តំណែងរបស់អ្នកចាត់ការលោក Ole Gunnar Solskjaer ទំនងជានឹងត្រូវបានសម្រេចដកចេញ ក្នុងពេលដ៏ខ្លីខាងមុខ ក្រោយបន្តបរាជ័យស្ពឹកមុខក្រោមលទ្ធផល ១-៤ ទល់ Watford កាលពីយប់ថ្ងៃសៅរ៍។
វាកំពុងធ្វើឲ្យតំណែងរបស់ Ole ហាក់ក្តៅគគុក ហើយមតិជាច្រើនរំអុកចង់ឲ្យក្លឹបយកគ្រូថ្មី ជា Zinedine Zidane។ តែយ៉ាងណាសម្រាប់ការយល់ឃើញរបស់ Park Ji-sung គឺបានមើលឃើញផ្សេង ហើយបែរជានិយាយឈ្មោះអតីតមិត្តរួមទ្រនំកាលនៅ United ផ្ទាល់ ទាំងជាមួយជំនាន់ Cristiano Ronaldo ផង នោះគឺ Wayne Rooney ឲ្យមកដឹកនាំបន្ត។
ប្រាប់សារព័ត៌មាន GOAL អតីតកីឡាករកូរ៉េខាងត្បូង Park និយាយ៖ "ខ្ញុំជឿជាក់លើ Wayne [Rooney] ថាគាត់អាចធ្វើបាន គាត់មានបទពិសោធន៍តាំងតែពីនៅក្មេងខ្ចី គាត់ឆ្លងកាត់បញ្ហានិងការលំបាកច្រើនមកហើយ ដោយគួបផ្សំនឹងភាពជាអ្នកដឹកនាំរបស់គាត់ផង ដូច្នេះគាត់អាចក្លាយជាអនាគតនៃអ្នកចាត់ការ United"។
គួរបញ្ជាក់ថា Rooney បច្ចុប្បន្នកំពុងជាប់កុងត្រានៅក្លឹប Derby County នាមជាអ្នកចាត់ការ ដែលសេសសល់សុពលភាពកុងត្រាដល់ចុងខែមិថុនា ឆ្នាំ ២០២៣។ នៅរដូវកាល ២០២១/២២ លោកដឹកនាំក្លឹប ១៩ ប្រកួត ឈ្នះ ៤ ស្មើ ៩ ចាញ់ ៦ ជាលទ្ធផលមិនសូវល្អប៉ុន្មាននោះទេ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក