ពេលខ្លះពាក្យផ្ចាញ់ផ្ចាល់របស់អ្នកដទៃ អាចជាកម្លាំងជម្រុញឱ្យអ្នកជោគជ័យ

យុវជនម្នាក់បានដាក់ពាក្យធ្វើជាជំនួយការអ្នកបើករថភ្លើង ហើយអ្នកបើករថភ្លើង គឺជាមនុស្សចូលចិត្តត្អួញត្អែររអ៊ូរទាំ តែងតែបណ្តោសបង្អាប់ដល់ជំនួយការដែលមកថ្មីនោះ។

១ខែកន្លងផុតទៅ យុវជននោះបានទទួលប្រាក់ខែលើកទីមួយនៅក្នុងជីវិតរបស់គេ នៅក្នុងចិត្តរបស់គេដូចជាបានញុំាទឹកឃ្មុំដ៏ផ្អែមអ៊ីចឹង បន្តិចក្រោយមកក៏យកប្រាក់ខែនោះចេញមករាប់។ ពេលដែលកំពុងរាប់បណ្តើរសប្បាយបណ្តើរនោះ អ្នកបើករថភ្លើងម្នាក់នោះក៏ទ្រាំមិនបានហើយនិយាយថា “អាល្អិត កុំទាន់សប្បាយចិត្តពេក ! ឯងស្មានថាឯងអាចឱបចានបាយនេះជាប់ហើយមែនទេ? ប្រាប់ឯងចុះ ឯងត្រូវឆ្លងឱ្យផុត៣ខែទើបរាប់ថាផុតការងារសាកល្បង យ៉ាងណាឯងកុំទៅបង្ករឿងទៅបានហើយ។ បើពីរបីឆ្នាំក្រោយ ឯងមានសំណាងមិនត្រូវបានគេដេញចេញនោះ ឯងអាចដូចយើងអ៊ីចឹង អាចធ្វើជាអ្នកបើករថភ្លើងស្របច្បាប់ម្នាក់ ពេលនោះទើបអាចរាប់លុយបានដោយសប្បាយចិត្តបាន។ ចំពោះពេលនេះ យើងផ្តល់យោបល់ថាឯងគួរតែមើលចានបាយខ្លួនឯងឱ្យបានប្រយ័ត្នបន្តិច ឆាប់ទៅធ្វើការឱ្យបានល្អទៅ!”

យុវជនរូបនោះខឹងឡើងមុខក្រហម គេយល់ថាអ្នកបើករថភ្លើងម្នាក់នេះគ្មានសិទ្ធមកប្រមាថគេបែបនេះទេ។ តែសម្ដីរបស់អ្នកបើករថភ្លើងបែរជារំឭកដល់គេ ឱ្យគេពិចារណាដល់រឿងមួយ “ឬមួយក៏ខ្ញុំគ្រាន់តែអាចយកមុខរបរជាអ្នកបើករថភ្លើងធ្វើជាការងារប្រចាំជីវិតខ្ញុំទេឬ? បើសិនជាបែបនេះ ឆាកជីវិតមួយនេះគ្មានន័យជាមិនខាន?”

Poster,504x498,f8f8f8 Pad,600x600,f8f8f8

គេបានសញ្ជឹងគិតយ៉ាងយូរ ហើយនៅក្នុងចិត្តគេបានកំណត់គោលដៅមួយ គេក៏ងើយក្បាលឡើងរួចនិយាយទៅកាន់អ្នកបើករថភ្លើង ដែលកំពុងរអ៊ូរងៅៗដាក់គេនោះថា “លោកយល់ថាខ្ញុំគ្រាន់តែចង់ធ្វើជាអ្នកបើករថភ្លើងម្នាក់ទេឬ? ប្រាប់លោកចុះ ថ្ងៃអនាគតខ្ញុំត្រូវធ្វើជានាយកចាត់ការទូទៅរបស់ក្រុមហ៊ុនផ្លូវដែកមួយនេះឱ្យបាន។”

“ថាម៉េច ? ហាហា!” អ្នកបើករថភ្លើងបានសើចចំអកដល់គេ សើចយ៉ាងយូរទើបឈប់ ហើយនិយាយចំអកឡកលើយដល់គេថា “លោកថៅកែ! យើងគិតថា យើងត្រូវតែហៅឯងថាលោកថៅកែទើបបាន បើនៅពេលដែលយើងមិនទាន់ចូលនិវត្តន៍ឯងបានធ្វើជានាយកចាត់ការទូទៅមែននោះ យើងសុំអង្វរឯងកុំដេញយើងចេញអី ហាហា។” យុវជនមិនខ្វល់ពីការសើចចំអករបស់គេឡើយ ហើយក៏និយាយដោយមុខមាំថា “បើលោកធ្វើការងារបានល្អ ខ្ញុំមិនដេញលោកចេញទេ។”

“ហាហា! ឯងដេញយើងចេញ? តែយើងចង់ប្រាប់ឯងថា អាល្ងង់ ឆាប់ទៅធ្វើការឱ្យបានល្អទៅ!”

យុវជននោះពិតជាបានទៅធ្វើការមែន តែពាក្យគេដែលបាននិយាយអំបាញ់មិញ មិនមែននិយាយដើម្បីតែចង់បានមុខមាត់នោះទេ។ ចាប់ពីពេលនោះ គេបានយកបទដ្ឋានរបស់នាយកចាត់ការទូទៅមកទាមទារខ្លួនឯង ប្រឹងប្រែងទៅបណ្តុះបណ្តាលគុណសម្បត្តិផ្សេងៗដែលនាយកឆ្នើមម្នាក់ត្រូវមាន។ ពីព្រោះនៅក្នុងចិត្តរបស់គេមានគោលដៅមួយជាក់លាក់ ចំណេះដឹង ពាក្យសម្ដីកាយវិការ ឥរិយាបថធ្វើការរបស់គេ គឺមិនដូចគ្នាជាមួយនឹងបុគ្គលិកផ្សេងៗនោះឡើយ គេផ្តល់ឱ្យមនុស្សជុំវិញខ្លួនមានអារម្មណ៍ថាគេមានលក្ខណៈពិសេសមិនដូចអ្នកដទៃ។

Poster,504x498,f8f8f8 Pad,600x600,f8f8f8.u7

ដោយបែបនេះ នៅក្នុងក្រុមហ៊ុនគេបានរីកចម្រើនពីជាជំហានៗ ចាប់ពីអ្នកបើករថភ្លើងហាត់ការម្នាក់ រហូតដល់អ្នកបើកស្របច្បាប់ ក្រោយមកបានធ្វើជានាយរង ដល់ចុងក្រោយធ្វើជានាយកធំ ១០ឆ្នាំក្រោយមក ទីបំផុតគេបានក្លាយទៅជាប្រធានចាត់ការទូទៅរបស់ក្រុមហ៊ុនផ្លូវដែក Maximiliansau នៅក្នុងប្រទេសអាល្លឺម៉ង់មែន។

សាកគិតមើល បើសិនជាគោលដៅរបស់យុវជនម្នាក់នោះគ្រាន់តែជាប្រាក់ខែបន្តិចបន្តួចនោះ ដូច្នេះគេអាចក្លាយជានាយកចាត់ការទូទៅបែបនេះដែរឬទេ? យុវវ័យនាពេលបច្ចុប្បន្នព្រោះតែត្រាំត្រែងនៅក្នុងភាពលំបាកយ៉ាងយូរ ដូច្នេះទើបមិនអាចរកឃើញនូវគោលដៅពិតប្រាកដបាន។ ដ្បិតតែអ្នកបើករថភ្លើងនោះនិយាយពាក្យមិនពីរោះស្តាប់មែន តែបើនិយាយចំពោះរូបគេវិញប្រៀបបីដូចជាបានស្តាប់ពាក្យបំភ្លឺដ៏មានន័យមួយអ៊ីចឹង ជីវិតរបស់គេបានបង្វិលនៅពេលដែលស្តាប់ឮពាក្យរបស់អ្នកបើករថភ្លើងម្នាក់នោះ។

មនុស្សម្នាក់រកឃើញទិសដៅច្បាស់លាស់ បង្កើតនូវគោលដៅរបស់ខ្លួនឯង មានប្រសិទ្ធភាពជាងការប្រឹងប្រែងដប់ម្ភៃឆ្នាំដោយគ្មានទិសដៅទៅទៀត។ ជីវិតដែលបរាជ័យភាគច្រើនសុទ្ធតែគ្មានទិសដៅ ឬក៏រកមិនឃើញទិសដៅ។

មនុស្សជាច្រើនបានចាត់ទុកភាពជោគជ័យរបស់អ្នកដទៃជាជោគសំណាង យកភាពបរាជ័យ ចាត់ទុកជារឿងដែលគ្មានសំណាង ដូច្នេះក៏បោះបង់ចោលការប្រឹងប្រែងតែម្តងទៅ។ តាមពិតទៅ ពួកគេមិនបានដឹងថា រាល់អ្នកជោគជ័យគ្រប់រូប ពួកគេតែងស្វែងរកគោលដៅ និងប្រកាន់ខ្ជាប់គោលដៅរបស់ខ្លួនជានិច្ច ព្រោះរាល់អ្វីដែលពួកគេខិតខំធ្វើ មនុស្សធម្មតាសុទ្ធតែមិនអាចនឹកស្មានដល់នោះឡើយ៕

អត្ថបទ ៖ Mythical Bird / Knongsrok