយាយថាមិនអាចទៅរួចទៀត ឆាប់ចេញពីទីនេះភ្លាមទៅ! យល់ល្អពួកលោកពិចារណាធ្វើយ៉ាងម៉េចទើបអាចផលិតរថយន្តម៉ាសីន៤ឱ្យបាន”។
បុគ្គលិកស្រាវជ្រាវទាំងនោះមានការធុញថប់ជាខ្លាំង តែគ្មានមធ្យោបាយទេ ព្រោះម្នាក់ៗសុទ្ធតែពឹងលើប្រាក់ខែរបស់ថៅកែមកចិញ្ចឹមជីវិត ដូច្នេះមានតែបន្តតទៅទៀត។ ស្មានមិនដល់ថាដល់ពាក់កណ្តាលឆ្នាំទី៣ រថយន្តដែលមានម៉ាស៊ីន៤ពិតជាត្រូវបានបង្កើតចេញមកបានមែន។
ក្រោយមក លោក ហ្វត (Ford) និយាយថា “ពីមុនពួកលោកនិយាយថាមិនអាចទៅរួចទេឬ? ហេតុអ្វីកន្លះឆ្នាំនេះអាចបង្កើតវាចេញមកបានហើយ?” ប្រធានម្នាក់ដែលនៅក្នុងចំណោមនោះបាននិយាយថា “សុំរាយការណ៍លោកថៅកែ នៅក្នុងការយល់ឃើញកាលពីមុន ពួកយើងមិនជឿថា អាចបង្កើតរថយន្តដែលមានម៉ាស៊ីន៤បានទេ។ ប៉ុន្តែកន្លះឆ្នាំមកនេះ ពួកយើងម្នាក់ៗសុទ្ធតែសួរខ្លួនឯងមួយសំនួរថា ពួកយើងធ្វើដូចម្តេចទើបអាចផលិតរថយន្តដែលមានម៉ាស៊ីន៤នេះបាន?
លោក ហ្វត (Ford) និយាយទាំងអស់សំណើចថា “ពួកលោកសួរត្រូវសំនួរហើយ បើពួកលោកសួរថា “ពួកលោកចាំបាច់អ្វីត្រូវផលិតរថយន្តដែលមានម៉ាស៊ីន៤នេះទៅ ដូច្នេះប្រវត្តិនៃឧស្សាហកម្មយានយន្តនឹងត្រូវផ្លាស់ប្តូរជាមិនខាន មិនអាចអភិវឌ្ឍន៍ទៅមុខបានឡើយ។
រឿងមួយនេះចង់ប្រាប់យើងថា មានរឿងជាច្រើនដែលពួកយើងសុទ្ធតែមិនអាចធ្វើមិនបាននោះទេ គឺដោយសារតែយើងខ្វះនូវជំនឿចិត្តដ៏រឹងមាំ និងគំនិតវិជ្ជមានចំពោះកិច្ចការ និងបញ្ហាដែលយើងបានជួបប្រទះនោះ តើមានធ្លាប់ពិចារណាថាធ្វើដូចម្តេចទើបអាចធ្វើវាបាន? មានរឿងជាច្រើននៅក្នុងការងារ និងជីវិតរស់នៅ ដាច់ខាតត្រូវឆ្លៀតពេលមកពិចារណាឱ្យបានច្រើនបន្តិច ហើយគិតទៅរកភាពវិជ្ជមានឱ្យបានច្រើន បែបនេះទើបអាចយករឿងដែលមិនអាចទៅរួចមកធ្វើឱ្យក្លាយទៅជារឿងដែលអាចទៅរួច ទើបអាចធ្វើការងារបានកាន់តែប្រសើរ និងឈានទៅមុខបាន៕
អត្ថបទ ៖ Mythical Bird / Knongsrol