កាលជំនាន់លើកដំបូងលេងនៅក្លឹប FC Barcelona សម្រាប់ខ្សែការពារស្លាប Dani Alves ធ្លាប់ឆ្លងកាត់ការប្រើប្រាស់អាវលេខ ២០ លេខ ២ និង លេខ ៦ ហើយមកចូលរួមជាថ្មីសារនេះ ក៏ទទួលបានលេខអាវថ្មីមួយទៀត ព្រោះលេខអាវចាស់សុទ្ធ តែមានម្ចាស់អស់ហើយ។
នោះគឺអាវលេខ ៨ ដែលជាលេខអាវចាស់របស់ Miralem Pjanic ក្រោយគេខ្ចីជើងទៅលេងនៅក្លឹបក្នុងប្រទេសទួរគី វាក៏បានក្លាយជាលេខទំនេរ គ្មានអ្នកស្នង។ តែនេះក៏ជាលេខអាវចាស់របស់ Andres Iniesta និង Hristo Stoichkov ធ្លាប់ជាអតីតវីរបុរសប្រចាំក្លឹបផងដែរ។
យ៉ាងណាសម្រាប់ បុរសវ័យ ៣៨ ឆ្នាំ អាវលេខ ៨ ក៏គេធ្លាប់ប្រើម្តងដែរក្នុងអាជីព នោះគឺកាលនៅក្លឹប Sevilla។ Alves សរសេររៀបរាប់ជុំវិញការទទួលអាវលេខថ្មីបែបនេះថា៖ "នេះបង្ហាញពីការគោរព ពីខ្ញុំទៅកាន់អ្នក Iniesta និង Hristo Stoichkov សូមអរគុណចំពោះការអនុញ្ញាតឲ្យខ្ញុំអាចប្រើប្រាស់លេខអាវប្រវត្តិសាស្រ្តមួយនេះ តែវាក៏ជាលេខអាវដំបូងរបស់ខ្ញុំកាលនៅក្លឹប Sevilla ដូចគ្នា"។
គួរបញ្ជាក់ថា Alves គេមករួមក្លឹប Barcelona លើសុពលភាពកុងត្រាតែកន្លះរដូវកាល ឬ ៦ ខែប៉ុណ្ណោះ។ គេមានសិទ្ធចូលរួមជួយក្លឹប លើទីលានប្រកួត ចាប់ពីថ្ងៃទី ១ មករា ឆ្នាំ ២០២២ ឬការបើកទ្វារទីផ្សារដោះដូររដូវរងាតទៅ៕
ប្រភព៖ AF