ភាពប៉ិនប្រសប់ ជាសិល្បៈដ៏ល្អមួយក្នុងការធ្វើឱ្យបុគ្គលិករីករាយ និងសប្បាយចិត្ត ដើម្បីបំពេញការងារឱ្យក្រុមហ៊ុនដោយមិនខ្លាចនឿយហត់ និងកម្រចាកចេញពីក្រុមហ៊ុនដែលកំពុងធ្វើការទៅកន្លែងផ្សេង។ នេះបើតាមលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ថ្លែងនៅក្នុងសិក្ខាសាលាកាលពីកន្លងទៅ។
អ្នកជំនាញវិស័យអាជីវកម្មដដែលបន្ថែមថា ក្នុងនាមជាសហគ្រិនពូកែ មិនមែនប្រសប់ត្រឹមតែការគ្រប់គ្រងមុខជំនួញ គ្រប់គ្រងលុយកាក់ប៉ុណ្ណោះទេ តែក៏ពូកែក្នុងការគ្រប់គ្រងបុគ្គលិកផងដែរ។ លោកបញ្ជាក់ថា ថៅកែ ឬសហគ្រិនខាងលើនេះ អាចពិបាករកជាងបុគ្គលិកល្អទៅទៀត ព្រោះសហគ្រិនភាគច្រើនតែងតែឆេវឆាវ អំណួត ឆាប់ច្រឡោត មើងងាយ និងខ្វះការគ្រប់គ្រងអារម្មណ៍របស់ខ្លួន។
វាគ្មិនដ៏មានប្រជាប្រិយរូបនេះបន្ថែមថា៖ «បុគ្គលខ្លះបើចង់ដឹកនាំ ឬគ្រប់គ្រង ទាល់តែប្រើធម៌ក្តៅ ឬប្រើពាក្យគ្រោតគ្រាត ទើបព្រមធ្វើតាម តែមនុស្សមិនមែនសុទ្ធតែបែបហ្នឹងទាំងអស់នោះទេ។ មានបុគ្គលិកខ្លះគាត់មិនចូលប្រើពាក្យបញ្ជា ឬពាក្យគ្រោតគ្រាតនោះទេ តែគាត់ចូលចិត្តប្រើពាក្យសម្តីទន់ភ្លន់ ផ្អែមល្ហែម » ។
អ្នកជំនាញវិស័យអប់រំដដែលផ្ដល់នូវត្រីវិស័យដូច្នេះថា៖ «ក្នុងនាមជាអ្នកគ្រប់គ្រង ឬដឹកនាំគេ ត្រូវស្គាល់ពីចរិតបុគ្គលិករបស់ខ្លួនឱ្យបានច្បាស់ ព្រោះការស្គាល់ច្បាស់ គឺធ្វើឱ្យដំណើរការគ្រប់គ្រង ឬអាជីវកម្មរបស់យើងទទួលបានជោគជ័យ» ។
លោកបន្តថា ដើម្បីដឹកនាំនិងគ្រប់គ្រងបានល្អ អ្នកដឹកនាំត្រូវមានចំណេះដឹង មានសីលធម៌ មានភាពប៉ិនប្រសប់ក្នុងការទំនាក់ទំនង ចេះរួសរាយ រាក់ទាក់ ចេះនិយាយលេងសើចក្នុងន័យល្អ តែមិនរើសអើង មិនប្រកាន់បក្សពួកនិយមឡើយ។
លោកឧកញ៉ា វេជ្ជបណ្ឌិត សង្កត់ធ្ងន់ថា៖ «សិល្បៈនៃការដឹកនាំពិតជាពិបាក ព្រោះភាគច្រើនគ្មានបង្រៀននៅក្នុងសាលារៀនឡើង ដូច្នេះ ការដឹកនាំល្អនៅក្នុងអង្គភាព ឬស្ថាប័នទៅបាន គឺអាស្រ័យទៅលើទេពកោសល្យ និងភាពប៉ិនប្រសប់របស់អ្នកដឹកនាំ ឬគ្រប់គ្រងតែប៉ុណ្ណោះ» ។
គួររម្លឹកថា លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ត្រូវបានគេស្គាល់ថាជាម្ចាស់ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលមានតួនាទីជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ ផ្ដោតសំខាន់ទៅលើវិនិយោគវិស័យអប់រំនៅកម្ពុជា ៕ ប្រភពោះ interconrooster.com