ជាការពិតណាស់ ម្ហូប និងបង្អែមខ្មែរជាច្រើនតាំងពីសម័យមុនរហូតដល់បច្ចុប្បន្ន ក្រៅពីមានរស់ជាតិឈ្ងុយឆ្ងាញ់ប្លែកហើយនោះ ថែមទាំងទទួលបានការពេញនិយមហូរចូលទៅក្នុងប្រទេសជិតខាងផងដែរ។
តែដោយសារតែប្រទេសយើងជួបកត្តាសង្គ្រាមរ៉ាំរ៉ៃ មុខម្ហូប និងបង្អែមមួយចំនួនត្រូវបានបាត់បង់ បំភ្លេចចោល មិនស្គាល់ឈ្មោះ ព្រោះតែកង្វះខាតឯកសារ និងការស្រាវជ្រាវផ្សេងៗ តែបែរជានំ បង្អែម និងអាហារមួយចំនួនបានត្រលប់ចូលស្រុកខ្មែរវិញ ហៅឈ្មោះទៅតាមប្រទេសដែលយកមុខម្ហូបយើងទៅកែច្នៃទៅវិញ។
នៅក្នុងនោះបង្អែមបាញ់ចានឿក ដែលហៅតាមសំនៀងភាសាវៀតណាម ត្រូវបានគេទទួលស្គាល់ថាជាបង្អែមដើមមានប្រភពមកស្រុកខ្មែរ តែត្រូវបានប្រទេសវៀតណាមកែច្នៃដាក់ជាឈ្មោះភាសាជាតិខ្លួន សូម្បីតែខ្មែរយើងបានហៅបង្អែមតាមសំនៀងវៀតណាមដែរ រហូតមិនមានកូនខ្មែរណាម្នាក់ស្គាល់ឡើយថា ភាសាខ្មែរបង្អែមនេះមានឈ្មោះអ្វី។
តែអាចជារឿងមួយគួរឱ្យសរសើរ ពេលនេះ ឯកឧត្តម ឃឹម ហ្វីណង់ ដែលជាអភិបាលស្រុកបន្ទាយស្រី បានបង្ហោះរូបបង្អែមមួយមុខនេះ ថែមទាំងបានរៀបរាប់ឈ្មោះបង្អែមនេះឈ្មោះជាភាសាខ្មែរធ្វើឱ្យកូនខ្មែរភ្ញាក់ខ្លួនថា៖ « សូមណែនាំអោយស្គាល់ “នំអង្គុញអណ្តែត” គាំទ្រទេប្រសិនបើយើងនាំគ្នាហៅនំនេះថា “នំអង្គុញអណ្តែត” ជាជាង “នំបាញ់ចានឿក” ដែលមិនមែនជាភាសាខ្មែរ។ ខ្ញុំបានជួបបងប្រុសម្នាក់ ជាចុងភៅនិងអ្នកស្រាវជ្រាវម្ហូបអាហារមួយរូបនៅបន្ទាយស្រី ហើយគាត់បានធ្វើនំអង្គុញអណ្តែតនេះអោយខ្ញុំហូប។ គាត់ក៏បានបង្ហាញពីរូបមន្តបង្អែមនេះ ដោយផ្អែកលើសៀវភៅធ្វើម្ហូបខ្មែរមួយ ដែលបានបោះពុម្ភតាំងពីឆ្នាំ១៩៤៣។ មានពេលខ្លះ សូម្បីតែចំណេះដឹងដែលមានហើយក៏ត្រូវរៀនអោយត្រូវឡើងវិញដែរ។ អរគុណសំរាប់ចំណេះដឹងមួយនេះ! ❤️ »។
ដូច្នេះក្នុងនាមជាកូនខ្មែរ សូមនាំគ្នាហៅឈ្មោះបង្អែមខ្មែរឱ្យបានត្រឹមត្រូវតាមប្រភពដើម ដើម្បីជាការអភិរក្ស និងថែរក្សាអ្វីដែលជាអត្តសញ្ញាណខ្មែរ ដោយនាំគ្នាប្តូរហៅនំបាញ់ចានឿក ទៅជានំ “នំអង្គុញអណ្តែត” វិញឱ្យបានគ្រប់គ្នា ដោយឈ្មោះនំនេះគេហៅបែបនេះដោយសារតែរាងវាដូចអង្គុញ (អង្គញ់) ហើយពេលឆ្អិនទើបវាអណ្តែត៕