សៀមរាប៖ ជារឿងគួរឱ្យកោតសរសើរ និងយកតម្រាប់តាម ដែល ហាងស្លាបមាន់ក្រឡុកមួយកន្លែងនៅទីក្រុងសៀមរាប មិនត្រឹមតែបើកទ្វារធ្វើអាជីវកម្មដើម្បីរកស៊ីចិញ្ចឹមជីវិតទេ តែម្ចាស់ហាងបែរជាមានទឹកចិត្តគួរឱ្យស្ញប់ស្ញែងតាមរយៈការចែកជូននំប៉័ងមនុស្សធម៌ជូនជនអត់ឃ្លានជារៀងរាល់ថ្ងៃទៅវិញ។
តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Sothea Arivuth បានសរសេររៀបរាបថា៖ « មិនមែនផ្សព្វផ្សាយ តែគាំទ្រនូវសកម្មភាពដ៏ប្រពៃនេះ របស់ហាងតាម៉ាប់ស្លាបមាន់ក្រឡុក ថ្ងៃណាដាច់បាយ ដឹងតែទៅលេងគាត់ហើយអញ្ចឹង ។ សិល្បៈនៃការចែករំលែក របស់បង Kong Nita Thai នំបុ័ងមនុស្សធម៌ ស្វាគមន៍សំរាប់បងប្អូនដែលក្រីក្រ ខ្វះខាត អាចអញ្ជើញទៅទីនេះបាន ទល់មុខវិទ្យាល័យអង្គរ ខេត្តសៀមរាប។
ដោយ « ហាងតាម៉ាប់ស្លាបមាន់ក្រឡុក » មិនត្រឹមតែមានផ្តល់ជូននំប៉័ងសប្បុរធម៌ជូនជនក្រីក្រដោយឥតគិតថ្លៃជារៀងរាល់ថ្ងៃនោះឡើយ ជាក់ស្តែងហាងសប្បុរសធម៌មួយនេះបានធ្វើកិច្ចការសង្គមជាច្រើនកន្លងមកដូចជា កម្មវិធីសប្បុរសធម៌ដែលមានការពិពណ៌គំនូរ ព្រមទាំងការលក់ អាហារ និង ភេសជ្ជៈ សម្រាប់ ជួយឧបត្ថម្ភជនរងគ្រោះដែលផ្ទុះហ្គាស នៅក្នុងក្រុងសៀមរាប និង ក្មេងៗដែលនៅជនបទ ដោយមានការសហការពី ក្រុមការងារសប្បុរសធម៌។
គួរឱ្យដឹងផងដែរថា « ហាងតាម៉ាប់ស្លាបមាន់ក្រឡុក » មានទីតាំងទល់មុខសាលារៀនវិទ្យាល័យអង្គរ ខេត្តសៀមរាប មានលក់អាហារសម្រន់ច្រើនប្រភេទដូចជាស្លាប់មាន់ក្រឡុក ប្រហិតសាច់គោ ផ្សិតបំពង តៅហ៊ូ ដំលូងក្រឡុកមីកំប៉ុង រួមទាំងអាហារ និងភេសជ្ជៈជាច្រើនមុខទៀតផង៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ Sothea Arivuth