ប្រជាជនខែ្មរ ក៏តែងតែចងចាំ និងយល់គ្រប់ៗគ្នាថា "បុណ្យភ្ជុំបិណ្យ" គឺជាការធ្វើបុណ្យដាក់បិណ្ឌ ដើម្បីឧទ្ទិសដល់ បេតបុគ្គលជាឪពុក ម្តាយ បងប្អូន ញាតិសន្តានទាំងឡាយ ដែលបានចែកស្ថានទៅ ហើយ មិនដឹងជាទៅចាប់កំណើតនៅលោកខាងមុខជាអ្វីនោះ។
ដើម្បីឧទិ្ទសកុសលចំពោះបេតបុគ្គល ឬប្រេតបុគ្គល (ពាក្យ "បេត" ជាពាក្យបាលី ឯពាក្យ "ប្រេត" ជាពាក្យសំស្រ្កឹត)
ដើម្បីឲ្យបានសេចក្តីសុខចម្រើន សិរីសួស្តីដែលកើតពីផលទានរបស់ខ្លួន។
ដើម្បីបង្កើតសាមគ្គីរបស់ជាតិ គឺការស្រុះស្រួលគ្នាទាំងពេលវេលាកំណត់ទាំងការធ្វើនំគម អន្សម ពេញទូទាំង ព្រះរាជាណាចក្រកម្ពុជា យើងក៏អាចកត់សម្គាល់ នូវពាក្យមួយទៀតថា "បុណ្យសែនដូនតា" ដែលជាពាក្យសាមញ្ញសម្រាប់ប្រជារាស្រ្តខ្លះ ព្រោះថាពាក្យទាំងពីរគឺមានន័យដូចគ្នា។
កាលពីសម័យបុរាណកាល គេធ្វើពិធីបុណ្យនេះគឺដើម្បីរៀបចំធ្វើសង្ឃភត្ត ទំនុកបម្រុងព្រះសង្ឃដែលគង់ចាំវស្សាក្នុងវត្តរយៈពេល៣ខែ ចាប់តាំងពីថ្ងៃចូលវស្សារហូតដល់ថ្ងៃចេញវស្សា។
នៅក្នុងចំណេរកាលបុរាណបានចារថា ដោយនៅក្នុងរដូវវស្សាមានភ្លៀងធ្លាក់ជោកជាំ រលឹមពព្រិច ធ្វើឲ្យមានការលំបាកដល់ព្រះសង្ឃក្នុងពេលធ្វើគោចរបិណ្ឌបាត។ ហេតុដូច្នេះ ទើបបណ្ដាពុទ្ធបរិស័ទនាំគ្នារៀបចំពិធីនេះ ដើម្បីផ្គត់ផ្គង់ព្រះសង្ឃប្រចាំថ្ងៃរហូតដល់ថ្ងៃចេញវស្សា។
ម្យ៉ាងវិញទៀត នៅក្នុងពិធីបុណ្យនេះ គឺធ្វើឡើងដើម្បីផ្សាយឧទ្ទិសកុសលដល់ពពួកបេតជនញាតិ និងញាតិទាំង៧សណ្ដាន ព្រមទាំងតំណញាតិច្រើនមហាកប្បនោះផងដែរ តាមរយៈអនុភាពនៃសង្ឃគតាទក្ខិណាទាន ដែលរស់រងទុក្ខវេទនា កើតជាប្រេតមានកម្មពៀរ ជាប់ទោសធ្ងន់ រងកម្មក្រហល់ក្រហាយអត់ឃ្លានទាំងអស់នោះ បានរួចផុតពីក្ដីលំបាកសោកសៅ។
ម្យ៉ាងទៀតប្រជាជនខ្មែរប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌដោយសារតែពួកគេបានជំនឿយ៉ាងមុតមាំតាមបណ្ដាំចាស់ៗដែលពោលណែនាំនិងអនុវត្តជារៀងរាល់ឆ្នាំតៗគ្នាមក។
គេជឿថាសាច់ញាត្តិដែលបានចែកឋានទៅហើយ មានមាតាបិតា ជីដូនជីតា បងប្អូនកូនចៅ ញាតិកាទាំង៧សន្ដាននោះ ដែលខ្លះមានបាបកម្មត្រូវទទួលទោសនៅឋាននរកកើតជាប្រេត កើតជាអបាយភូមិវេទនាណាស់។ ឋាននោះស្ថិតនៅជ្រៅឆ្ងាយពីឋាន មនុស្សមិនអាចមើលឃើញពន្លឺព្រះអាទិត្យទេ គ្មានសំលៀកបំពាក់ គ្មានអាហារបរិភោគឡើយ។
លុះដល់រដូវបុណ្យគេដោះលែងឲ្យមក ទទួលផល្លានិសង្ឃដែលសាច់សាលោហិតធ្វើបុណ្យឧទ្ទិសឲ្យ។ ប្រជាជនខ្មែរជឿថាព្រលឹងរបស់អ្នកទាំងនោះនឹងមកដល់វត្តអារាមហើយ ទទួលការផ្ដល់ជូនពីសាច់ញាត្តិឫកូនចៅរបស់ពួកគេតាមរយះការអធិដ្ឋានដោយព្រះសង្ឃ។
ម្យ៉ាងទៀតគេខ្លាចជីដូនជីតាដាក់ប្រទេចបណ្ដា សាឲ្យគេហិនហោច ប្រសិនបើដើរស្វែងរកគ្រប់៧វត្តហើយនៅមិនឃើញសាច់ញាត្តិធ្វើបុណ្យឧទ្ទិសឲ្យ។ មួយវិញទៀតគេសង្ឃឹមថាកុសល ផលបុណ្យដែលគេបានធ្វើនៅជាតិនេះ នឹងធ្វើឲ្យគេទទួលបាននូវសេចក្ដីសុខ សេចក្ដីចំរើនរហូតដល់ជាតិក្រោយ។
ប្រភព៖ km.wikipedia.org