បុរាណបានពោលថា ពេលជួបមនុស្សថោកទាប អ្នកត្រូវតែឆ្លាត និយាយជាមួយមនុស្សបែបនេះ អ្នកមិនគួរឈ្លោះជាមួយទេ ពោលគឺត្រូវប្រើប្រាជ្ញា។ ដូច្នេះហើយ នៅពេលដែលអ្នកជួបមនុស្សធន់ទាំងនេះ អ្នកមិនត្រូវ«ទន់ជ្រាយ» នោះទេ ទោះបីម្នាក់នោះធ្លាប់ជាមិត្តភក្តិក៏ដោយ!
ខាងក្រោមនេះជារឿងសំខាន់៣យ៉ាងដែលត្រូវចងចាំពេលជួបមនុស្សថោកទាប៖
១.មិនមានចិត្តសប្បុរសចំពោះមនុស្សបែបនេះ៖ ការមានចិត្តល្អ សប្បុរស មិនមែនជារឿងអាក្រក់នោះទេ តែសំខាន់ត្រង់ថា តើមនុស្សណាដែលយើងត្រូវប្រព្រឹត្តល្អចំពោះគេ។ ដរាបណាម្នាក់នោះមិនអោយតម្លៃអ្នក មើលងាយអ្នក និងព្យាយាមបង្កាច់បង្ខូចអ្នកនៅចំពោះមុខអ្នកដទៃ ដូច្នេះអ្នកក៏ត្រូវតបតទៅវិញដើម្បីការពារខ្លួនវិញដែរ វាគ្មានហេតុផលអីត្រូវអត់ឱន ឬ ធ្វើល្អដាក់មនុស្សបែបនេះឡើយ។
២.កុំស្លូត និងទន់ខ្សោយនៅចំពោះមុខមនុស្សកេងចំណេញ៖ ជាមួយនឹងមនុស្សដែលមើលឃើញតែប្រយោជន៍ហ៊ានក្បត់មិត្តភក្តិ ឬ បងប្អូន យើងមិនគួរបង្ហាញការភ័យខ្លាចទេ ប៉ុន្តែត្រូវមានភាពតឹងតែង និងរឹងមាំ ដូច្នេះពួកគេដឹងថាអ្នកមិនមែនជាមនុស្សដែលងាយនឹងសម្លុតបាននោះទេ។
៣.រក្សាចម្ងាយរបស់អ្នកពីមនុស្សអាក្រក់៖ កុំងាយបញ្ចេញយោបល់របស់អ្នកទៅលើជីវិតអ្នកដទៃ ហើយក៏កុំឱ្យគេដឹងរឿងសម្ងាត់ផ្ទាល់ខ្លួនរបស់អ្នកច្រើនពេក លាក់បានលាក់ខ្លះទៅ ព្រោះជីវិតនេះមើលមិនឃើញទេ ថ្ងៃនេះគេល្អជាមួយអ្នកមិនប្រាកដថាថ្ងៃក្រោយគេមិនយករឿងយើងទៅប្រាប់អ្នកដទៃនោះដែរ។ កុំឆាប់ទុកចិត្តអ្នកដទៃពេក មិនថាក្នុងឋានៈជាអ្វីក៏ដោយ បើសិនជាអ្នកមិនចង់ស្តាយទឹកចិត្តនៅពេលក្រោយ៕