ចាណាង គឺជាម្ហូបជនជាតិភាគតិច ដែលគេអាចរកទទួលទានបាននៅតំបន់ដែលមានជនជាតិភាគតិចរស់នៅ ដូចជាខេត្តរតនគិរី មណ្ឌលគិរី និងស្ទឹងត្រែង។ នៅរតនគិរីអ្នកអាចរកទិញចាណាងទទួលទានបាននៅម្តុំ បឹងកន្សែង ឬកន្លែងផ្សេងៗទៀតដូចជាម្តុំពហុកីឡាដ្ឋានខេត្តរតនគិរី ប្រសិនជាមិនស្គាល់ទេ អ្នកអាចសាកសួរអ្នកដែលរស់នៅខេត្តរតនគិរីដោយផ្ទាល់តែម្តងក៏បានដែរ អ្នកណាៗក៏ស្គាល់ម្ហូបដ៏ឈ្ងុយឆ្ងាញ់មួយមុខនេះដែរ។
ចាណាងគឺជាម្ហូប ឬស៊ុបមួយមុខ ដែលយកឈ្មោះតាម ស្លឹករុក្ខជាតិចាណាងរបស់ជនជាតិភាគតិចតែម្តង ដោយគេយកបន្លែនេះមកបុកពូតយកទឹកហើយផ្អាប់ទុកប៉ុន្មានថ្ងៃ ទើបយកមកស្ងោរជាមួយនឹងបន្លែជាច្រើនមុខដូចជាទំពាំង ស្នៀតពោត រួមជាមួយនឹងសាច់គោ ឬស្បែកគោជាដើម។ ដោយវាអាចញ៉ាំជាមួយបាយសម្រាប់ទទួលទានក៏បាន ឬញ៉ាំជាមួយមីក៏បាន។ តែភាគច្រើនគេនិយមយកចាណាងមកញ៉ាំស្រុះជាមួយនឹងមីជាង។
ចាណាងថ្វីត្បិត តែរូបរាងខាងក្រៅពិបាកមើលមែន ប៉ុន្តែធាតុពិតមិនមែនបែបនោះទេ ចាណាងធ្វើមកពីស្លឹករុក្ខជាតិម្យ៉ាងដែរសម្បូរប្រូតេអុីនវាឃើញពណ៌រាងខ្មៅតិចខៀវតិចចឹងហើយព្រោះស្លឹកឈើនោះគេយកវាទៅហាលហើយបុកវារួចជញ្ចាត់យកទឹកវាយកមកស្ល ។ បើគិតទៅគេដាក់អំបិល បុីចេង ស្ករស សាច់ទំពាំង ត្រប់ ស្នៀតពោត ក្តាត សុទ្ធតែបន្លែល្អៗ ហើយវាមិនមែនដូចគេថាយកលាមកធ្វើទេ គឺខុសហើយ។ តែទាស់តែថាអ្នកធ្វើនោះធ្វើឆ្ងាញ់ ឬអត់ ទៅតាមចំណង់ចំណូលចិត្តមនុស្សម្នាក់ៗតែប៉ុណ្ណោះ។
ដូច្នេះហើយ ទៅលេងខេត្តរតនគិរី ឬខេត្តនៅភាគឦសានអី កុំភ្លេច រកម្ហូបមួយនេះទទួលទានណា ធានាថាជាប់មាត់តែម្តង!
អត្ថបទរក្សាសិទ្ធ៖ ក្នុងស្រុក