ជាការពិតណាស់សព្វថ្ងៃនេះមនុស្សម្នាក់ៗ តែងតែប្រឹងប្រែងស្វែងរក និងចង់ធ្វើឱ្យជីវិតខ្លួនឯងមានភាពល្អប្រសើរ តាមរយៈការស្វះស្វែងបំពេញតម្រូវការខាងក្រៅ ដូចជារូបរាង ការតាក់តែង សំភារៈនិយម និងភាពស៊ីវីល័យជាដើម។
តែបើសង្កេតតាមការជាក់ស្តែងមនុស្សភាគច្រើនកាន់តែមានបាន កាន់តែស៊ីវីល័យ គុណធម៌ជីវិត និងសេចក្តីសុខនៅក្នុងជីវិតកាន់តែបាត់បង់បន្តិចម្តងៗ។ ហេតុនេះហើយ តើសេចក្តីសុខពិត និងគុណភាពជីវិតពិត ដែលនាំមកនូវសុភមង្គល និងសន្តិភាព ពិតជាអាស្រ័យទៅលើរបស់របរក្រៅខ្លួន ឬយ៉ាងណា?
ជាក់ស្តែង ការពិតទៅ ជីវិតមនុស្សម្នាក់ៗដែលមានក្តីសុខ និងសន្តិភាពក្នុងសង្គមមិនមែនបានមកពីរបស់ក្រៅខ្លួនឡើយ សេចក្តីសុខពិតគឺកើតពីចិត្ត ចិត្តដែលមានគុណភាព ចិត្តដែលនាំឱ្យមានសន្តិភាពដល់ជីវិត និងសហគមន៍ដែលយើងរស់នៅ។ នេះបើយោងតាមវីដេអូរឿងអប់រំខ្លីដែលមានចំណងជើងថា «ពែងតែ »ក៏បានបង្ហាញពីអត្ថន័យដ៏មានតម្លៃដែរថា៖
«រសជាតិតែមិនបានផ្លាស់ប្តូររសជាតិពិតប្រាកដដោយសារតែពែងដែលដាក់តែនោះទេ ពែងប្រណីតយ៉ាងណាក៏មិនអាចជួយឱ្យតែកាន់តែឈ្ងុយឆ្ងាញ់ជាងមុនដែរ បើស្លឹកតែគឺជាតែដែលគ្មានគុណភាព ហើយទឹកមិនល្អ ។
ហើយមនុស្ស ឬសង្ឃវិញ ទោះស្លៀកសំលៀកបំពាក់ល្អប្រណីត ឬចីពរ២ ៣ជាន់ ពណ៌ឆើតឬក៏អត់ ក៏មិនអាចជួយឱ្យគុណភាពជីវិតបានប្រសើរឡើងនោះទេ ។ ពោល ស្លឹកតែល្អទឹកល្អផ្តល់រសជាតិពិតប្រាកដ ឯគុណភាពជីវិតអាស្រ័យសុខភាពផ្លូវចិត្ត ហើយចិត្តដែលមានគុណភាព ផ្តល់សន្តិភាពផ្លូវចិត្ត ដល់ផ្ទះដែលយើងរស់នៅ និងសហគមន៍ដែលយើងរស់នៅអាស្រ័យ ។ ដូច្នេះមានសន្តិភាពនៅក្នុងសហគមន៍ ប្រសើរជាងមានកុដិប្រណីត ឬផ្ទះប្រណីតស្នាក់នៅទៅទៀត»។
ដើម្បីឱ្យកាន់តែជ្រាបច្បាស់ សូមទស្សនាវីដេអូអប់រំខ្លីមានចំណងជើងថា«ពែងតែ »ខាងក្រោមនេះទាំងអស់គ្នា៖