ASEAN Youth Fellows ប្រាថ្នាចង់ឱ្យបណ្តាប្រទេសអាស៊ានបង្កើតនូវភាពច្នៃប្រឌិត និងការភ្ជាប់ទំនាក់ទំនងឱ្យបានរឹងមាំបន្ថែម

ASEAN Youth Fellows ប្រាថ្នាចង់ឱ្យបណ្តាប្រទេសអាស៊ានបង្កើតនូវភាពច្នៃប្រឌិត និងការភ្ជាប់ទំនាក់ទំនងឱ្យបានរឹងមាំបន្ថែម

ដោយមានសមាជិកមកពីបណ្តាប្រទេសចំនួន១១ បង្កើតនូវឱកាសដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរព្រំដែនដែលឈរលើបញ្ហាប្រឈមរួម។

សិង្ហបុរី ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ – កាលពីថ្ងៃទី០៣ ដល់ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំយុវជនចំនួន៤៤រូប ដែលមកពីបណ្តាប្រទេសប៉ែកអាស៊ីអាគ្នេយ៍ ត្រូវបានទទួលរាក់ទាក់ស្វាគមន៍យ៉ាងកក់ក្តៅនាក្នុងឱកាសកម្មវិធី ASEAN Youth Fellowship (AYF) លើកទី៦។ ពួកគាត់ទាំងអស់គ្នាបានអញ្ជើញមកពីសមាជិកនៃបណ្តាប្រទេសអាស៊ានទាំង១០ និងមកពីទីម័រខាងកើត ដែលទើបតែអញ្ជើញមកបង្ហាញខ្លួនក្នុងកម្មវិធីនេះជាលើកដំបូង។

កម្មវិធីនេះទទួលបានការសហការរៀបចំឡើងជាប្រចាំឆ្នាំដោយ Singapore International Foundation (SIF) ជាមួយនិង ក្រុមប្រឹក្សាជាតិយុវជនសិង្ហបុរី (NYC)។ កម្មវិធីនេះស្វែងរកនូវការទំនាក់ទំនង ក៏ដូចជាក្រុមអ្នកដឹកនាំវ័យក្មេងដែលកំពុងអភិវឌ្ឍន៍ ផ្តោតលើវិស័យសាធារណៈ ឯកជន និងកិច្ចសហប្រតិបត្តិការលើវិស័យធនធានមនុស្ស។

Screenshot 2024 11 18 At 12.25.47 In The Afternoon

ASEAN Youth Fellowship 2024 បានចាប់ផ្តើមជាមួយនឹងការស្វាគមន៍ដោយអាហារពេលល្ងាចនៅសណ្ឋាគារ PARKROYAL ដែលមានទីតាំងស្ថិតនៅលើផ្លូវ Beach Road ក្នុងប្រទេសសិង្ហបុរី ដោយមានលោក Mdm Rahayu Mahzam ជារដ្ឋមន្រ្តីនៃក្រសួងអភិវឌ្ឍន៍ឌីជីថល និងព័ត៌មាន និងក្រសួងសុខាភិបាលនៃប្រទេសសិង្ហបុរីជាភ្ញៀវកិត្តិយស។ ពិធីនេះក៏មានការចូលរួមយ៉ាងអធិកអធមពីសំណាក់ឯកអគ្គរដ្ឋទូតនៃប្រទេសសមាជិកអាស៊ានប្រចាំប្រទេសសិង្ហបុរីផងដែរ។

AYF 2024 បានដឹកនាំសមាជិករបស់ខ្លួនទៅកាន់ប្រទេសសិង្ហបុរី ក៏ដូចជាទីក្រុងវៀងច័ន្ទន៍ និងខេត្តហ្លួងព្រះបាងនៃប្រទេសឡាវ។ ក្នុងអំឡុងពេលនៃកម្មវិធីនេះ សមាជិកទាំងអស់គ្នាបានពិភាក្សាលើប្រធានបទនានាដូចជា ការផ្លាស់ប្តូរបែបឌីជីថល ការរួមបញ្ចូលគ្នា និងនិរន្តរភាពនៅក្នុងតំបន់ ជាមួយនឹងគំនិតរបស់អ្នកដឹកនាំល្បីៗមួយចំនួនដែលមកពីវិស័យផ្សេងៗគ្នា។ ពួកគេបានបំផុសឡើងនូវដំណោះស្រាយជាច្រើនដើម្បឆ្លើយតបទៅនឹងបញ្ហាប្រឈមទូទៅនៅក្នុងតំបន់ទាំងនេះ។

សមាជិកទាំងឡាយក៏មានឱកាសចូលរួមធ្វើការសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងអប់រំនៃប្រទេសសិង្ហបុរី គឺលោក Chan Chun Sing និងឯកឧត្តម Thongly Sisoulith អគ្គលេខាធិការរងនៃសហភាពយុវជនឡាវនៅទីក្រុងវៀងចន្ទន៍។ ទាំងលោករដ្ឋមន្ត្រី Chan និងឯកឧត្តម Thongly សុទ្ធតែបានលើកឡើងពីសារៈសំខាន់នៃការពង្រឹងការភ្ជាប់ទំនាក់ទំនង ការងើបឡើងវិញនៃសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការក្នុងតំបន់នៃបណ្តាប្រទេសអាស៊ានផងដែរ។

AYF24 2

រដ្ឋមន្ត្រីក្រសួងអប់រំសិង្ហបុរី លោក Chan Chun Sing (ខាងឆ្វេង) បានចូលរួមជាមួយ ASEAN Youth Fellows ក្នុងកិច្ចសន្ទនាដ៏ស៊ីជម្រៅមួយស្តីពីសារៈសំខាន់នៃភាពរឹងមាំ និងការរួបរួមនៃបណ្តាប្រទេសអាស៊ានសម្រាប់អនាគត។

ទាំងនៅប្រទេសសិង្ហបុរី និងប្រទេសឡាវ សមាជិកគ្រប់គ្នាអាចទទួលបានការយល់ដឹងអំពីដំណើរទស្សនកិច្ចទៅកាន់អង្គការនានាដើម្បីទទួលបានចំណេះដឹង ជំនាញ និងផ្នត់គំនិតល្អៗដែលប្រកបដោយភាពច្នៃប្រឌិតសម្រាប់អនាគតដ៏ជោគជ័យរបស់ពួកគេ។ នៅប្រទេសសិង្ហបុរី ដំណើរទស្សនកិច្ចនេះរួមមានទីតាំងកសិដ្ឋាន Sembcorp Tengeh Floating Solar Farm ដែលជាកន្លែងប្រព័ន្ធសូឡាបណ្តែតទឹកដំបូងបង្អស់នៅក្នុងប្រទេស។ អ្នកចូលរួមទស្សនាក៏បានក្លាយជាសាក្សីដែលបានឃើញដោយផ្ទាល់អំពីរបៀបដែលអាជ្ញាធរអន្តោប្រវេសន៍ និងប៉ុស្តិ៍ត្រួតពិនិត្យ (ICA) ប្រើប្រាស់បច្ចេកវិទ្យាដើម្បីបន្ថែមការគ្រប់គ្រងនៅតាមច្រកព្រំដែន Woodlands Checkpoint ដែលជាច្រកឆ្លងកាត់ផ្លូវគោកដ៏មមាញឹកបំផុតមួយរបស់ពិភពលោក និងមានអ្នកដំណើរឆ្លងកាត់ជាមធ្យមប្រហែល ៤០០,០០០ នាក់ក្នុងមួយថ្ងៃ។

Screenshot 2024 11 18 At 12.25.59 In The Afternoon

ASEAN Youth Fellows បានធ្វើទស្សនកិច្ចជុំវិញកសិដ្ឋានថាមពលពន្លឺព្រះអាទិត្យបណ្តែតទឹកដំបូងបង្អស់របស់ប្រទេសសិង្ហបុរីដោយក្រុមហ៊ុន Sembcorp នៅលើទូកដែលដើរដោយថាមពលពន្លឺព្រះអាទិត្យ។ បន្ទះស្រូបពន្លឺព្រះអាទិត្យអណ្តែតចំនួន១២២,០០០ (នៅខាងក្រោយ) ដែលត្រូវបានសាងសង់លើផ្ទៃដី ៤៥ហិកតា បាននឹងកំពុងរួមចំណែកដល់គោលដៅរបស់ប្រទេសសិង្ហបុរីក្នុងការដាក់ពង្រាយថាមពលពន្លឺព្រះអាទិត្យឱ្យបានបួនដងនៅឆ្នាំ២០២៥ ។

លោកស្រី Phetmany Viyadeth ជាសមាជិកមកពីប្រទេសឡាវបានមានប្រសាសន៍ថា “បណ្តាប្រទេសអាស៊ានមានឱកាសជាច្រើនដើម្បីធ្វើការរួមគ្នាលើដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតក្នុងវិស័យនានាដូចជាការអប់រំជាដើម ដែលអាចជម្រុញឱ្យមានការរីកចម្រើនយូរអង្វែងនៅទូទាំងតំបន់។ ជាឧទាហរណ៍ យើងអាចបង្កើតក្របខណ្ឌការអប់រំទូទាំងតំបន់ ដើម្បីបង្កើនលទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាព និងអក្ខរកម្មឌីជីថល។ តាមរយៈការរួបរួមគ្នាដើម្បីកែលម្អការអប់រំ និងការបំពេញចន្លោះខ្វះខាតនៃគម្លាតជំនាញ បណ្តាប្រទេសអាស៊ានអាចកសាងសហគមន៍មួយដែលរឹងមាំ ពោរពេញដោយជំនាញ និងមានការគិតគូបានច្រើនជាងមុន ក្នុងការត្រៀមខ្លួនដើម្បីដោះស្រាយបញ្ហាប្រឈមនៅថ្ងៃអនាគត»។

សមាជិកជាច្រើនបានអញ្ជើញទៅទស្សនាសហគមន៍ Makerbox Lao នៅក្នុងទីក្រុងវៀងចន្ទន៍ ដែលជាកន្លែងរួមបញ្ចូលសកម្មភាពការងាររបស់សហគមន៍ ដោយបានប្រើប្រាស់ឧបករណ៍ឌីជីថលទំនើបៗសម្រាប់ការពិសោធន៍លើគម្រោងវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា (STEAM)។ ស្ថាបនិករបស់សហគមន៍ Makerbox Lao  បានលើកឡើងអំពីចំណុចដែលបរិស្ថានបានសហការដើម្បីជួយជម្រុញដល់ការច្នៃប្រឌិតនៅក្នុងសហគមន៍។ នេះគឺស្របតាមការអំពាវនាវរបស់ថ្នាក់ដឹកនាំរបស់ប្រទេសឡាវក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៤ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរព្រំដែនដើម្បីបង្កើតបាននូវភាពច្នៃប្រឌិត និងការភ្ជាប់ទំនាក់ទំនងឱ្យបានរឹងមាំបន្ថែមទៀតសម្រាប់បណ្តាប្រទេសអាស៊ាន។

AYF24 5

នៅសហគមន៍ Makerbox Lao ដែលជាកន្លែងរួមបញ្ចូលសកម្មភាពការងាររបស់សហគមន៍ សមាជិកទាំងឡាយត្រូវបានណែនាំដល់គម្រោងដែលផ្តោតលើប្រព័ន្ធអេឡិចត្រូនិក ប្រព័ន្ធ Internet of Things (IoT) កសិកម្មឆ្លាតវៃ និងសិល្បៈ។ Makerbox Lao ជួយគាំទ្រដល់គម្រោងនានានៅដំណាក់កាលផ្សេងៗជាច្រើន រាប់ពីការចាប់ផ្តើមដំបូងរហូតដល់ផលិតផលសម្រេចដែលអាចដាក់លក់បាននៅក្នុងទីផ្សារ ការសម្របសម្រួលដល់ការលូតលាស់ ការច្នៃប្រឌិតដែលស្របតាមតម្រូវការអ្នកប្រើប្រាស់ និងការលើកកម្ពស់បច្ចេកវិទ្យា។

សមាជិកទាំងនោះក៏បានទៅទស្សនាខេត្តហ្លួងព្រះបាង ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ហើយក៏ជាកន្លែងមួយដែលអាចស្រូបយកនូវបទពិសោធន៍វប្បធម៌ពីពួកគេផងដែរ។ នៅទីនោះពួកគេបានធ្វើសិប្បកម្មដោយដៃផ្ទាល់នៅក្នុងអង្គការ Ock Pop Tock ដែលជាអង្គការមួយសម្រាប់ឧទ្ទិសដល់ការអភិរក្សវាយនភ័ណ្ឌ និងសិប្បកម្មប្រពៃណីរបស់ប្រទេសឡាវ។

AYF24 6

សមាជិកបានធ្វើសិប្បកម្មដេរប៉ាក់ដោយផ្ទាល់ដៃរបស់ពួកគេនៅ Ock Pop Tok ដែលជាអង្គការឧទ្ទិសដល់ការអភិរក្សវាយនភ័ណ្ឌ និងសិប្បកម្មប្រពៃណីរបស់ប្រទេសឡាវ។ ដំណើរការជ្រលក់ពណ៌បានប្រើប្រាស់គ្រឿងផ្សំពីក្នុងសួនរបស់អង្គការ Ock Pop Tok ដោយបានបង្ហាញពីការប្រើប្រាស់វត្ថុធាតុដើមធម្មជាតិក្នុងវិស័យវាយនភ័ណ្ឌ។

លោក Israruddin ដែលជាសមាជិកមកពីប្រទេសឥណ្ឌូណេស៊ីបាននិយាយថា “ការដែលបណ្តាប្រទេសអាស៊ានបង្កើតឱ្យមានអន្តរទំនាកទំនងរវាងគ្នាទៅវិញទៅមក គឺយើងអាចពង្រឹងភាពធន់នៃប្រជាជាតិតាមរយៈការជម្រុញដល់ការចែករំលែកចំណេះដឹង ធនធាន ក៏ដូចជាការអនុវត្តនានានៅទូទាំងសមាគមន៍។ ឧទាហរណ៍៖ ប្រព័ន្ធសហការឆ្លើយតបទៅនឹងគ្រោះមហន្តរាយ និងគំនិតផ្តួចផ្តើមលើផ្នែកតំហែទាំសុខភាពអាចពង្រឹងភាពធន់នៃប្រជាជាតិ ដែលអនុញ្ញាតឱ្យប្រទេសនានាជួយគ្នាទៅវិញទៅមកក្នុងគ្រាមានអាសន្ន។ តាមរយៈការពង្រឹងការភ្ជាប់ទំនាក់ទំនងនេះ បណ្តាប្រទេសអាស៊ានអាចអនុញ្ញាតឱ្យសហគមន៍មូលដ្ឋានទទួលបានអត្ថប្រយោជន៍ពីបណ្តាញដ៏ទូលំទូលាយនេះ ហើយអាចកាត់បន្ថយហានិភ័យ និងបង្កើនសមត្ថភាពរបស់ពួកគេក្នុងការប្រឈមមុខនឹងបញ្ហារួមនាពេលអនាគត»។

ដើម្បីលើកទឹកចិត្តសមាជិកឱ្យបន្តកិច្ចសហការរបស់ពួកគេបន្ទាប់ពីកម្មវិធីនេះ និងបង្កើតបាននូវឥទ្ធិពលកាន់តែខ្លាំងនៅក្នុងតំបន់ មូលនិធិ AYF Impact Fund ត្រូវបានដាក់ដំណើរការដើម្បីជួយគាំទ្រដល់គំនិតផ្តួចផ្តើមមូលដ្ឋានដែលលើកកម្ពស់ដល់ការអភិវឌ្ឍយុវជន ការកសាងសហគមន៍ និងបុព្វហេតុពាក់ព័ន្ធដទៃផ្សេងទៀត។ មូលនិធិនេះបានផ្តល់ប្រាក់ចំនួន៥,០០០ដុល្លារសិង្ហបុរីដល់សមាជិក សម្រាប់គំនិតផ្តួចផ្តើមរបស់ពួកគេម្នាក់ៗ ឬរហូតដល់២០,០០០ដុល្លារសិង្ហបុរី សម្រាប់គម្រោងនីមួយៗដែលសមាជិកទាំងនោះរៀបចំបង្កើតឡើងជាក្រុម។

គម្រោងមួយក្នុងចំណោមនោះគឺ ASEAN Women Empowerment Portal ។ អតីតសមាជិក AYF មកពីប្រទេសសិង្ហបុរី មីយ៉ាន់ម៉ា វៀតណាម និងហ្វីលីពីនបានបង្កើតវេទិកាសម្រាប់ស្ត្រីនៅទូទាំងបណ្តាប្រទេសអាស៊ាន ដើម្បីផ្លាស់ប្តូរគំនិត និងបទពិសោធន៍ ហើយរៀនពីគ្នាទៅវិញទៅមកលើបញ្ហាប្រឈមរួមមួយនៅក្នុងតំបន់។

ដោយមានការបំផុសគំនិតពីមូលនិធិ AYF Impact Fund លោក Janu Muhammad ដែលជាសមាជិកមកពីប្រទេសឥណ្ឌូនេស៊ីបាននិយាយថា “កសិករថ្មោងថ្មីជាច្រើននៅអាស៊ីអាគ្នេយ៍កំពុងប្រឈមមុខនឹងបញ្ហាដែលទាក់ទងនឹងការបាត់បង់ចំណាប់អារម្មណ៍ក្នុងវិស័យកសិកម្ម អស្ថិរភាពសេដ្ឋកិច្ច កង្វះសមត្ថភាពក្នុងការដោះស្រាយចំពោះការប្រែប្រួលអាកាសធាតុ និងការដាក់កំហិតលើបម្រើបម្រាស់ធនធាន។ តាមរយៈមូលនិធិ AYF Impact Fund ខ្ញុំសង្ឃឹមថាយើងនឹងអាចលើកកម្ពស់សហគ្រិនភាពវិស័យកសិកម្ម ដោយប្រើបញ្ញាសិប្បនិមិត្ត (AI) និង ប្រព័ន្ធ Internet of Things (IoT)ដើម្បីបង្កើនប្រាក់ចំណូលសម្រាប់កសិករថ្មោងថ្មីលើការដាំបន្លែ និងការចិញ្ចឹមត្រីនៅអាស៊ីអាគ្នេយ៍ ដើម្បីឱ្យពួកគេកាន់តែមានជីវភាពធូធារជាងមុន។ ខ្ញុំកំពុងពិចារណាលើការអនុវត្តគម្រោងសាកល្បងនេះជាមួយនឹងសមាជិកផ្សេងទៀតមកពីប្រទេសឥណ្ឌូនេស៊ី និងកម្ពុជា»។

លោក David Chua ជានាយកប្រតិបត្តិនៃក្រុមប្រឹក្សា NYC បានមានប្រសាសន៍ថា “AYF គឺជាកម្មវិធីដ៏សំខាន់ក្នុងភាពជាអ្នកដឹកនាំយុវជនដែលបណ្តុះ និងភ្ជាប់អ្នកដឹកនាំវ័យក្មេងមកពីវិស័យផ្សេងៗគ្នានៅទូទាំងបណ្តាប្រទេសអាស៊ាន។ យុវជនរបស់យើងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងក្នុងតំបន់ ហើយ AYF បានផ្តល់នូវលទ្ធផលដ៏ជាក់លាក់សម្រាប់តំបន់ ហើយបានបើកឱកាសដល់យុវជនក្នុងការទទួលបានការយល់ដឹង និងបណ្តាញទំនាក់ទំនងដ៏មានតម្លៃដើម្បីដោះស្រាយបញ្ហាដ៏ស្មុគស្មាញដែលបណ្តាប្រទេសអាស៊ានកំពុងប្រឈមមុខ។

លោកស្រី Corinna Chan ជានាយកប្រតិបត្តិនៃមូលនិធិ SIF មានប្រសាសន៍ថា៖ «នៅពេលប្រឈមមុខនឹងបញ្ហាសកល ដូចជាបម្រែបម្រួលអាកាសធាតុ សន្តិសុខស្បៀង និងសុខភាពសាធារណៈ យុវជនអាចជួយជម្រុញដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតជាមួយនឹងទស្សនៈថ្មីៗ និងវិធីសាស្រ្តដ៏ក្លាហានរបស់ពួកគេ។

“ខ្ញុំរីករាយដែល AYF នៅតែជាវេទិកាមួយដែលប្រមូលផ្តុំអ្នកដឹកនាំវ័យក្មេងរបស់បណ្តាប្រទេសអាស៊ានមករួមគ្នាដើម្បីភ្ជាប់ទំនាក់ទំនង និងសហការគ្នាក្នុងការកសាងអាស៊ានប្រកបដោយភាពច្នៃប្រឌិត។

អំពីមូលនិធិសិង្ហបុរីអន្តរជាតិ

មូលនិធិសិង្ហបុរីអន្តរជាតិ មានគោលបំណងបង្កើតប្រព័ន្ធអេកូឡូស៊ីដើម្បីជម្រុញដល់ការផ្លាស់ប្តូរឱ្យពិភពលោកនេះមានភាពប្រសើរជាងមុន។ យើងបានប្រមូលផ្តុំធនធានមនុស្សមកពីវិស័យសាធារណៈ ឯកជន និងសប្បុរសធម៌ជាច្រើននាក់មកពីទូទាំងប្រទេស ដើម្បីប្រមូលផ្តុំកម្លាំងរួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមទៅលើបរិស្ថាន និងសង្គម។ ការងាររបស់ពួកយើងគឺផ្តោតលើអាកាសធាតុ ឌីជីថល ការអប់រំ សុខភាព យុត្តិធម៌ និងយុវជន។ យើងជឿជាក់ថាកិច្ចសហប្រតិបត្តិការអន្តរព្រំដែនពិតជាមានសារៈសំខាន់ណាស់ក្នុងការជម្រុញដំណោះស្រាយយប្រកបដោយនិរន្តរភាពនៅក្នុងពិភពលោកដែលមានទំនាក់ទំនងល្អនឹងគ្នាទៅវិញទៅមក។ សម្រាប់ការស្វែងយល់បន្ថែមសូមចូលទៅកាន់ www.sif.org.sg ។

អំពីក្រុមប្រឹក្សាជាតិយុវជនសិង្ហបុរី

នៅ NYC ពួកយើងជឿជាក់លើពិភពលោកមួយ ដែលយុវជនវ័យក្មេងត្រូវបានទទួលការគោរពកោតសរសើរ និងយោគយល់ ហើយមានសមត្ថភាពក្នុងការធ្វើសកម្មភាពគម្រូដើម្បីជួយកែលម្អរពិភពលោកទាំងមូល។ ដោយមានការចូលរួមគ្នាជាមួយដៃគូសហការ ពួកយើងបាននឹងកំពុងកសាងក្រុមយុវជនដែលមានជំនាញ ចំណេះដឹង និងផ្នត់គំនិត ដើម្បីជោគជ័យទៅថ្ងៃអនាគតរបស់ពួកគេ តាមរយៈការផ្តល់ឱ្យនូវធនធាន ការលើកទឹកចិត្ត និងស្មារតីប្រកបដោយភាពច្នៃប្រឌិត។

សម្រាប់ពត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់

Ms. Sylvia Lim                                          Ms Joanne Xiao                                                 

ជំនួយការអ្នកគ្រប់គ្រងផ្នែកទំនាក់ទំនង                អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកយុទ្ធសាស្ត្រទំនាក់ទំនង

មូលនិធិសិង្ហបុរីអន្តរជាតិ                                    ក្រុមប្រឹក្សាជាតិយុវជនសិង្ហបុរី

អ៊ីមែលៈ [email protected]                      អ៊ីមែលៈ [email protected]

ទូរស័ព្ទលេខៈ +65 8200 0630                       ទូរស័ព្ទលេខៈ +65 9862 2148