គណៈកម្មាធិការអូឡាំពិកកាណាដា បានដកតំណែងគ្រូបង្វឹកកីឡាបាល់ទាត់នារី Bev Priestman សម្រាប់ការប្រកួតនៅប៉ារីសដែលនៅសល់ បន្ទាប់ពីបុគ្គលិកត្រូវបានចោទប្រកាន់ថាបានប្រើ Drone ដើម្បីឈ្លបយកការណ៍លើគូប្រកួត។
បុគ្គលិកក្រុមជនជាតិកាណាដាពីរនាក់ ជំនួយការគ្រូបង្វឹក Jasmine Mander និងអ្នកវិភាគ Joseph Lombardi ត្រូវបាន "បញ្ជូនមកផ្ទះភ្លាមៗ" សម្រាប់ការចោទប្រកាន់ថាបានប្រើយន្តហោះគ្មានមនុស្សបើកដើម្បីឈ្លបយកការណ៍លើការហ្វឹកហាត់របស់ជម្រើសជាតិនូវែលសេឡង់។
ប្រទេសកាណាដាបានយកឈ្នះនូវែលសេឡង់ក្នុងលទ្ធផល 2-1 កាលពីថ្ងៃព្រហស្បតិ៍។ Bev Priestman ដែលបានបដិសេធការជាប់ពាក់ព័ន្ធពេលចោទប្រកាន់កាលពីដំបូង បានស្ម័គ្រចិត្តចាកចេញពីជុំរំជម្រើសជាតិមុនការសម្រេចចិត្តរបស់គណៈកម្មាធិការ។
ទោះយ៉ាងណាក៏ដោយ វាមិនមែនគ្រាន់តែជាឧប្បត្តិហេតុនៅនូវែលសេឡង់ប៉ុណ្ណោះទេ។ នាយកប្រតិបត្តិ និងជាអគ្គលេខាធិកាកីឡាបាល់ទាត់កាណាដា លោក Kevin Blue បាននិយាយនៅក្នុងការចេញផ្សាយ COC ថា៖ "ព័ត៌មានបន្ថែមធ្វើឱ្យយើងយកចិត្តទុកដាក់កាន់តែខ្លាំង ទាក់ទងនឹងការប្រើប្រាស់យន្តហោះគ្មានមនុស្សបើកមើលគូប្រកួត ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកប៉ារីសឆ្នាំ 2024"។
Blue បានបន្ថែមថា Priestman ត្រូវបានព្យួរពីភារកិច្ចគ្រូបង្វឹករបស់នាងរហូតដល់ចុងបញ្ចប់នៃការប្រកួត និងការបញ្ចប់ការត្រួតពិនិត្យឯករាជ្យពីខាងក្រៅរបស់អង្គភាព។
Lombardi អាយុ 43 ឆ្នាំត្រូវបានចាប់ខ្លួនពីបទហោះហើរយន្តហោះគ្មានមនុស្សបើកនៅលើកីឡដ្ឋាន Auguste Dury កាលពីថ្ងៃច័ន្ទ និងបានថតវគ្គហ្វឹកហាត់បិទទ្វារចំនួនពីររបស់ជម្រើសជាតិនូវែលសេឡង់។ បន្ទាប់មក គាត់បានសារភាពចំពោះការចោទប្រកាន់ ហើយត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ៨ ខែ។
COC បានកំណត់អត្តសញ្ញាណ Lombardi ជា៖ "អ្នកវិភាគវីដេអូដែលមិនមានការទទួលស្គាល់ជាមួយ ពីបាល់ទាត់កាណាដា»។
COC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «គណៈកម្មាធិការអូឡាំពិកកាណាដា ឈរលើគោលការណ៍លេងដោយយុត្តិធម៌ ហើយយើងមានការភ្ញាក់ផ្អើល និងខកចិត្ត។ យើងសូមអភ័យទោសយ៉ាងស្មោះស្ម័គ្រ ចំពោះកីឡាបាល់ទាត់នូវែលសេឡង់ ដល់កីឡាករទាំងអស់ដែលរងផលប៉ះពាល់ និងដល់គណៈកម្មាធិការអូឡាំពិកនូវែលសេឡង់»។
Priestman ត្រូវបានតែងតាំងជាគ្រូបង្វឹក ក្នុងខែវិច្ឆិកា ឆ្នាំ 2020 ដើម្បីស្នងតំណែង Kenneth Heiner-Møller ហើយបានធ្វើការលើកិច្ចសន្យាវិលជុំ។ នាងបានដឹកនាំប្រទេសកាណាដាឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ 2021 ប៉ុន្តែក្រុមនេះត្រូវបានជម្រុះក្នុងពូលនៃការប្រកួតបាល់ទាត់ពិភពលោកនារីកាលពីឆ្នាំមុន។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក