- រវាងការងារ និងការដើរលេងសប្បាយ អ្នកនឹងសុខចិត្តបោះបង់ការដើរលេងសប្បាយ ដោយជ្រើសយកទំនួលខុសត្រូវក្នុងការបំពេញការងារជាដាច់ខាត។ ទោះចង់ ឬមិនចង់ អ្នកក៏ត្រូវបោះបង់ការដើរលេងសប្បាយមួយពេលចោលដែរ!
- រវាងស្នេហា និងការរកលុយ អ្នកប្រាកដជាត្រូវសម្រេចចិត្ត ទុកស្នេហាទៅមួយឡែក ដើម្បីស្រវាចាប់យលឱកាសរកលុយជាមុនសិន ព្រោះអ្នកដឹងថា បើមានស្នេហា តែគ្មានលុយ ស្នេហាក៏មិនគង់វង្ស ហើយក៏គ្មានក្ដីសុខ។ តែបើមានលុយហើយ ស្នេហាទៅថ្ងៃមុខ ក៏អាចបានល្អ បើទោះបីជាគេនិយាយថា ស្នេហា មិនខ្វល់រឿងលុយក៏ពិតមែន តែជាក់ស្ដែងស្ថានភាពពិត គ្មានលុយ គឺគ្មានស្នេហាយូរអង្វែងឡើយ!
- រវាងការជួបជុំស៊ីផឹក មិត្តភក្តិ បនភឿន និងការសម្ងំគេងនៅក្នុងបន្ទប់ បន្ទាប់ពីធ្វើការហត់ អ្នកប្រាកដជាជ្រើសយកគ្រែគេងជាកន្លែងសុខស្រួលហើយ ព្រោះអ្នកដឹងថា ធ្វើការហត់ពេញមួយថ្ងៃ គ្មានអ្វីដែលមានក្ដីសុខ ជាងការដែលបានត្រឡបយចូលផ្ទះ ញ៉ាំបាយ ងូតទឹក ហើយគេងឱ្យបានលក់ស្រួលនោះទេ។ ហើយពេលចេញក្រៅ ស៊ីផឹក ខាតទាំងពេល អស់ទាំងលុយទៀត!
- រវាងការស្រែកតវ៉ា ឡូឡា ពន្យល់ហេតុផល រកយុត្តិធម៌ និងការរក្សាភាពស្ងៀមស្ងាត់ បណ្ដោយឱ្យគ្រប់យ៉ាងទៅតាមដំណើរ អ្នកណា អ្នកណាយល់ឃើញបែបណាក៏បែបហ្នឹង អ្នកច្បាស់ជាជ្រើសយកភាពស្ងៀមស្ងាត់ ដោយមិននិយាយអ្វីទាំងអស់ ព្រោះអ្នកហត់នឹងបកស្រាយ អ្នកនឿយនឹងពន្យល់ឱ្យអ្នកដទៃមកយល់ពីអ្នក ហើយអ្មកក៏ជឿថា បើគេស្គាល់អ្នក ជឿជាក់លើអ្នក មិនថាមានរឿងអ្វី ទោះបីអ្នកមិននិយាយ ក៏គ្រប់គ្នានៅតែយល់ពីការដែរ!
- ប្រសិនបើពេលនេះ អ្នកមានអាយុ ២០ឆ្នាំ ទុកពេលវេលាបន្តិច ៥ ឆ្នាំខាងមុខ អ្នកនឹងប្រែជាមនុស្សថ្មីម្នាក់ផ្សេងទៀត ដែលនឹងប្លែកពីអ្នកក្នុងពេលនេះ។
- ប្រសិនបើពេលនេះ អ្នកជាមនុស្សចិត្តក្ដៅ ឆេវឆាវ តែងតែចង់ឈ្នះអ្នកដទៃ ៥ឆ្នាំខាងមុខ អ្នកនឹងប្រែជាមនុស្សស្ងប់ស្ងៀម មិនថាមានរឿអ្វីទេ អ្នកសុខចិត្តជ្រើសយកភាពស្ងៀមស្ងាត់ ជំនួសឱ្យការឈ្នះអត់ប្រយោជន៍។
- ប្រសិនបើពេលនេះ អ្នកកំពុងតែឈ្លក់វង្វេង ត្រេកត្រអាលនឹងរបស់ប្រេនៗ សម្ភារនិយម ៥ឆ្នាំខាងមុខ អ្នកច្បាស់ជាលែងខ្វល់ពីរបស់អស់ទាំងនេះហើយ មាន ឬគ្មានវាជារឿងធម្មតា អ្វីដែលសំខាន់ អ្នកត្រូវផ្ដោតលើការងារ ខំប្រឹងរកលុយ ទិញឡាន ទិញផ្ទះ មានទ្រព្យធំជាប់ខ្លួនទើបមានតម្លៃ។
- ប្រសិនបើពេលនេះ អ្នកជាមនុស្សដែលពូកែខឹង អន់ចិត្ត គិតច្រើនផ្ដេសផ្ដាស តូចចិត្តតូចថ្លើម ហើយចេះតែតាមទ្រអ្នកនេះ ផ្គាប់ចិត្តអ្នកនោះ ៥ឆ្នាំខាងមុខ អ្នកនឹងប្រែទៅជាមនុស្សដែលលែងខ្វល់ដល់រឿងទាំងនេះ រាប់បានរាប់ រាប់មិនបានក៏ហី សំខាន់ ខ្វល់ពីខ្លួនឯងជាង។
- ប្រសិនបើពេលនេះ អ្នកកំពុងតែងប់ងល់ ឈ្លក់វង្វេងនឹងការត្អូញត្អែរ ដ្រាម៉ាអត់ប្រយោជន៍ ៥ឆ្នាំខាងមុខ អ្នកប្រាកដជាលែងខ្វល់ដល់រឿងទាំងនេះហើយ ត្អូញធ្វើអី គ្មានបានអីទេ។
ពេលវេលាចេះតែរំកិលទៅមុខ គ្រប់យ៉ាងប្រាកដជាប្រួលប្រែ អ្នកពេលនេះ មិនដូចពេលមុន ហើយទៅថ្ងៃមុខ ក៏មិនដូចថ្ងៃនេះដែរ គ្រប់យ៉ាងនឹងប្រែទៅជាប្រសើរ បើអ្នកទន់ជ្រាយ នឹងក្លាយជាមនុស្សរឹងមាំ ចេះត់ធ្មត់ ចេះស៊ូទ្រាំ ហើយក៏ចេះអត់ឱនកាន់តែច្រើន។ ពេលដែលអ្នកហត់នឿយនឹងរឿងត្អូញត្អែរ ហត់នឿយនឹងរឿងខូចចិត្ត អ្នកនឹងប្រែទៅជាមនុស្សដែលស្ងៀមស្ងាត់ ចេះត្រិះរិះពិចារណា មានចិត្តទូលាយ លែងដាក់ចិត្តប្រកាន់ចំពោះអ្វីទាំងអស់ ជាពិសេស មនុស្សដែលនៅជុំវិញអ្នក៕
អត្ថបទ ៖ pHknongsrok / Knongsrok
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក