ហេតុអ្វីមនុស្សបែកគ្នា ចូលចិត្តតែនិយាយអាក្រក់ពីគ្នា?

ពាក្យចាស់ពោលថា " ឃ្លានឆ្ងាញ់ ស្រឡាញ់ល្អ " វាជាការពិតណាស់ តែដល់ពេល " ល្អក់កករ អ្វីៗក៏ប្រែជាអាក្រក់ "។​ មនុស្ស ទោះស្រឡាញ់គ្នាប៉ុនណា ក៏អាចហែកហួរ និយាយអាក្រក់ពីគ្នាបានដែរ នៅពេលដែលបែកចែកផ្លូវគ្នា។

ជាធម្មតាទេ ពេលនៅស្រឡាញ់គ្នា ប្រាកដជាមើលមិនឃើញពីចំណុចអាក្រក់ពីគ្នាឡើយ ឬអាចនិយាយបានថា ឃើញដែរ តែធ្វើជាមិនឃើញ ឬមិនយកជាការ ព្រោះតែអារម្មណ៍ និងចិត្តស្រឡាញ់ បិទបាំងអស់។ ប៉ុន្តែ នៅពេលដែលចាប់ផ្ដើមមានបញ្ហា ថ្នាំងថ្នាក់ដាក់គ្នា ក៏កើតជាអារម្មណ៍មិនពេញចិត្ត កុំថាឡើយទង្វើ ឬសម្ដី សូម្បីតែមិនធ្វើអ្វីសោះ ក៏អាចធ្វើឱ្យដៃគូធុញទ្រាន់ មិនពេញចិត្តដែរ ហើយពេលដែលចាប់ផ្ដើមបែកគ្នា ក៏ចាប់ផ្ដើមសើរើ គាស់កកាយ យករឿងមិនល្អរបស់គ្នាមកនិយាយដើម ប្រាប់អ្នកនេះ ឬអ្នកនោះ ឬអាចនឹងហែកហួរគ្នា ប្រាប់អ្នកថ្មីផងក៏ថាបាន។

មានអ្នកខ្លះ និយាយអាក្រក់ពីមនុស្សអតីត ឬដៃគូចាស់ មកប្រាប់អ្នកថ្មី ដើម្បីឱ្យអ្នកថ្មី គិតថាខ្លួនល្អ តែគេប្រហែលជាភ្លេចហើយថា កាលនៅទាក់ទងអ្នកចាស់ ខ្លួនក៏មានចំណុចមិនល្អដូចគ្នា ខ្លួនក៏មានចំណុចអាក្រក់ដែរ ហើយការដែលនិយាយមិនល្អពីអ្នកចាស់ វាក៏បង្ហាញឱ្យអ្នកថ្មីដឹងថា ចំណុចនេះហើយ ដែលធ្វើឱ្យដៃគូមិនទុកចិត្តគ្នា ព្រោះការបរិយាយមិនល្អពីអ្នកដទៃ មានន័យថា យើងកំពុងតែប្រាប់គេថាយើងជាមនុស្សបែបណា។

យ៉ាងណាក៏ដោយ មនុស្សបើបែកគ្នាហើយ គួរតែកុំនិយាយអាក្រក់ពីគ្នាអី ទោះគេមានចំណុចអាក្រក់ច្រើនប៉ុនណា ទោះគេធ្វើឱ្យយើងឈឺចាប់ប៉ុនណា តែយ៉ាងណា ក៏គេធ្លាប់ជាមនុស្សយើងស្រឡាញ់ដែរ គេធ្លាប់នៅក្បែរ ធ្លាប់មើលថែ និងយកចិត្តទុកដាក់ចំពោះយើងដែរ។ ម្យ៉ាងវិញទៀត ការនិយាយមិនល្អពីគ្នា វានាំតែរឿងក្ដៅក្រហាយ និងធ្វើឱ្យអ្នកក្រោយ មិនពេញចិត្ត ឬទើសទាល់តេប៉ុណ្ណោះ៕

75c683fada0766ae3ffe4dbb8b7fae90

Be2cb207bcaf1816c987de59ed6b64db

C6756c90946b4272d59bf7b64770d619

អត្ថបទ ៖ ភី អេច

ក្នុងស្រុករក្សាសិទ្ធ