លើលោកនេះមានមនុស្សច្រើនណាស់ ដែលអាចរាប់អានគ្នាជាមិត្ត តែអ្នកខ្លះមិនអាចសូម្បីរកបានមិត្តល្អម្នាក់នឹងគេ ព្រោះតែមានគុណវិបត្តិអាក្រក់ទាំង៤នេះ។ ខាងក្រោមនេះគឺជាប្រភេទមនុស្សដែលទោះជាមានលុយច្រើនប៉ុណ្ណា ក៏គ្មានថ្ងៃរកបានមិត្តជិតស្និទ្ធនឹងគេដែរ កុំថាឡើយមិត្តរាប់អានដោយចិត្ត ទោះយកលុយទៅទិញមិត្តភាពក៏ពិបាកដែរ!
១.មនុស្សឱ្យតម្លៃលើលុយពេក៖ ថ្វីត្បិតថាលើលោកនេះមនុស្សរស់នៅមិនអាចខ្វះលុយបានក៏ពិតមែន តែបើអ្នកអោយតម្លៃទៅលើលលុយជាងមនុស្ស នោះកុំថាឡើយមិត្ត សូម្បីតែមនុស្សជុំវិញខ្លួនក៏គ្មានអ្នកណាចង់នៅជិតអ្នកដែរ។ កុំដោយសារលុយ សុខចិត្តក្បត់គេឯង ព្រោះការដែលធ្វើបែបនេះជីវិតអ្នកនឹងមានលុយ តែគ្មានក្តីសុខ គ្មានអ្នកណាមករាប់ទេ។
២.មនុស្សគួរឱ្យខ្លាច៖ មានមនុស្សមួយប្រភេទដែលគ្រប់ពាក្យប្រៀបដូចជាម្ជុលចាក់ទម្លុះបេះដូងអ្នកស្តាប់ ធ្វើឱ្យអ្នកដទៃមានភាពឈឺចាប់។ មនុស្សប្រភេទដែលនិយាយមិនចេះគិតពីអារម្មណ៍អ្នកដទៃ តែងតែបង្កើតបរិយាកាសដែលបង្កឱ្យមានសម្ពាធ និងភាពមិនស្រួលសម្រាប់មនុស្សជុំវិញខ្លួន។ ពួកគេស្គាល់តែផលប្រយោជន៍ផ្ទាល់ខ្លួន ហើយសុខចិត្តធ្វើអ្វីៗដើម្បីសម្រេចគោលដៅរបស់ពួកគេ ថែមទាំងបង្អាប់អ្នកដទៃដោយពាក្យសម្តីឃោរឃៅ និងការមើលងាយទៀតផង។ សូម្បីរៀបរាប់បែបនេះក៏យល់ថាគួរឱ្យខ្លាចដែរ អញ្ចឹងហើយគ្មាននរណាម្នាក់ចង់នៅក្បែរមនុស្សបែបនេះទេ កុំថាឡើយធ្វើជាមិត្តនោះ។
៣.មនុស្សដែលគិតច្រើនពេក៖ ក្នុងសង្គមមានមនុស្សមួយប្រភេទដែលតែងតែគិតច្រើន លើសពីអ្វីដែលបានកើតឡើយ។ មនុស្សបែបនេះចូលចិត្តមើលឃើញជីវិតក្នុងផ្លូវមិនល្អ គិតតែពីរឿងអវិជ្ជមាន និងចូលចិត្តត្អូញត្អែរពីជីវិតបំផុត។ មនុស្សបែបនេះងាយធ្វើឱ្យអ្នកជុំវិញខ្លួនមានភាពធុញទ្រាន់ និងតប់ប្រមល់ ដូច្នេះហើយទើបគ្មានអ្នកណា ចង់នៅជិតប្រភេទមនុស្សបែបនេះ។
៤.រស់នៅដើម្បីតែផលប្រយោជន៍៖ បើមនុស្សយើងតែងតែដាក់ខ្លួនឯងជាមនុស្សទី១ យល់តែពីអារម្មណ៍ខ្លួនឯង ហើយទុកដទៃមិនសំខាន់ដូចខ្លួន នោះយើងងាយនឹងឈ្លក់វង្វេងនឹងភាពអាត្មានិយម។ ប្រសិនបើអ្នកតែងតែគិតថាអ្នកជាចំណុចកណ្តាលនៃរាល់ព្រឹត្តិការណ៍ទាំងអស់ ហើយព្យាយាមបង្ខំអ្នកដទៃឱ្យធ្វើអ្វីដែលអ្នកចង់បាន នោះនឹងគ្មាននរណាម្នាក់នឹងចង់នៅជិតអ្នកទៀតទេ ហើយក៏គ្មានអ្នកផ្សេងណាមកធ្វើជាមិត្តនឹងអ្នកដែរ ទោះអ្នកមានទ្រព្យហូរហៀរចាយមិនអស់ក៏ដោយ ត្រូវចាំថាមិត្តភាពមិនអាចយកលុយទៅទិញបាននោះទេ៕