ក្លិបម្ចាស់ជើងឯកលីគកំពូលកម្ពុជា៦សម័យកាលភ្នំពេញក្រោនបានប្រកាសក្នុងវេបសាយផ្លូវការរបស់ខ្លួនកាលពីប៉ុន្មាននាទីមុននេះថាបានស៊ីញេកុងត្រាយកកីឡាករជម្រើសជាតិអាហ្វហ្គានីស្ថាន Mustafa Zazai មកជួយក្រុមសម្រាប់ការប្រកួតជើងទី២ពានរង្វាន់ Metfone Cambodian League រដូវកាល២០១៩នេះ។
ខ្សែបម្រើរូបនេះធ្លាប់លេងជាយុវជនថ្នាលរបស់ក្លិប Hamburger SV របស់អាល្លឺម៉ង់ អំឡុងឆ្នាំ ២០០៦ ដល់ ២០០៩ និងចាប់ផ្តើមកីឡាករអាជីពជាមួយក្លិប VfB Lübeck លើទឹកដីអាល្លឺម៉ង់ដដែលអំឡុងឆ្នាំ ២០១២ និង២០១៣។
រូបគេអាចលេងបានបីដំណែងគឺបម្រើ ប្រយុទ្ធស្លាប និងប្រយុទ្ធទោលផងដែរ។ខ្សែបម្រើប្រយុទ្ធអន្តរជាតិអាហ្គានីស្ថាន វ័យ២៦ឆ្នាំរូបនេះ បង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិ ចំនួន៣០លើក និងរកបាន៤គ្រាប់។
ដល់ឆ្នាំ២០១៦-២០១៨ រូបគេលេងឲ្យក្លិប TSG Neustrelit, LSK Hansaដែលជាក្លិបលំដាប់លីគតំបន់របស់អាល្លឺម៉ង់។ ពេញមួយឆ្នាំ២០១៨រូបក៏បានលេងឲ្យក្លិបក្នុងប្រទេសថៃដល់ទៅ២ គឺ Chachoengsao F.C, និងPhrae United។ ហើយរដូវកាល២០១៩ជើងទីមួយនេះរូបគេលេងឲ្យក្លិបម៉ាឡេស៊ី Kelantan FA ដែលលេងក្នុងក្របខណ្ឌ Malaysia Premier League៕
ប្រភព៖ ភ្នំពេញក្រោន