បុរសៗពេលខ្លះមិនសូវចេះយល់ចិត្តនារីដែលខ្លួនស្រលាញ់នោះទេ ហើយច្រើនតែធ្វើចេញនូវទង្វើលើស ឬកាយវិការដែលប៉ះពាល់អារម្មណ៍ដៃគូខ្លួនជាខ្លាំង។ ជាពិសេសគឺទំនាក់ទំនងជាមួយអ្នកដទៃឬនារីផ្សេងហ្នឹងតែម្តង ដែលងាយនឹងប៉ះទង្គិច នាំឲ្យកើតមានជម្លោះឬការអន់ចិត្តជារឿយៗ។
ប្រុសៗកុំចាំបាច់តែគេនិយាយ គេប្រាប់ចំៗ តែគួរមករៀនស្វែងយល់ ថាទង្វើ ៤ នេះ នារីណាក៏ចេះប្រច័ណ្ឌដែរ៖
៤) ពេលអ្នកញញឹម ប្រើក្រសែភ្នែកនិងនិយាយច្រើនទៅកាន់នារីដទៃ
យូរៗម្តងមិនអីទេ តែបើជាទម្លាប់ អ្នកឲ្យតែឃើញមនុស្សស្រីផ្សេង អ្នកញញឹមដាក់ ឲ្យភ្នែកគេ ឬទៅនិយាយសាសងច្រើននោះ ជឿទៅនារីណាក៏ខឹង ក៏ប្រច័ណ្ឌដែរ បើគេមិនខ្វល់ មានន័យថា គេពុំបានស្រលាញ់អ្នកទេ។
អ៊ីចឹងចូរប្រុងប្រយ័ត្នបន្តិច ចំពោះកាយវិការនេះ ហើយគួរតែធ្វើវានៅកម្រិតសមល្មមមួយ ពោលគឺគិតពីនារីដែលខ្លួនស្រលាញ់ឲ្យបានច្រើនផង។
៣) ពេលអ្នកនៅជាមួយសង្សារចាស់
មនុស្សប្រុសត្រូវចាំ បើមានសង្សារឬគូស្នេហ៍ច្បាស់លាស់ហើយ បើអាចកុំទាក់ទងជាមួយសង្សារចាស់ឲ្យសោះ។ ន័យនេះមិនមានន័យថា ឲ្យអ្នកទៅស្អប់ឬដើរគេចពីសង្សារចាស់ទេ តែកុំបង្កើតឲ្យក្លាយជាទំនាក់ទំនងស្អិតល្មួតបែបមិត្តភ័ក្ដិខ្លាំងពេក។ ជាទូទៅគ្មាននារីអាចទទួលយកបាន ដែលថាបុរសខ្លួនស្រលាញ់កំពុងជាមិត្តជិតដិតនឹងសង្សារចាស់ឡើយ។
២) ពេលអ្នកសរសើរស្រីផ្សេង
កុំយកស្រីមកប្រៀបធៀប ថាគេល្អអ៊ីចេះ ស្អាតអ៊ីចេះ ទោះនិយាយក្រោយខ្នង ឬនៅមុខ គឺឈឺចាប់ដូចគ្នា។ បើអ្នកចង់ណែនាំឬពន្យល់ពីចំណុចណាមួយ ត្រូវជៀសការលើកយកចំណុចអ្នកផ្សេងមកប្រៀបធៀប តែត្រូវមានសិល្បៈនិយាយឲ្យនាងយល់ ហើយមិនអន់ចិត្តនឹងអ្នក នោះទើបហៅថាបុរសឈ្លាសវៃ។
១) មិនចង់លឺអ្នកជជែកគ្នានៅពេលយប់
ពេលសម្រាក ឬពេលយប់ដែលត្រូវនិយាយ ឬជាពេលវេលាសម្រាប់ស្នេហាមនុស្សពីរនាក់ តែអ្នកបែរជាយកពេលទៅជជែកកម្សាន្ត ជាមួយមនុស្សស្រីផ្សេង នោះមិនឲ្យនាងខឹងយ៉ាងម៉េច? អ្នកត្រូវតែឲ្យតម្លៃទៅលើនារីដែលខ្លួនស្រលាញ់ជាមុន ហើយចំណាយពេលជាមួយនាង មិនមែនប្រើពេលទំនេរសម្រាប់អ្នកផ្សេងឡើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក