ជាក់ស្តែងការយំជាដំណើរការធម្មជាតិដែលជួយអោយអ្នកបង្ហាញពីការឈឺចាប់ និងអារម្មណ៍។ ហើយវាក៏អាចជួយលាងកែវភ្នែករបស់អ្នកផងដែរ តែប្រហែលជាអ្នកមិនដឹងនោះទេថា ការយំអាចមានផលប៉ះពាល់លើស្បែក ដូចជាការយកក្រដាស់ (ឬដៃអាវរបស់អ្នក) មកជូតទឹកភ្នែក ដែលជាហេតុអាចបង្កអោយមានការរលាកលើផ្ទៃមុខ។
ម្យ៉ាងទៀត បើយោងតាមលោកស្រី Melanie Palm, MD ដែលជាគ្រូពេទ្យជំនាញខាងសើស្បែក បាននិយាយថា ការប៉ះពាល់នឹងទឹកភ្នែករយៈពេលខ្លីគឺមិនមានគ្រោះថ្នាក់នោះទេ តែការប៉ះពាល់រយៈពេលវែងអាចបណ្តាលឱ្យមានការផ្លាស់ប្តូរជាតិទឹកនៃស្បែក ឬ រលាកបន្តិចបន្តួចដោយសារតែភាពខុសគ្នានៃ កម្រិត pH រវាងទឹកភ្នែក និងស្បែក។
ចំណែកការយំដៃមកជូតទឹកភ្នែក ក៏អាចប៉ះពាល់ដល់ស្បែក បណ្តាលឱ្យរលាក ធ្វើឱ្យស្បែកឡើងខ្មៅ និងពេលខ្លះធ្វើអោយកើតមុនថែមទៀតផង ។ បើចំពោះភ្នែកវិញ គ្រូពេទ្យជំនាញបានពន្យល់ថា "នៅពេលយំ សរសៃឈាមជុំវិញភ្នែក មុខ និងច្រមុះនឹងរីកធំឡើង ជាមួយនឹងការកើនឡើងនៃលំហូរឈាម ដែលនាំឱ្យភ្នែកហើម និងឡើងក្រហម"។ ហើយដើម្បីជួយបង្រួមសរសៃឈាម និងកាត់បន្ថយរោគសញ្ញាបន្ទាប់ពីយំ គ្រូពេទ្យណែនាំឲ្យលាងមុខរបស់អ្នកជាមួយនឹងទឹកត្រជាក់ ឬ លាបជែលត្រជាក់លើត្របកភ្នែក។
លើសពីនេះទៅទៀត ការយំញឹកញាប់នឹងធ្វើឱ្យអ្នកខ្សោះជាតិទឹកតាមរយៈអេឡិចត្រូលីតដែលបាត់បង់ ហេតុនេះអ្នកគួរតែទទួលទានទឹកឲ្យបានគ្រប់គ្រាន់ លាបក្រែមផ្តល់សំណើមផងដែរ និងញ៉ាំអាហារណាដែលសម្បូរទៅដោយអេឡិចត្រូលីត៕
ប្រភព ៖ បរទេស