ត្រីប៉ាសេអ៊ី ដែលប្រជាជនខ្មែរខ្លះបានត្រឹមតែលឺឈ្មោះ និងដឹងត្រឹមថាមានតម្លៃថ្លៃនោះ អាចលក់បានក្នុងមួយគីឡូក្រាម រហូតដល់ ៦០០ ០០០រៀល ឯណោះ។ តើត្រីប៉ាសេអ៊ី មានលក្ខណៈជីវសាស្ត្រ ជីវចម្រុះ បញ្ហាប្រឈម និងកត្តាអ្វីខ្លះ?
បើតាមការបញ្ជាក់របស់ លោក ចាន់ សុខហេង អនុប្រធានការិយាល័យស្រាវជ្រាវបច្ចេកទេសជលផល នៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប និងជាអ្នករៀបរៀងសៀវភៅ “ត្រីទឹកសាប នៅព្រះរាជាណាចក្រកម្ពុជា” បានឱ្យទីភ្នាក់ងារសារព័ត៌មានកម្ពុជាឲ្យដឹងថា ត្រីប៉ាសេអ៊ីជាប្រភេទត្រីមានស្រកា ហើយមានវត្តមានតែនៅក្នុងទន្លេមេគង្គតែប៉ុណ្ណោះ ដោយឡែកនៅកម្ពុជា វារស់នៅប្រចាំតំបន់មេគង្គលើ ក្នុងខេត្តក្រចេះ (ចាប់ពីតំបន់កាំពីឡើងទៅខេត្តស្ទឹងត្រែង) ស្ទឹងត្រែង និងរតនៈគីរី។ ត្រីប៉ាសេអ៊ីស្ថិតនៅក្នុងអម្បូរ Cyprinidae ហើយមានឈ្មោះវិទ្យាសាស្ត្រ Mekong erythrospila មានប្រវែងវែងបំផុត ៥០សង់ទីម៉ែត្រ និងមានទម្ងន់អាចដល់ ២គីឡូក្រាម។
លោកបានលើកឡើងពីវដ្តជីវិត នៃការធ្វើចរាចរចុះឡើងរបស់ត្រីប៉ាសេអ៊ីនៅក្នុងអាងទន្លេមេគង្គ នៃព្រះរាជាណាចក្រកម្ពុជា ដោយបញ្ជាក់ថាត្រីនេះធ្វើចរាចរចុះ និងឡើងទៅតាមរដូវកាល នៃរបបទឹកទន្លេ មានន័យថា នៅពេលទន្លេមេគង្គស្រក វាធ្វើចរាចរឡើងពីតំបន់កាំពីតាមដងទន្លេមេគង្គមកដល់ចំណុចប្រសព្វ នៃទន្លេមេគង្គ និងសេកុងក្នុងខេត្តស្ទឹងត្រែង។ ត្រីមួយចំនួនតូចបន្តចរាចរតាមដងទន្លេមេគង្គទៅព្រំប្រទល់ប្រទេសឡាវ និងមួយចំនួនឡើងទៅទន្លេសេកុង រួចបន្តទៅទន្លេសេសាន និងស្រែពក ចាប់ពីខែវិច្ឆិកា ដល់ខែមករា ហើយត្រីភាគច្រើនជាប្រភេទត្រីធំ។ លុះដល់ពេលទឹកទន្លេឡើង វាធ្វើចរាចរចុះពីទន្លេស្រែពក ទៅទន្លេសេសាន រួចបន្តទៅទន្លេសេកុង ហើយចុងក្រោយចុះទៅទន្លេមេគង្គ គឺចាប់ពីខែឧសភា ដល់ខែមិថុនា ដែលពេលនេះត្រីភាគច្រើនត្រីតូចជាងពេលធ្វើចរាចរឡើង ហើយត្រីនេះធ្វើចរាចរជាហ្វូង ជាមួយត្រីប៉ាភៀន ត្រីប៉ាវ៉ាមុខមួយ ត្រីក្អែក ត្រីកញ្ជ្រូក...។
ពាក់ព័ន្ធនឹងលក្ខណៈជីវសាស្រ្តរបស់ត្រីប៉ាសេអ៊ីវិញ លោក ចាន់ សុខហេង បានបង្ហាញថា ៖ “ត្រីប្រភេទនេះរស់នៅកន្លែងដែលមាន ផ្ទាំងថ្ម អន្លង់ និងទឹកជួរ ដូចជានៅទន្លេសេសាន និងទន្លេស្រែពក ជាពិសេសនៅតំបន់ស្ពានស្រែពក នៃខេត្តស្ទឹងត្រែង។ ហើយចំណីរបស់វាគឺ ស្លែ រុក្ខជាតិប្លង់តុង និងសត្វប្លង់តុង។ បើតាមការអង្កេត ត្រីប៉ាសេអ៊ីអាចពងកូន នៅខែមិថុនា ដល់ខែសីហា ដូចនេះហើយបានជាត្រីដែលចាប់បាននៅខែវិច្ឆិកា ដល់ខែមករា មានខ្លាញ់ច្រើននៅក្នុងពោះរបស់វា ហើយលក្ខណៈសម្គាល់ខ្លះៗរបស់វា មានដូចជា ព្រុយខ្នងពុំមានទ្រនុងរឹង ហើយទ្រនង់ទន់មានទាំងអស់ចំនួន ១០ទ្រនង់ គ្មានពុកមាត់ គ្មានរន្ធច្រមុះលើ ដោយឡែកបបូរមាត់លើ គ្របលើបបូរមាត់ក្រោម ដោយតភ្ជាប់ជាមួយស្បែក នៃក្តោងច្រមុះ ហើយបបូរមាត់ក្រោមមានរាងមូល”។
លោក ថាច់ ផាណារ៉ា ប្រធានមន្ទីរពិសោធន៍ នៃវិទ្យាស្ថានស្រាវជ្រាវជលផលទឹកសាប នៃរដ្ឋបាលជលផល និងជាបុរសឆ្នើមក្នុងការងារអភិរក្សទន្លេមេគង្គ បានឱ្យ AKP ដឹងផងដែរថា កាលពីចុងខែធ្នូ ឆ្នាំ២០២០ លោកបានដឹកនាំក្រុមការងារចុះទៅសិក្សាអំពីចលនាបម្លាស់ទីរបស់ត្រី និងសិក្សាអំពីទិន្នផលត្រី នៅខេត្តស្ទឹងត្រែង ហើយបានសង្កេតឃើញថា ផលស្តុកត្រីបានចាប់ផ្តើមថយចុះជាបន្តបន្ទាប់មិនថាតែត្រីប៉ាសេអ៊ី នោះទេ គឺត្រីស្ទើរតែគ្រប់ប្រភេទទៅហើយ។ កត្តាមួយចំនួនដែលធ្វើឱ្យផលស្តុកត្រីថយចុះនោះគឺ មួយផ្នែកធំដោយសារតែការអភិវឌ្ឍវារីអគ្គិសនីនៅតំបន់មេគង្គប៉ែកខាងលើ ដូចជាទំនប់ដនសាហុង និងទំបន់វារីអគ្គិសនី នៅទន្លេសេសានក្នុងប្រទេសវៀតណាម(យ៉ាលី១ យ៉ាលី២) ដែលបានធ្វើឱ្យត្រីបាត់បង់ទីជម្រក ទីកន្លែងពងកូន និងធ្វើឱ្យចរន្តទឹកហូររបស់ទន្លេមិនទៀងទាត់ ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ និងការនេសាទហួសកម្រិតដោយសារតម្រូវការត្រីនៅទីផ្សារជាដើម ដែលកត្តាទាំងអស់នេះហើយដែលធ្វើឱ្យផលនេសាទត្រីប៉ាសេអ៊ីមានការថយពីមួយឆ្នាំទៅមួយឆ្នាំ។
ក្នុងនាមជាអ្នកធ្វើការងារផ្នែកអភិរក្សផ្នែកជលផលមួយរូប លោក ថាច់ ផាណារ៉ា បានសំណូមពរដល់បងប្អូនប្រជានេសាទថា ដើម្បីធានាឱ្យមាននិរន្តរភាព និងលំនឹង នៃការប្រើផលស្តុកត្រី មិនថាត្រីប៉ាសេអ៊ី ឬត្រីកម្រដទៃទៀត ដែលជាស្បៀងមួយមិនអាចខ្វះបាននោះ ទៅថ្ងៃអនាគត។
-ទី១ សូមឱ្យប្រជានេសាទទាំងអស់ កុំដាក់លូស្បៃមុង ឬនេសាទ នៅរដូវត្រីពងកូន ចាប់ពីខែមិថុនា ដល់ខែកញ្ញា និងតំបន់ខ្លះចាប់ពីខែកក្កដា ដល់ខែតុលា ដោយឡែកសម្រាប់ត្រីប៉ាសេអ៊ី គឺចាប់ផ្តើមពងកូននៅដើមខែឧសភា ដូច្នេះបើបងប្អូនកុំទាន់នេសាទនៅពេលពួកវាពងកូន ហើយចាប់ផ្តើមដល់រដូវបើកការនេសាទវិញនោះ គឺត្រីទាំងនោះក៏ធំៗល្មម សម្រាប់នេសាទផងដែរ ហើយក៏អាចលក់បានក្នុងតម្លៃដ៏សមរម្យទៀត ដែលការគោរពច្បាប់ទាំងនេះ ក៏ជាការចូលរួមមួយផ្នែកក្នុងការងារអភិរក្សត្រី និងរក្សាផលស្តុកត្រីផងដែរ។
-ទី២ សូមកុំចាប់ត្រីមេពូជ នៅតំបន់អភិរក្ស ឬអាងទន្លេមេគង្គ ដែលមានអន្លង់ជ្រៅៗ ទី៣ សូមកុំប្រើឧបករណ៍នេសាទខុសច្បាប់ ដូចជាឆក់ គ្រាប់បែក ស្បៃមុង ហើយចំពោះការប្រើប្រាស់ស្បៃមុងនេះ គឺត្រូវអនុវត្តតាមការកំណត់ក្រឡារបស់រដ្ឋ គឺមិនតូចពេកដែលអាចជាប់ដល់ត្រីតូចៗ។ល។ ហើយការងារទាំងអស់នេះ ក៏ត្រូវការការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ ដូចជាមន្ត្រីអនុវត្តច្បាប់ មន្ត្រីផ្នែកផ្សព្វផ្សាយទៅសហគមន៍នេសាទ និងប្រជានេសាទខ្លួនឯងផងដែរ។ លោក ថាច់ ផាណារ៉ា បានបញ្ជាក់ថា ៖ “បើយើងនេសាទបាន ឬពិសាត្រីមេពូជមួយក្បាលដែលកំពុងមានពងនោះ គឺស្មើនឹងការបំផ្លាញទិន្នផលត្រីប្រមាណ១០ម៉ឺនក្បាល នៅពេលខាងមុខ”។
ពាក់ព័ន្ធនឹងតម្លៃនៅលើទីផ្សារវិញ លោក ចាន់ សុខហេង បានបញ្ជាក់ថា ត្រីប៉ាសេអ៊ី អាចលក់បានក្នុងមួយគីឡូចាប់ពី ២០០ ០០០រៀល រហូតដល់ ៦០០ ០០០រៀល ឯណោះ គឺគិតទៅតាមទម្ងន់របស់ត្រី បើសិនជាត្រីមានទម្ងន់ចាប់ពី១គីឡូគឺគិតជាប្រភេទត្រីលេខ១ ហើយអាចលក់បានក្នុងរង្វង់ ៤០០ ០០០រៀល ទៅដល់ ៦០០ ០០០រៀលឯណោះ។ លោកបានបន្ថែមថា ពិតមែនតែត្រីប៉ាសេអ៊ី អាចលូតលាស់រហូតដល់ ៥០សង់ទីម៉ែត្រ និងទម្ងន់អាចដល់ ២គីឡូក្រាម ប៉ុន្តែកម្រនឹងមានអ្នកនេសាទអាចចាប់បានត្រីប៉ាសេអ៊ី ដែលមានទម្ងន់ចាប់ពី១គីឡូក្រាម ឡើងណាស់។
ត្រីប៉ាសេអ៊ី មានរសជាតិឆ្ងាញ់ នេះបើតាមការឱ្យដឹងពីអ្នកដែលធ្លាប់ពិសា ហើយភាគច្រើន គេយកទៅស្ងោរជ្រក់។ មួយចំនួនតូចប៉ុណ្ណោះដែលគេយកទៅអាំង និងចំហុយ។ អ្នកខ្លះ គេយកទៅធ្វើផ្អក ទុកហូប ឬលក់បន្ត។ មូលហេតុចំបងនៃការនិយមយកត្រីប៉ាសេអ៊ីទៅស្ងោរជ្រក់ ព្រោះថា បន្ទាប់ពីស្ងោរជ្រក់ហើយ ទឹកនឹងមានពណ៌ក្រហម ប្រៀបដូចជាការស្ងោរបង្កងហូបដូច្នោះដែរ។
ត្រីប៉ាសេអ៊ី ស្ថិតក្នុងបញ្ជីក្រហម ដែលមានចំណាត់ថ្នាក់ជិតរងគ្រោះថ្នាក់ (Near Threatened) របស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ IUCN (International Union for Conservation of Nature) ហើយត្រីនេះត្រូវបានចុះបញ្ជីឧបសម្ព័ន្ធ១ ដែលជាពពួកត្រីស មានដូចជាត្រីគល់រាំង ត្រីរាជ ត្រីខ្លា ត្រីឆ្ពិនមាស ត្រីក្អែក ត្រីកញ្ជ្រូក ។ល។ ហើយត្រូវកំណត់ជាប្រភេទធនធានជលផល កំពុងរងគ្រោះថ្នាក់ យោងតាមអនុក្រឹត្យលេខ ១២៣ អនក្រ.បក. ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ ស្តីពីការកំណត់ប្រភេទផល ផលិតផលជលផលដែលកំពុងរងគ្រោះថ្នាក់៕
អត្ថបទ៖ទីភ្នាក់ងារសារព័ត៌មានកម្ពុជា