លោក Antonio Conte អ្នកចាត់ការថ្មី ក្លឹប Tottenham Hotspur បានធ្វើការព្រមានទៅកាន់កីឡាករក្នុងក្រុម លេងនៅតំណែងបម្រើគឺ Tanguy Ndombele ថាត្រូវតែខិតខំឲ្យបានខ្លាំង ជាងកីឡាករណាទាំងអស់ ប្រសិនចង់ជោគជ័យនៅក្លឹប។
បុរសវ័យ ២៤ ឆ្នាំ ប្រហែលជាគ្នាយើងមិនភ្លេចនោះទេ ដែលគេបានផ្ទេរចេញពីក្លឹប Lyon មកកាន់ Spurs នៅតម្លៃខ្លួន ៥៣,៨ លានផោនកាលពីឆ្នាំ ២០១៩។ យ៉ាងណា Conte និយាយបែបនេះថា៖ "ខ្ញុំបានឃើញអ្នកចាត់ការជាច្រើនជួបបញ្ហានៃការប្រើប្រាស់ Ndombele ដោយជាការពិត គេជាកីឡាករមានគុណភាព តែទន្ទឹមគ្នានោះ គេក៏ត្រូវយល់ច្បាស់ពីរបៀបដែលគេអាចមកចូលលេងបានដែរ"។
លោកបន្ត៖ "ខ្ញុំគិតថា វាសំខាន់ណាស់ដែលយើងត្រូវដឹងថា តំណែងរបស់យើងត្រូវធ្វើបែបណាខ្លះ ជារួមយើងខិតខំខ្លាំងជាមួយ Ndombele ហើយខ្ញុំក៏គិតថាគេត្រូវតែខិតខំខ្លាំងជាងកីឡាករណាទាំងអស់ក្នុងក្រុមដូចគ្នា ដូចខ្ញុំនិយាយអ៊ីចឹង គេមានទេពកោសល្យ តែក្រុមរបស់យើងមិនមែនមានកីឡាករតែម្នាក់ទេ ដូច្នេះគេត្រូវតែចេះពីរបៀបប្រើប្រាស់ទេពកោសល្យដែលខ្លួនមាន"។
គួរបញ្ជាក់ថា កីឡាករបារាំងនៅរដូវកាល ២០២១/២២ គេមិនសូវបានលេងជាប់លាប់នោះទេ ដោយបង្ហាញខ្លួន ១១ ប្រកួត រកបាន ២ គ្រាប់ តែគិតចំនួននាទីឈរជើងសុទ្ធ បានតែជាង ៦០០ នាទី ធៀបនឹងកីឡាករសកម្មឯទៀត ចូលដល់ជាង ១ ពាន់នាទី៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក