លោក អ៊ុក វណ្ណដេ ឬហៅមនុស្សសំរាម គឺជាស្ថាបនិក សាលាដូង ដែលបានជួយឱ្យក្មេងៗក្រីក្រជាច្រើនបានរៀនសូត្រ ព្រមទាំងបានកែច្នៃសំរាមចេញជាសាលារៀន និងវត្ថុលំអជាច្រើនទៀតផងដែរ។
កាន់តែពិសេសថ្មីៗនេះ លោកក៏បានបើកហាងកាហ្វេមួយនៅសាលាដូង លើភ្នំគិរីរម្យតែម្តង ដោយដាក់ឈ្មោះថា «ហាង កាហ្វេសំរាម »។ ដោយការសាងសង់ហាងកាហ្វេលើភ្នំបែបនេះ ត្រូវការចំណាយច្រើន និងប្រើពេលវេលាយូរ ថែមទាំងមិនសូវមានមនុស្សមកកម្សាន្តផងដែរ តែលោកនៅតែព្យាយាមធ្វើឱ្យហាងកាហ្វេនេះលេចរូបរាងឡើងដោយយកលំនាំតាមសាលាដូង ពោលគឺយកសំរាម កាកសំណល់ផ្លាស្ទិកមកសាងសង់ហាងកាហ្វេ និងយកគ្រាប់កាហ្វេហួសដឺឡេមកច្នៃជាសិល្បៈគំនូដ៏ស្រស់ស្អាត។
ហាងកាហ្វេសម្រាមមួយកន្លែងនេះពិតជាមានទេសភាពស្រស់ស្អាតមែនទែន ព្រោះតែសាងសង់លើភ្នំ ឯការរៀបចំដោយសំរាមពិតជាស្អាតប្លែក ធានាថាអ្នកដែលទៅលេងប្រាកដជាពេញចិត្តនឹងទិដ្ឋភាពប្លែកថ្មីមួយនេះ ដោយហាងកាហ្វេនះផងដែរ មានពាក្យស្លោកប្រចាំហាងថា « ប្រាក់ចំណេញ មិនមែនជាគោលដៅធ្វើជំនួញយើងទេ »។
គួរឱ្យដឹងផងដែរថា សម្រាប់សាលាដូងគឺជាស្ថាប័នអប់រំក្រៅប្រព័ន្ធមួយ ដែលបើកទទួលកុមារកំព្រាឱ្យចូលរៀន ដោយមិនគិតប្រាក់ ប៉ុន្តែកុមារទាំងនោះ ត្រូវបង់សំរាមជាប្រចាំខែ។ សម្រាប់ហាង កាហ្វេសំរាម ដែលទើបតែបើកថ្មីវិញហើយមានតម្លៃសមរម្យ តែបើអ្នកទាំងអស់គ្នាមិនមានលុយក៏អាចទទួលទានកាហ្វេបានដែរ ដោយគ្រាន់តែអ្នកត្រូវយកគំរបកាដុងទឹកសុទ្ធចំនួន ៥០ ឬក៏សៀវភៅចាស់ៗចំនួនពីរក្បាល ដែលអ្នកឈប់អាន យកមកដូរ បានកាហ្វេឡាតេមួយកែវ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក