ធ្លាប់ឆ្ងល់និងគិតដែរទេ ហេតុអ្វីមនុស្សស្រីមួយចំនួនស្អាតក៏ស្អាត ពូកែក៏ពូកែ តែមិនទាន់មានគូជីវិតនឹងគេ? តាមពិតទៅវាមានហេតុផលជាច្រើននៅពីក្រោយនោះ ដែលពាក់ព័ន្ធនឹងអត្តចរិត និងភាពជាខ្លួនឯងខ្លាំងពេក ដែលមិនអាចផ្លាស់ប្តូរដើម្បីបំពេញចិត្តដៃគូម្ខាងទៀត។
ក្នុងអត្ថបទនេះ Knongsrok បង្ហាញ ៥ ចំណុចដែលធ្វើឲ្យនារីភាគច្រើនពិបាកនឹងបានប្តីខ្លាំងបំផុត៖
៥) ល្អពេក
ពាក្យថាល្អពេក អ្នកមិនខុសនោះទេ តែវាជារឿងធម្មតាទៅហើយ។ មនុស្សស្រីដែលមានការងារធ្វើខ្ពង់ខ្ពស់ អាចរកបានប្រាក់ចំណូលលើសលប់ដោយខ្លួនឯង ច្រើនតែអភ័ព្វមិនងាយនឹងបានស្វាមីនោះទេ។ នោះក៏ដោយសារតែបុរសល្មមៗក៏គេមិនហ៊ានចូលសួរ ព្រោះពួកគេគិតថា គេមិនសូវមានទំនុកចិត្តក្នុងការចាប់ផ្តើមទំនាក់ទំនងជាមួយអ្នក បែបនេះបើទាល់ខ្លាំង មានតែអ្នកបន្ទាបខ្លួនធ្វើរាងទន់ខ្សោយបន្តិច។
៤) ការអត់ធ្មត់នៅមានកម្រិត
មនុស្សគ្មានអ្វីធំជាងការអត់ធ្មត់នោះទេ មិនថាតែក្នុងជីវិតស្នេហា ឬជីវិតរស់នៅធម្មតានោះឡើយ។ ការដែលមានការអត់ធ្មត់ទាបពេក ឬឆាប់ខឹង ឆាប់ឆេវឆាវ ប្រសិនណាបុរសដែលរៀបស្រលាញ់អ្នក គេបានដឹង នោះគេក៏នឹងកាត់ចិត្តចាកចេញទៅដែរ។
៣) មិនចុះចាញ់សោះ
ការដែលរឹងមាំខ្លាំងពេក ជឿជាក់លើខ្លួនឯងខ្លាំងពេក វាធ្វើឲ្យដៃគូម្ខាងទៀតពិបាកក្នុងការសម្របខ្លួនជាមួយ។ ជាក់ស្តែងគឺពេលឈ្លោះប្រកែកឬមិនត្រូវគ្នា ក្នុងទំនាក់ទំនងស្នេហា គឺទាមទារឲ្យមានការអត់ឱនទៅមុខ តែបើម្ខាងទាមទាររកឈ្នះរហូត ក៏មិនអាចរស់នៅជាមួយគ្នាបានដែរ។
២) និយាយដោយមិនឆ្លងកាត់ខួរក្បាល
ពាក្យនេះស្តាប់ទៅរាងធ្ងន់បន្តិច តែវាជាការពិត ការដែលមនុស្សស្រីនិយាយគ្រប់យ៉ាង ត្អូញត្អែរគ្រប់យ៉ាង ដោយមិនខ្វល់ពីអារម្មណ៍មនុស្សក្បែរខ្លួន នោះយូរទៅក៏គេធុញទ្រាន់លែងចង់នៅក្បែរដែរ។ នារីប្រភេទនេះ ពិបាករកឃើញស្នេហាពិតជាទីបំផុត ព្រោះនាងខ្លួនឯងផ្ទាល់ មិនទាន់យល់ច្បាស់អំពីពាក្យពេចន៍ដែលត្រូវប្រើជាមួយដៃគូផងនោះ។
១) ស្វែងរកបុរសល្អឥតខ្ចោះ
ស្នេហាពិត វាកើតឡើងពីការកែតម្រូវគ្នាទៅមក មិនមែនចាប់ផ្តើមឡើង អ្នកអាចជួបបុរសដែលមានពិន្ទុ ១០០ ពេញនោះទេ។
បើអ្នកសម្លឹងចង់បានតែបុរសសង្ហារ មាន ពោរពេញដោយចំណេះដឹង មានគេរាប់រកច្រើន អ្នកប្រហែលជាពិបាករកបន្តិច តែបើត្រឹមរកបុរសដែលស្មោះត្រង់នឹងអ្នក ហើយសឹមបំពេញចំណុចផ្សេងទៀតមកតាមក្រោយ នោះប្រហែលជាមិនពិបាកពេកទេ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក