នៅពេលដែលមនុស្សម្នាក់ មានចំណងចងជាប់នៅក្នុងចិត្តហើយនោះ ទោះយ៉ាងណា ក៏ពិបាកនឹងស្រាយដែរ។
ឧទាហរណ៍ ៖ ដូចជាដំរីមាឌធំមួយក្បាល តែបែរជាចាញ់ច្រាបនឹងខ្សែចំណងដ៏តូចមួយទៅវិញ នេះគឺមកពីចិត្តជាប់ចំណង មិនមែនមកពីវាគ្មានកម្លាំងក្នុងការជម្នះខ្សែចំណងនោះឡើយ។
នៅពេលដែលចិត្តរបស់យើងបានជាប់ចំណង ស្ថិតក្រោមការគ្រប់គ្រងនៃការចាក់មនោគមន៍ ឬអារម្មណ៍ មនោសញ្ចេតនារបស់នរណាម្នាក់ហើយនោះ យើងក៏នឹងមិនមានគំនិតគិតឃើញអ្វីផ្សេង ក្រៅតែពីបណ្ដែតបណ្ដោយឱ្យទៅតាមកាលៈទេសៈ ស្ថានការណ៍ និងបញ្ហាដែលកើតមាននោះឡើយ។
វាក៏ដូចគ្នា ដែលគេតែងតែនិយាយថា ដើរបានឆ្ងាយ ឬជិត មិនស្ថិតលើជើងយើងទេ តែវាស្ថិតនៅលើចិត្តរបស់យើង មានកម្លាំងក្នុងការតស៊ូ ពុះពារ ព្យាយាមក្នុងការជម្នះបានកម្រិតណា។ ពេលខ្លះ យើងមិនមានកម្លាំងកាយគ្រប់គ្រាន់ក្នុងការប្រឈមជាមួយនឹងបញ្ហាដែលបានកើតឡើងទេ តែផ្ទុយទៅវិញ យើងមានក្ដីសង្ឃឹម និងកម្លាំងចិត្តដ៏ធំធេង ដែលបានជម្រុញឱ្យយើងអត់ធ្មត់ តស៊ូបន្ត ដើម្បីជម្នះ យកឈ្នះលើបញ្ហាគ្រប់បែបយ៉ាង អាចឱ្យយើងបន្តទៅបាន ឈាន់ទៅរកភាពជោគជ័យ និងគោលដៅដែលយើងត្រូវការ។
មនុស្សយើងអាចជោគជ័យ ឬបរាជ័យ ក៏ស្ថិតនៅលើចិត្តនេះហើយ តើចិត្តយើងរឹងប៉ឹងប៉ុនណា? ចិត្តយើងមុះមុតប៉ុនណា? ចិត្តយើងមានកម្លាំងខ្លាំងប៉ុនណា? តែបើចិត្តយើងមិនមានឥទ្ធិពលអ្វីហើយនោះ ទោះយើងឆ្លាត ឬមានកម្លាំងកាយខ្លាំងយ៉ាងណា ក៏មិនអាចទៅមុខបានដែរ ព្រោះតែចិត្តមិនខ្លាំង ចិត្តមិនចង់៕
អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ