ក្រុមជម្រើសជាតិព័រទុយហ្គាល់ ប្រសិនជាអាចរក្សាត្រឹមលទ្ធផលស្មើនៅជុំទី ១០ នៃវគ្គជម្រុះបឋមកាលពីថ្ងៃមុន ទល់ស៊ែប៊ី ក៏ពួកគេអាចឡើងទៅកាន់ប្រកួតផ្លូវការ World Cup 2022 ដែរ តែបែរជាភ្លាត់ចាញ់បាល់ចុងម៉ោង នៅនាទី ៩០ ក្រោមលទ្ធផល ១-២ នាំឲ្យពួកគេត្រូវធ្លាក់ទៅលេងនៅវគ្គ Play-off ជាក្តីសង្ឃឹមចុងក្រោយ។
ពេលនោះគេឃើញ Ronaldo មានការបាក់ទឹកចិត្តជាខ្លាំង ហើយក៏បង្ហាញអារម្មណ៍ខឹងសម្បាជាពន់ពេកផងដែរ ហើយគេឃើញសមាជិកក្រុមស៊ែប៊ី កីឡាករ Nemanja Radonjic ក៏បានដើរទៅលួងលោមនិងនិយាយពាក្យមួយចំនួនដាក់កីឡាករព័រទុយហ្គាល់។
បើតាមការទម្លាយប្រាប់សារព័ត៌មាន Telegraf លោក Radonjic និយាយថា៖ "វាពិតជាពិបាកក្នុងការផ្តោតទៅការប្រកួតនានាទីចុងក្រោយ ហើយវាក៏ពិតជារីករាយការដែលយើងឈ្នះ សូម្បីតែខាងក្រុមគូប្រជែង ដែលអង្គុយបម្រុង ក៏ពួកគេបង្ហាញការអបអរដល់យើងដែរ ហ្នឹងហើយទើបជាចរិតពិតរបស់កីឡាករ"។
លោកបន្ថែម៖ "បរិយាកាសពេលនោះ គឺយើងទៅចូលរួមការប្រកួតជាមួយជំនឿជាក់ថានឹងទទួលបានជ័យជម្នះ ម្នាក់ៗសុទ្ធតែមានការជឿជាក់បែបហ្នឹង ហើយក្រោយចប់ការប្រកួត ខ្ញុំបានដើរសំដៅទៅ Ronaldo និងនិយាយប្រាប់គាត់ថា ឲ្យងើបមុខឡើង អ្នកធ្វើបានល្អបំផុតហើយ កុំមានអារម្មណ៍អាម៉ាស់នឹងប្រកួតសារនេះអី"៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក