Diogo Dalot បានអភិវឌ្ឍន៍ខ្លួនក្លាយជាកីឡាករសំខាន់របស់ AC Milan ក្នុងជម្រើសដំបូង១១នាក់ក្រោយចាកចេញពី Man Utd ក្នុងកុងត្រាខ្ចីជើងហើយគ្រូបង្វឹកលោក Stefano Pioli បាននិយាយថាអនាគតរបស់កីឡាកររូបនេះនឹងសម្រេចនៅពេលក្រោយ ខណៈលោកពេញចិត្តការប្រឹងប្រែងរបស់កីឡាករវ័យក្មេងរូបនេះ។
និយាយអំពីអនាគតរបស់ Diogo Dalot គ្រូបង្វឹករបស់ក្លឹប AC Milan លោក Stefano Pioli បាននិយាយថា៖“ យើងពិតជារីករាយជាមួយនឹងការបង្ហាញទម្រង់លេងរបស់គាត់និងវិធីដែលគាត់បានអភិវឌ្ឍជាកីឡាករម្នាក់"។
"វាជាការងាររបស់ខ្ញុំដែលត្រូវផ្តោតលើ Serie A និង Europa League ។ វាមិនមែនជារឿងដែលខ្ញុំត្រូវសំរេចថាតើអនាគតរបស់គាត់យ៉ាងម៉េចទេ តែយើងនឹងសម្រេចនៅពេលចប់រដូវកាលនេះ"។
Dalot បានបង្ហាញខ្លួន ២២ ប្រកួតសម្រាប់ក្រុម AC Milan នៅរដូវកាលនេះ (សរុបសកម្មភាព ១.៦១៨ នាទី) រួមទាំងការប្រកួតជាមួយក្រុម Manchester United ក្នុងពាន Europa League វគ្គ ១៦ ក្រុមចុងក្រោយនៅទឹកដី Old Trafford កាលពីថ្ងៃព្រហស្បតិ៍។
ស្របពេលដែលខ្សែការពាររូបនេះ ហាក់ដូចជារីករាយក្នុងការបន្តអាជីពរបស់គាត់ក្នុងក្របខ័ណ្ឌ Serie A ការសម្រេចចិត្តចុងក្រោយលើអនាគតរបស់កីឡាករវ័យ ២១ ឆ្នាំនឹងត្រូវបានធ្វើឡើងបន្ទាប់ពីយុទ្ធនាការ ២០២០/២១ បានបញ្ចប់។