ឆ្មា ត្រូវគេដឹងថាមិនមែនគ្រាន់តែជាសត្វចិញ្ចឹមក្នុងស្រុក ដែលសម្រាប់កម្ចាត់សត្វកណ្តុរ និងធ្វើជាមិត្តរបស់មនុស្សតែប៉ុណ្ណោះទេ ប៉ុន្តែប្រសិនបើយើងក្រឡេកមើលទៅលើទេវកថា និងជំនឿរបស់ពិភពលោកបុរាណ ជាពិសេសនៅក្នុងវប្បធម៌អេហ្ស៊ីប យើងនឹងឃើញថា ឆ្មាមានសារៈសំខាន់ណា់ ហើយត្រូវបានចាត់ទុកជាព្រះទៀតផង។ នៅពេលសត្វឆ្មាស្លាប់ ពួកវាត្រូវស្លាប់ និងគោរពបូជាដូចមនុស្សដែរ។
តើឆ្មាមានសារៈសំខាន់យ៉ាងណាចំពោះជនជាតិអេស៊ីបបុរាណ? នេះគឺជាការពិតគួរឱ្យចាប់អារម្មណ៍មួយចំនួនអំពីសត្វឆ្មានៅក្នុងទេវកថានិងវប្បធម៌អេហ្ស៊ីប៖
១. មានភ័ស្តុតាងបង្ហាញថា ជនជាតិអេហ្ស៊ីបអាចជាប្រទេសដំបូងគេដែលចិញ្ចឹមឆ្មានៅប្រហែលជា 1,000 មុនគ.ស. (ឬជាង 3,000 ឆ្នាំមុន)។ ដោយសារតែប្រទេសអេហ្ស៊ីបមានភាពរីកចម្រើនខាងកសិកម្មនៅជ្រលងភ្នំនីលដែលមានជីរជាតិ សត្វឆ្មានៅក្នុងប្រទេសអេហ្ស៊ីបត្រូវល្បីថាជាសត្វដែលអាចកម្ចាត់សត្វកណ្តុរបំផ្លាញដំណាំយ៉ាងពូកែ រហូតល្បីទៅដល់ប៉ែកអឺរ៉ុប ដោយសត្វឆ្មាត្រូវបានគេនាំដាក់ទៅក្នុងកប៉ាល់ឈ្មួញដើម្បីចាប់សត្វកណ្តុរផងដែរ។
២. មូលហេតុដែលជនជាតិអេហ្ស៊ីបគោរពបូជាសត្វឆ្មា ដោយសារតែពួកគេកោតសរសើរចំពោះទេពកោសល្យ ភាពវៃឆ្លាត និងភាពរហ័សរហួន ក្នុងការក្លាយជាអ្នកប្រមាញ់ពីធម្មជាតិ។ ជាពិសេសការប្រមាញ់កម្ចាត់សត្វកណ្ដុរ ពស់ សត្វល្អិត និងសត្វបំផ្លាញជាច្រើនផ្សេងៗ ដែលអាចនាំគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនៅពេលនោះ។
៣. ព្រះឆ្មា ឬ អទិទេព នៅសម័យអេហ្ស៊ីបមានឈ្មោះថា Bast ឬ Bastet គឺជាអទិទេពមួយអង្គ ដែលមានរាងកាយជាមនុស្សស្រី ប៉ុន្តែមានមុខគឺជាសត្វឆ្មា។
៤. នៅពេលដែលមានសត្វឆ្មាស្លាប់ គេក៏ត្រូវធ្វើពិធីសាសនាឆ្មាអេហ្ស៊ីបដែរ ដោយសត្វឆ្មាត្រូវគេធ្វើឱ្យក្លាយជាម៉ាំមី មានទីបញ្ចុះសព និងមានមឈូសឆ្មាទៀតផង។
៥. នៅពេលដែលមានសត្វឆ្មានៅក្នុងផ្ទះស្លាប់ ម្ចាស់ឆ្មានឹងកោររោមចិញ្ចើម ដើម្បីបង្ហាញពីទុក្ខព្រួយ និងការកាន់ទុក្ខ។
៦. នៅពេលដែលឆ្មាស្លាប់ ប្រជាជនអេស៊ីបតែងតែកសាងរូបសំណាកឆ្មា។ ដោយសពសត្វឆ្មាត្រូវបានមនុស្សជំនាន់នេះគេធ្វើកោសល្យវិច័យថា ត្រូវបានគេយកទៅដាក់ក្នុងមឈូសរាងដូចឆ្មា និងកប់នៅក្នុងផ្នូររបស់ឆ្មាជាពិសេស ។ ពេលខ្លះគេធ្វើរូបសំណាកដោយស្រោបលើសាកសពឆ្មា ហើយជួនកាលនៅពេលដែលឆ្មាស្លាប់ គេក៏បានសាងសង់ប្រាសាទដ៏ធំមួយសម្រាប់ឆ្មាផងដែរ។
៧. រូបសំណាកសត្វឆ្មា និងម៉ាំមីសត្វឆ្មា ត្រូវបានគេប្រមូលយកមកដាក់តាំងបង្ហាញនៅសារមន្ទីរអង់គ្លេសទៀតផង ( British Museum) ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក