#បេះដូងជួយអ្នករៀនសូត្រ
ជាឆន្ទៈនិងមនសិការខ្ញុំ ដែលដក់ជាប់ក្នុងក្រឳបេះដូងក្នុងនាមជាកូនខ្មែរមួយរូប ខ្ញុំមានបំណងប្រាថ្នាជួយដល់កូនខ្មែរដែលទីទ័លក្រ ពុំមានឱកាសក្នុងការសិក្សា ហើយពួកគាត់សុទ្ធតែជាអ្នកសិក្សារៀនសូត្រពូកែ និងតស៊ូក្នុងជីវិត។
ខ្ញុំចង់ផ្ដល់ជាឱកាសឱ្យពួកគាត់បានបន្ដការសិក្សា និងក្រេបយកចំណេះដឹងបន្ថែមទៀត ដែលនឹងធ្វើឱ្យជីវិតពួកគាត់មានពន្លឺនៅថ្ងៃអនាគត ហើយពួកគាត់ទាំងអស់សុទ្ធតែជាសសរស្នូលនៃបេះដូងប្រទេសជាតិ។
ខ្ញុំមានទឹកចិត្តបែបនេះក៏ពិតមែន ប៉ុន្តែខ្ញុំក៏បានផ្ដាំដល់អ្នកមានទាំងឡាយដែរថា សូមកុំទៅដណ្ដើមអាហារូបករណ៍ពីអ្នកក្រីក្រអី ទុកឱ្យខ្ញុំបានជួយតែអ្នកខ្វះខាតពិតប្រាកដដែលពួកគាត់ពិតជាត្រូវការជំនួយពីខ្ញុំ។
ចំពោះអ្នកមានដែលតែងតែថាខ្លួនក្រ ខ្ញុំមិនអាចជួយបានទេ ក្រប្រភេទពួកគាត់នេះគឺស្មើនឹងអ្នកមានធ្វើខ្លួនក្រ មិនតែប៉ុណ្ណោះថែមទាំងមានគំនិតអាក្រក់ខ្លាំងទៀតផង ដើរជំរិតអាហារូបករណ៍អ្នកនេះ អ្នកនោះ ដោយអាងអំណាចខ្លួនជាអ្នកមានបុណ្យស័ក្កិធំ។
កន្លងមក ខ្ញុំមានអារម្មណ៍អន់ចិត្ត នៅពេលដែលខ្ញុំដឹងថា អាហារូបករណ៍មួយចំនួនត្រូវបានប្រគល់ជូនកូនអ្នកមានជីវភាពធូរធារ ដែលធាតុពិតក្នុងឱកាសនោះ គួរតែបានដល់ដៃកូនអ្នកក្រពិតប្រាកដ។ ចំពោះខ្ញុំ ខ្ញុំចង់ជួយឱ្យចំគោលដៅដែលមានតម្រូវការ ហើយខ្ញុំចង់ផ្តល់ឱកាសពិតប្រាកដដល់សិស្សក្រីក្រឱ្យមានឱកាសបន្តការសិក្សារៀនសូត្រពិតប្រាកដរបស់ខ្លួន។
ការជួយនេះ បើយើងជួយអ្នកដែលមានលទ្ធភាពស្រាប់ គឺមិនសូវជាមានអត្ថន័យចំពោះពួកគាត់ប៉ុន្មានទេ ដ្បិតពួកគាត់មានជីវភាពល្អ រៀនបានច្រើនជម្រើស ហេតុនេះការជួយរបស់យើងមិនសូវជាធ្វើឱ្យពួកគាត់មានមោទនភាពនោះឡើយ។
ប៉ុន្តែបើសិនជាការជួយរបស់យើងប៉ះចំកូនកម្មករ កសិករ មកពីជនបទ ដែលគ្នាមានឆន្ទៈពិតប្រាកដក្នុងការរៀនសូត្រ តែអត់មានលុយរៀន ហើយបន្ទាប់ពីយើងជួយគាត់ គាត់ទទួលបានជោគជ័យ មានការងារធ្វើល្អ អាចជួយស្តារស្ថានភាពជីវភាពគ្រួសាររបស់ពួកគាត់ទៀតនោះ គឺយើងបានផ្លាស់ប្តូរពួកគាត់បានយ៉ាងពិតប្រាកដ នោះទើបមានន័យសម្រាបពួកគាត់។
ពួកគាត់នឹងមានមោទនភាពបំផុតចំពោះយើង ហើយថែមទាំងចងចាំគោរពដឹងគុណអ្នកជួយពួកគេនោះថែមទៀតផង។ អ្នកទទួលជំនួយប្រភេទនេះ គឺផលិតបានមកពីការប្រឹងប្រែង ការខិតខំ ការលះបង់ និងការប្រឆាំងនឹងភាពវេទនា គ្រាប់ពូជប្រភេទនេះ បើដុះហើយ នោះច្បាស់ជាអាចបែកមែកសាខាផ្តល់ជាម្លប់ក្នុងសង្គមជាក់ជាមិនខាន៕