ជាការពិតណាស់ មនុស្សមួយចំនួន គាត់មិនចូលចិត្តជីវិតដែលប្រឡូកក្នុងសង្គមមនុស្សច្រើនឡើយ មិនចូលចិត្តភាពអ៊ូអរ មិនចូលចិត្តការដើរលេងស៊ីផឹក មានមិត្តភក្តិច្រើន រឹតតែមិនចូលចិត្តពេលចូលក្នុងចំណោមមនុស្សធំខ្ពង់ខ្ពស់ មានមុខមាត់ ជាពិសេសគឺ អ្នកមាន បុគ្គលជោគជ័យ ព្រោះពួកគេមិនចេះអែបអប មិនចេះរណប មិនចេះទ្រអ្នកណាឡើយ ជីវិតពួកគេគឺបែបស្ងប់ស្ងាត់ រស់នៅក្នុងភាពឯកជនរបស់ខ្លួន ដូច្នេះ គាត់មិនចូលក្នុងចំណោមមនុស្សច្រើនឡើយ គាត់ត្រូវរក្សាជីវិតរបស់គាត់ក្នុងពិភពស្ងប់ស្ងាត់។
តែយ៉ាងណាមិញ ក៏មានមនុស្សខ្លះ មិនមែនគាត់ចូលចិត្តបែបស្ងប់ស្ងាត់នោះឡើយ ហើយក៏មិនមែនគាត់ឫកឆ្មើងឆ្មៃ មិនរាប់អានមិត្ត មិនរាប់ញាតិនោះទេ តែព្រោះរឿងមួយចំនួន ដែលធ្វើឱ្យគាត់មិនហ៊ានប្រឡូក ឬចូលក្នុងចំណោមមនុស្សច្រើន ជាពិសេសគឺ ក្នុងរង្វង់អ្នកមាន ឬបុគ្គលជោគជ័យ ព្រោះគិតថាខ្លួនអន់ជាងគេ ខ្លួនក្រជាងគេ គ្មានទ្រព្យ គ្មានមុខមាត់ រូបសម្បត្តិមិនស្អាត មិនហ៊ឺហា មិនឆើតឆាយ មិនមានលុយដូចគេ ដូច្នេះ មិនហ៊ានចូលទៅក្បែរអ្នកណាឡើយ។
ដូច្នេះ ការចូលប្រឡូកក្នុងសង្គមនេះ ជាពិសេសក្នុងចំណោមអ្នកមានសម័យថ្មី បុគ្គជោគជ័យក្នុងពេលបច្ចុប្បន្ន ឱ្យតែអ្នកមាន ២ យ៉ាងខាងក្រោមនេះ ច្បាស់ណាស់ថា អ្នកហាក់មានឥទ្ធិពល និងកម្លាំងខ្លាំងក្លា ក្នុងការឈានជើងចូលទៅក្នុងរង្វង់សង្គមអ្នកមាន និងអ្នកជោគជ័យ ដោយមិនបាច់ភ័យខ្លាចអ្នកណារើសអើង ឬមើលអ្នកលើក្រោមនោះឡើយ។
១. លុយ
លុយមិនអាចទិញអ្វីៗគ្រប់យ៉ាងបានទេ ហើយអ្នកដែលមានលុយ ក៏មិនប្រាកដថា មានសេចក្ដីថ្លៃថ្នូរ និងមានក្ដីសុខនោះដែរ ... ប៉ុន្តែ រស់នៅក្នុងសង្គមបច្ចុប្បន្ននេះ បើអ្នកគ្មានលុយ អ្នកក៏គ្មានតម្លៃ គ្មានលុយក្នុងដៃ ទោះបីពាក្យសម្ដីមានន័យប៉ុនណា ក៏គេស្ដាប់យើងមិនចូលចិត្តដែរ លុយមិនសំខាន់ក៏ពិតមែន តែជាក់ស្ដែងការរស់នៅ គឺត្រូវការលុយជាចាំបាច់។
មនុស្សដែលមានលុយ ច្រើនតែមានឥទ្ធិពល ទឹកមាត់ក៏ប្រែ និយាយអ្វីក៏គេស្ដាប់ គេតាម មានអ្នកចាំហៃអើតាមមិនខ្វះឡើយ ដូច្នេះហើយ លុយនឹងធ្វើឱ្យមនុស្សមានភាពក្លាហាន ហ៊ានឈានជើងចូលក្នុងរង្វង់អ្នកមានៗ និងបុគ្គលជោគជ័យ ដោយភាពជឿជាក់ និងទំនុកចិត្ត ដ្បិតថា លុយមិនអាចទិញទឹកចិត្ត និងមិត្តពិតប្រាកដមែន តែមានលុយ វាក៏ល្អជាងគ្មាន មានលុយ យើងក៏ហ៊ាននិយាយ ហ៊ានបញ្ចេញមតិទៅកាន់អ្នកដទៃដែរ។
តែទោះជាយ៉ាងណាក៏ដោយ បើអ្នកមានតែលុយ តែខ្វះគុណធម៌ ខ្វះការអប់រំ លុយនឹងធ្វើឱ្យអ្នកក្លាយជាអ្នកមានតែល្ងង់ខ្លៅ ឬជាអ្នកមានដែលថោកទាបបំផុត មនុស្សដែលខ្វះការអប់រំ ការគុណធម៌ សីលធម៌ បើកាលណាមានលុយកាន់ច្រើន ក៏ច្រើនតែព្រហើន ឈ្លើយ ក្រអឺតក្រទម មើលងាយអ្នកថ្នាក់ក្រោម លែងគោរពអ្នកថ្នាក់លើ នេះសរបញ្ជាក់ឱ្យឃើញថា បុគ្គលនេះ បានក្លាយជាទាសករ ឬក៏ជាកញ្ជះលុយបាត់ទៅហើយ។
ដូច្នេះហើយ លុយអាចឱ្យអ្នកហ៊ានឈានជើងចូលក្នុងរង្វង់មនុស្សជោគជ័យ សេដ្ឋី អ្នកមានស្ដុកស្ដម្ភ ខ្ពង់ខ្ពស់ តែបើអ្នកប្រើលុយក្នុងទម្រង់ខុស លុយនោះ នៅតែមិនអាចឱ្យអ្នកក្លាយជាអ្នកខ្ពង់ខ្ពស់ថ្លៃថ្នូរបានឡើយ មានតែធ្វើឱ្យអ្នកដទៃគេស្អប់ គេជ្រេញ ហើយលុយដែលអ្នកមាន នឹងធ្វើឱ្យអ្នកទទួលបានតែភាពក្លែងក្លាយ សូម្បីតែមិត្តភាព ក្ដីស្រឡាញ់ ក៏ក្លែងក្លាយដែរ។ ដូច្នេះហើយ ចូរប្រើលុយឱ្យបានត្រឹមត្រូវ ធ្វើជាអ្នកមានដែលថ្លៃថ្នូរ ទើបទទួលបានការគោរពស្រឡាញ់ពិតប្រាកដពីមនុស្សនៅជុំវិញខ្លួន។
២. ចំណេះដឹង
បុគ្គលដែលមានចំណេះដឹង នឹងធ្វើឱ្យពួកគេក្លាហាន ហ៊ាននិយាយ ហ៊ានធ្វើ ហើយអ្វីដែលពួកគេនិយាយ អ្វីដែលពួកគេធ្វើ គឺសុទ្ធតែជាភាពច្បាស់លាស់ ពិតប្រាកដ និងពោរពេញដោយសេចក្ដីថ្លៃថ្នូរ ខ្ពង់ខ្ពស់ ព្រោះមនុស្សដែលចេះដឹងពិតប្រាកដ គេដឹងអ្វីដែលគួរនិយាយ អ្វីដែលគួរធ្វើ មិនមែនចេះតែប៉ាតណាប៉ាតណី និយាយស្ដីមិនដឹងខុសត្រូវ ក្បាលកន្ទុយ ព្រហើននោះឡើយ។
អ្នកចេះដឹង នឹងហ៊ានបោះជំហានចូលទៅក្នុងរង្វង់មនុស្សខ្ពង់ខ្ពស់ អ្នកជោគជ័យ ដោយសារតែចំណេះដឹងដែលគេមាន គេក៏ហ៊ាន គេឆ្លាត ដូច្នេះ គ្មានអ្នកណាអាចបោប្រាស់ និងមើលងាយគេបានទេ មនុស្សមានចំណេះ រមែងទទួលបានការស្ញប់ស្ញែង និងការគោរពពីអ្នកដទៃ អ្នកចេះដឹងពិត ចរិតថ្លៃថ្នូរ ដូច្នេះ គ្មានអ្នកណាហ៊ានបំពានលើគេបានឡើយ។
តែយ៉ាងណាក៏ដោយ ក៏មានមនុស្សខ្លះដែលមានចំណេះក៏ពិតមែន តែជាក់ស្ដែង ចរិតអន់ រៀនបានខ្ពស់ខ្លាំងពេក បែរជាព្រហើន ឈ្លើយ គ្មានសីលធម៌ មិនស្គាល់ចាស់ស្គាល់ទុំ អាងខ្លួនរៀនបានច្រើន បែរជាមើលងាយអ្នករៀនបានតិច មើលលែងឃើញតម្លៃនៃភាពជាមនុស្សរបស់អ្នកដទៃ នេះគេហៅថា បុគ្គលមានចំណេះ តែមារយាទសន្ដានអន់ មនុស្សបែបហ្នឹង ទោះអាចចូលក្នុងសង្គមគេបាន ក៏គ្មានតម្លៃឱ្យគេគោរពនោះដែរ៕
អត្ថបទ ៖ លីម បញ្ញា / Knonsgrok
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក