កំហឹង អ្នកណាៗក៏ធ្លាប់មានដែរ គ្រាន់តែថាអ្នកខ្លះចេះពីវិធីគ្រប់គ្រងវា និងអ្នកខ្លះមិនអាចទប់ស្កាត់កំហឹងនោះបាន រហូតបណ្តោយឱ្យវាបែកខ្ចាយតាមរយៈអារម្មណ៍មួយឆាវៗទៅលើមនុស្សជុំវិញខ្លួនទៅវិញ។ កំហឹងឆេវឆាវមួយគ្រាៗដោយគ្មានគិតពិចារណា នឹងធ្វើឱ្យអ្នកអាចនឹងធ្វើអ្វីខុសឆ្គងដោយមិនដឹងខ្លួន អាចនឹងសម្រេចចិត្តខុស ឬក៏អាចនិយាយពាក្យសម្តីដែលមិនសមគួរនឹងនិយាយ ហើយនៅពេលដែលកំហឹងរបស់អ្នករលត់បាត់អស់ វាអាចនឹងធ្វើឱ្យអ្នកមានសេចក្តីសោកស្តាយក៏ថាបានដែរ។
នៅក្នុងនោះដែរ រឿងអប់រំខ្លីមានចំណងជើងថា «កូនដែកគោល» ក៏បានបង្ហាញពីអត្ថន័យអប់រំប្រៀនប្រដៅផ្តល់មេរៀនអំពីកំហឹងដែរ។ ដោយក្នុងរឿងនេះបាននិយាយពី កុមារមួយរូបដែលមានចរិតរឹងរូស មិនស្តាប់បង្គាប់ ក្អេងក្អាង និងចូលចិត្តមានជម្លោះដោយសារតែកំហឹង។ ក្រោយពីមិនអាចប្រដៅកូនបាន ម្តាយកុមារនោះបានយកកុមារាទៅផ្ញើនឹងព្រះសង្ឃបង្រៀនអប់រំ។ ពេលនោះព្រះសង្ឃបានមានសង្ឃដិកា ប្រសិនជាកុមារមានកំហឹងម្តងៗ ត្រូវយកដែកគោលទៅដំលើដើមឈើនោះ។
ក្រោយពីបានធ្វើតាមដំបូន្មានព្រះសង្ឃ រួចរាល់ព្រះសង្ឃក៏បានទូន្មានប្រៀនប្រដៅនូវសម្តីមួយឃ្លាយ៉ាងមានន័យថា៖ «នៅពេលដែលយើងខឹងនរណាម្នាក់ វាយដំ ប្រទេច ផ្តាសា ដោយគ្មានការពិចារណា ទៅលើមិត្តភក្តិ បងប្អូន ក្រុមគ្រួសារ និងមនុស្សម្នាទាំងឡាយទោះបីជាយើងសុំទោសក៏ដោយ ក៏ពួកគេមិនអាចបំភ្លេចរឿងរ៉ាវមិនល្អ ដែលយើងបានធ្វើទៅលើពួកគេដែរ ប្រៀបបីដូចជាដែកគោលដែលដំលើដើមឈើ ស្នាកស្នាមនៅតែជាប់ដដែល។ យើងត្រូវដឹងថាកំហឹងគឺជាដុំភ្លើងដ៏ក្តៅ ដែលអាចបំផ្លាញខ្លួនយើង ក្រុមគ្រួសារយើង និងមនុស្សជុំវិញយើង ដូចពាក្យចាស់ថាខឹងខុស ខឹងខូច ខឹងខាត ខឹងមិនឆ្លាតខូចប្រយោជន៍ខ្លួនយើង និងក្រុមគ្រួសារយើង»។
ក្រោយស្តាប់សង្ឃដិកា ដ៏មានអត្ថន័យជ្រាលជ្រៅរួចមក កុមារាបានភ្ញាក់ខ្លួន រួចកែប្រែខ្លួនឯងក្លាយជាមនុស្សល្អជាងមុន។
ដើម្បីជ្រាបច្បាស់ សូមទស្សនាវីដេអូអប់រំរឿងខ្លី «កូនដែកគោល» ខាងក្រោមនេះ ៖
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក